ប្រែសម្រួលៈវាសនា/យ៉ាងហ្គោន៖សិស្សនិងគ្រូបង្រៀនរាប់រយនាក់នៅសកលវិទ្យាល័យមួយនៅមីយ៉ាន់ម៉ា កាលពីថ្ងៃសុក្របានធ្វើការប្រឆាំងតវ៉ា នៅពេលយោធាពង្រីកសំណាញ់ចាប់មន្ត្រីដែលត្រូវបណ្តេញចេញពីអំណាចនៅក្នុងរដ្ឋប្រហារមួយដែលបង្កការថ្កោលទោសជាអន្តរជាតិ និងការគំរាមដាក់ទណ្ឌកម្ម។
ការជួបជុំតវ៉ាបានកើតឡើងបន្ទាប់ពីការចាប់ខ្លួនលោក វីន អេចទីន ជំនួយការជិតស្និទ្ធរបស់មេដឹកនាំស៊ីវិលអ៊ុង សាន ស៊ូជី ដែលត្រូវបានឃាត់ខ្លួនកាលពីថ្ងៃចន្ទ ជាមួយប្រធានាធិបតី វីន មីយីនត៍។
សិស្សនិស្សិតប្រមាណ២០០នាក់ នៅសកលវិទ្យាល័យដាហ្គុននៅក្រុងយ៉ាងហ្គោនបានធ្វើការជួបជុំមួយ ដោយពួកគេលើម្រាមដៃ៣ ដូចគ្នានឹងការតវ៉ាទាមទារលទ្ធិប្រជាធិបតេយ្យនៅថៃ និងបានច្រៀងបទចំរៀងបដិវត្តន៍ពេញនិយមមួយ។
សាស្ត្រាចារ្យ វីន វីន ម៉រ បានប្រាប់សារព័ត៌មានបរទេសមួយថា «ក្នុងនាមជាពលរដ្ឋម្នាក់ ខ្ញុំមិនអាចទទួលយករដ្ឋប្រហារយោធានេះបានទាល់តែសោះ។យើងត្រូវតែប្រឆាំងភាពផ្តាច់ការនេះ»។
ដោយដើរដង្ហែរជុំវិញសកលវិទ្យាល័យ ពួកនិស្សិតបានស្រែកថា«ជយោ អ្នកម្តាយស៊ូជី» និងបានកាន់ទង់ពណ៌ក្រហម ដែលជាពណ៌របស់គណបក្សសម្ពន្ធជាតិសំរាប់លទ្ធិប្រជាធិបតេយ្យរបស់លោកស្រីស៊ូជី។
និស្សិតម្នាក់ឈ្មោះ មីន ស៊ីធូ បាននិយាយថា«យើងនឹងមិនអនុញ្ញាតអោយជំនាន់របស់យើងរងគ្រោះពីភាពផ្តាច់ការយោធាដូច្នេះទេ»។
ក្នុងពេលជាមួយគ្នា និយោជិតមកពីក្រសួងរដ្ឋាភិបាលជាច្រើននៅក្នុងណៃពីដោរ ក៏បានថតបង្ហោះរូបរបស់ពួកគេពាក់បូពណ៌ក្រហមនិងលើសញ្ញានិម្មិតរូបប្រជាធិបតេយ្យ។
មុនបាតុកម្មនៅសកលវិទ្យាល័យនេះប៉ុន្មានម៉ោង លោកវីន អេចទីន ជំនួយការជិតដិតរបស់លោកស្រីស៊ូជី ត្រូវបានចាប់ខ្លួន។
គ្រូបង្រៀនមួយក្រុមនៅសកលវិទ្យាល័យ យ៉ាងហ្គោន កាលពីថ្ងៃសុក្រក៏បានធ្វើកូដកម្មជាផ្នែកនៃយុទ្ធនាការមិនគោរពច្បាប់ស៊ីវិលប្រឆាំងនឹងរដ្ឋប្រហារផងដែរ។
យោងតាមអង្គការឃ្លាំមើលអ្នកទោសនយោបាយមួយ មន្ត្រីរដ្ឋាភិបាលនិងសមាជិកសភាមីយ៉ាន់ម៉ា ជាង១៣០នាក់ហើយត្រូវបានចាប់ខ្លួនក្រោយរដ្ឋប្រហារ៕
ពួកនិស្សិតសកលវិទ្យាល័យនៅក្រុងយ៉ាងហ្គោនដើរស្រែកប្រឆាំងនឹងរដ្ឋប្រហារយោធាកាលពីថ្ងៃសុក្រ