ដោយៈ អង្គរតូច / សៀមរាបៈ កម្លាំងអាវុធហត្ថ ខេត្តសៀមរាប សហការជាមួយ អាវុធហត្ថខេត្តស្ទឹងត្រែង បានចាប់ខ្លួនបុរស បីនាក់ នាថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ ២០២១ នៅចំណុចគល់ស្ពានមេគង្គ ស្ថិតក្នុងភូមិវអូរត្រែល ឃុំថាឡាបរិវ៉ាត់ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង និងដកហូតថ្នាំញៀន ប្រភេទម៉ាទឹកកក ជាងមួយ គីឡូក្រាម។
ប្រភព បានបន្តថាៈ កម្លាំងការិយាល័យ ប្រឆាំងគ្រឿងញៀន ខេត្តសៀមរាប សហការជាមួយ កម្លាំងភពអាវុធហត្ថ ខេត្តស្ទឹងត្រែង ដឹកនាំមដោយលោក វរសេនីយ៍ត្រី ធាវ ច័ន្ទតារា នាយការិយាល័យ ប្រឆាំងគ្រឿងញៀន នៃអាវុធហត្ថ ខេត្តសៀមរាប។ ការបង្ក្រាបនេះ ឃាត់បានមនុស្ស ៣ នាក់គឺៈ ទី១.ឈ្មោះ ឃន ធារ៉ា ភេទប្រុស អាយុ ៤២ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ រស់នៅភូមិអញ្ចាញ សង្កាត់នគរធំ ក្រុងសៀមរាប។ ទី២.ឈ្មោះ ម៉ៃ ថៃ ភេទប្រុស អាយុ ៣២ ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើស្រែ រស់នៅភូមិវត្តកោះកី ឃុំកោះស្នែង ស្រុកអូស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ ទី៣.ឈ្មោះ ផិត ផៃមុន្នី ភេទប្រុស អាយុ ២១ ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើស្រែ រស់នៅភូមិគីឡូ៨ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។
ប្រភព បានបន្តថាៈ ក្នុងពេលចាប់ខ្លួន ដកហូតវត្ថុតាងថ្នាំញៀន ម្សៅក្រាមពណ៌ ចំនួន ៣ កញ្ចប់ទម្ងន់ ១.០៨២,៧០ ក្រាម ទូរស័ព្ទដៃ ចំនួន ៣ គ្រឿង ធ្វើតេស្តទឹកនោម ទាំង ៣ នាក់ (វិជ្ជមានចំនួន ១ នាក់ អវិជ្ជមាន ២ នាក់ )។ បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង កំពុងបន្តនីតិវិធី៕/V