ដោយៈ មុនីរ័ត្ន/ភ្នំពេញៈ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានយល់ព្រមឲ្យកងកម្លាំងនគរបាលវរសេនាតូចការពារព្រំដែនគោក-ទឹក ជាង ៥ពាន់នាក់ ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជាមួយនឹងកង យោធពលខេមរភូមិន្ទ។ ការយល់ព្រមនេះ បានធ្វើឡើងតាមសំណើរបស់នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ដែលបានស្នើសុំការអនុញ្ញាតពីសម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១។
នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន បានជម្រាបជូនសម្តេចតេជោ ហ៊ុន សែន ថា អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ដែលផ្តល់អាទិភាពដល់កងកម្លាំងជួរមុខដើម្បីទទួលបាននូវវ៉ាក់សាំងការពារ Covid-19 នោះ អគ្គស្នងការដ្ឋាននគរបាលជាតិបានពិចារណា និងគោរពស្នើសុំសម្តេចតេជោ មេត្តាអនុញ្ញាតដ៏ខ្ពង់ខ្ពស់ ផ្តល់ការចាក់វ៉ាក់សាំងការពារ Covid-19 ដល់កងកម្លាំងនគរបាលវរសេនាតូចការពារព្រំដែនគោក-ទឹក ដែលមានចំនួនសរុប ៥.២២៨នាក់ ក្នុងពេល ជាមួយគ្នានឹងការចាក់វ៉ាក់សាំងដល់កងយោធពលខេមរភូមិន្ទ។ តាងនាមកងកម្លាំងនគរបាលជាតិ ជាពិសេសកងកម្លាំងនគរបាលវរសេនាតូចការពារព្រំដែន-ទឹក សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចតេជោ ដែលតែងតែយកចិត្តទុកដាក់ដោះស្រាយការលំបាក រួមទាំងសុខមាលភាពរបស់កងកម្លាំងនគរបាលជាតិនៅជួរមុខ។
ចំពោះការស្នើនេះ សម្តេចតេជោ ហ៊ុន សែន បានសរសេរចារលើលិខិតស្នើសុំរបស់អគ្គស្នងការនគរបាលជាតិថា “យល់ព្រម ជូនសម្តេចពិជ័យសេនា ទៀ បាញ់ រៀបចំចាក់ជូនជាមួយកងទ័ពក្នុងពេលជាមួយគ្នា”។
គួរបញ្ជាក់ថា វ៉ាក់សាំងដែលជាជំនួយរបស់ចិន នឹងដឹកតាមយន្តហោះពិសេសនឹងមកដល់កម្ពុជានៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១។ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាសម្រេចចាក់វ៉ាក់សាំងនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ នាមន្ទីរពេទ្យកាល់ម៉ែត។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា វ៉ាក់សាំងដែលជាជំនួយរបស់សាធារណរដ្ឋប្រជាមានិតចិនតាមរយៈក្រសួងការពារជាតិចិនមកកាន់ក្រសួងការពារជាតិកម្ពុជានឹងដឹកមកដល់កម្ពុជាចំនួន៦០ម៉ឺនដូសនៅល្ងាចថ្ងៃអាទិត្យទី៧ ខែកុម្ភៈ ឆ្នាំ២០២១ ដែលជាដំណាក់កាលដំបូងនៃជំនួយចំនួន១លានដូស។
សម្តេចតជោនាយករដ្ឋមន្ត្រីបញ្ជាក់ទៀតថា “ម៉ោង៨និង៣០នាទីថ្ងៃទី១០ កុម្ភៈ ២០២១ ដំណើរការចាក់វ៉ាក់សាំងនឹងចាប់ផ្តើមជាផ្លូវការនៅមន្ទីរពេទ្យកាល់ម៉ែត្រដែលខ្លួនខ្ញុំនឹងទទួលមុនគេជាមួយមន្ត្រីជាន់ខ្ពស់ផ្សេងទៀត លើកលែងតែ សម្តេចពិជ័យសេនា ទៀ បាញ់ ដែលគាត់បានចាក់វ៉ាក់សាំងនេះរួចហើយ។ ការចាក់វ៉ាក់សាំងនេះនឹងមានការផ្សាយផ្ទាល់និងបន្ទាប់ពីចាក់រួចខ្ញុំនឹងធ្វើសន្និសីទសារព័ត៌មាននៅមន្ទីរពេទ្យកាល់ម៉ែត្រតែម្តង។”
សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិបានមានប្រសាសន៍នៅក្នុងពិធីសំណេះសំណាលក្រុមគ្រូពេទ្យចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យព្រះកេតុមាលា កាលពីថ្ងៃទី៣ ខែកុម្ភៈ ថា រដ្ឋាភិបាល កងទ័ព និងប្រជាជនចិន បានបញ្ជូនក្រុមគ្រូពេទ្យជំនាញវេជ្ជសាស្ត្រចំនួន ៤រូប បានមកជួយបង្ហាត់បង្រៀនជំនាញការដឹកជញ្ជូនវ៉ាក់សាំង ការរក្សាទុកវ៉ាក់សាំង និងការចាក់ការពារវីរុសកូវីដ-១៩ ដែលក្រុមគ្រូពេទ្យកម្ពុជាពុំទាន់ទទួលបានបទពិសោធន៍ក្នុងការប្រើប្រាស់។ ជាមួយគ្នាភាគីចិនបានសម្រេចផ្តល់ជាបន្ទាន់នូវជំនួយវ៉ាក់សាំងចាក់ការពារវីរុសកូវីដ១៩ ដំណាក់កាលទី១ ចំនួន ៦សែនដូស ក្នុងនោះចំនួន ៣សែនដូសជូនដល់កងខេមរភូមិន្ទ និងបន្តផ្តល់ជំនួយវ៉ាក់សាំងដល់ប្រទេសកម្ពុជាដើម្បីគាំទ្រកម្ពុជាយ៉ាងពេញទំហឹងឲ្យយកឈ្នះជំងឺកូវីដ១៩ ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន៕