​ដោយ​:​ច្រាយ ចំណាន​/​ភ្នំពេញៈ ការសាងសង់​ស្ពាន​ត​ភ្ជាប់​រវាងផ្លូវ​ជាតិ​លេខ​៥ និង​ទីក្រុង​រណប​ជ្រោយចង្វារ​សម្រេចបាន​ប្រមាណ​៣០​ភាគរយ​ហើយ រហូតមកទល់​ពេលនេះ ខណៈដំណើរ​ការសាងសង់​កំពុង​ប្រព្រឹត្ត​ទៅដោយ​រលូន​។​

​អគ្គនាយករង​ក្រុមហ៊ុន​OCIC លោក​ទូច សំណាង​បាន​មានប្រសាសន៍​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​នា​រសៀល​ថ្ងៃទី​៥ ខែកុម្ភៈ​ថា ដំណើរការ​សាងសង់​ស្ពាន​បាន បាន​វិវត្តន៍​ទៅមុខ​តាម​ការគ្រោងទុក ដោយ​មិនមាន​ការពន្យា​ពេល​នោះទេ ព្រោះ​ក្រុមការងារ​ជំនាញ​កំពុងធ្វើការ​ងារ​នេះ​យ៉ាងសកម្ម ដែល​រហូត​មកទល់ពេលនេះ តាម​ការប៉ាន់ស្មាន​ដំណើរការ​សាងសង់​សម្រេចបាន​ប្រមាណ​៣០​ភាគរយ​ហើយ​។​

​លោក​បន្តថា “​តាម​ការ​ស្មាន ខ្ញុំ​គិតថា​ស្ពាន​នេះ​សម្រេចបាន​៣០​ភាគរយ​ហើយ ព្រោះ​ពេលនេះ​សរសរ​ស្ពាន​បាន​ផុស​ចេញពី​ទឹក​ហើយ​”​។​

​ស្ពាន​នេះ​ជា​ប្រភេទ​ស្ពាន​សាងសង់ យោង​ដោយ​ខ្សែកាប​នេះ នឹងមាន​ប្រវែង​ជាង​៥០០​ម៉ែត្រ និង​ចំណាយ​ថវិកា​សាងសង់​៣៥​លាន​ដុល្លារ​អាមេរិក ដែល​បានមកពី​គំរោង​ជួល​ដី​ទីក្រុង​រណប​ជ្រោយចង្វារ​របស់​រដ្ឋាភិបាល​ដល់​ក្រុមហ៊ុន​OCIC​។​

​លោក​បណ្ឌិត វ៉ាន់ វ៉ាត អ្នក​ឯក​ទស​ផ្នែក​នគរូបនីយកម្ម​បាន​ថ្លែងថា ការសាងសង់​ស្ពាន​វា​ជា​ជម្រើស​ល្អប្រសើរ​មួយ ដើម្បី​កាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍ ព្រោះ​វា​ផ្តល់​ជម្រើស​កាន់តែច្រើន​សម្រាប់​ប្រជាពលរដ្ឋ​ធ្វើដំណើរ​។​
​លោក​បន្តថា “​តំបន់​នេះ​មាន​ចរាចរណ៍​មមាញឹក ហេតុនេះ​ការសាងសង់​ស្ពាន​ថ្មី​បន្ថែមទៀត ពិតជា​អាចជួយ​ដោះស្រាយ​បញ្ហា​កកស្ទះ​ចរាចរណ៍​នៅ​តំបន់​នេះ​បាន​”៕​