Home ព័ត៌មានជាតិ សេដ្ឋកិច្ច រដ្ឋមន្ត្រីក្...

រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​ជួបពិភាក្សា​ការងារ​ជាមួយ​ប្រធាន​សមាគម​លើកកម្ពស់​ម្រេច​កំពត និង​ប្រធាន​ក្រុមហ៊ុន EU Land and Pepper Investment

​ដោយ​:​ជា​សីហ​:/​ភ្នំពេញ​: នៅ​ទីស្តីការ​ក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​កម្មសិទ្ធិបញ្ញា បានទទួល​ជួបពិភាក្សា​ការងារ​ជាមួយ លោក ងួន ទ្បា​យ ប្រធាន​សមាគម​លើកកម្ពស់​ម្រេច​កំពត និង លោក ដេ​វិត ផា​វែ​ល ( David Pavel) ប្រធាន​ក្រុមហ៊ុន EU Land and Pepper Investment ដើម្បី​កំណត់​នូវ​បញ្ហា​ប្រឈម រៀបចំ​ផែនការ​ការងារ​ឆ្នាំ​២០២១ និង​ផែនការ​យុទ្ធសាស្ត្រ របស់​សមាគម​លើកកម្ពស់​ម្រេច​កំពត ការត្រៀម​រៀបចំ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាភិបាល និង​គណៈកម្មការ​ប្រតិបត្តិ សម្រាប់​អាណត្តិ​ថ្មី​ឆ្នាំ​២០២១ ដល់​២០២៣ ព្រមទាំង​ពិភាក្សា​អំពី​ការកំណត់​រចនាសម្ព័ន្ធ តួនាទី ភារកិច្ច និង​ការកែប្រែ​លក្ខន្តិកៈ​របស់​សមាគម ឱ្យមាន​សង្គតិភាព ស្របតាម​ច្បាប់ និង​លិខិតបទដ្ឋាន​គតិយុត្ត ដើម្បី​ស្របតាម​ការវិវត្ត​នៃ​សេដ្ឋកិច្ចសង្គម សំដៅ​ដោះស្រាយ​បញ្ហា​នានា​របស់​សមាគម និង​ស្វែងរក​ទីផ្សារ​ម្រេច​កំពត និង​ការអភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព​របស់​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ម្រេច​កំពត​។​

​លោក​រដ្ឋមន្ត្រី បាន​មានប្រសាសន៍ថា កម្ពុជា​ជា​ប្រទេស​កសិកម្ម​ដែលមាន​ផលិតផល​សក្តានុពល​ជាច្រើន​ដែល​កំពុង​អភិវឌ្ឍ​ជា​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ ម៉ាក​វិញ្ញាតកម្ម និង​ម៉ាក​សមូហភាព ហើយ​បច្ចុប្បន្ន ក្រសួងពាណិជ្ជកម្ម​បាន​ចុះបញ្ជី​ការពារ​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ​ចំនួន ០៤ រួចមកហើយ រួមមាន ម្រេច​កំពត ស្ករត្នោត​កំពង់ស្ពឺ ក្រូចថ្លុង​កោះ​ទ្រង់ និង​ទឹកឃ្មុំ​ព្រៃ​មណ្ឌលគិរី​។​

​លោក​រដ្ឋមន្ត្រី​បាន​បន្តថា ដើម្បី​ស្វែងរក​ទីផ្សារ លើកកម្ពស់​កេរ្តិ៍ឈ្មោះ និង​ទប់ស្កាត់​ការ​ក្លែងបន្លំ​ម៉ាក​សម្គាល់​ភូមិសាស្ត្រ “​ម្រេច​កំពត​” នៅ​ទីផ្សារ​ក្រៅប្រទេស ក្រសួងពាណិជ្ជកម្ម បាន​ចុះបញ្ជី​ការពារ​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ “​ម្រេច​កំពត​” នៅ​សហភាព​អឺរ៉ុប វៀតណាម ថៃ និង​ជាពិសេស​នាពេល​ថ្មីៗ​នេះ បាន​ចុះបញ្ជី​នៅ​ប្រទេស​ចំនួន ៣២ តាមរយៈ​ប្រព័ន្ធ​លី​ស្បោ​ន​។ ជាពិសេស​ក្រសួងពាណិជ្ជកម្ម​បានរៀបចំ​ឯកសារ​គតិយុត្ត​មួយចំនួនទៀត ដែលមាន​ដូចជា​៖ ១)​ច្បាប់​ស្តីពី​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ ២) ប្រកាស​ស្តីពី​នីតិវិធី​ចុះបញ្ជី​និង​ការពារ​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ ៣) ប្រកាស​ស្តីពី​ការបង្កើត​និង​កែសម្រួល​សមាសភាព​ក្រុមការងារ​បច្ចេកទេស និង​តួនាទី​ភារកិច្ច​ត្រួតពិនិត្យ និង​ពង្រឹង​ទំនិញ​សម្គាល់​ភូមិសាស្ត្រ “​ម្រេច​កំពត​” ៤) សេចក្តីសម្រេច​ស្តីពី​ការបន្ត​សុពលភាព​របស់​សមាគម​លើកកម្ពស់​ម្រេច​កំពត និង ៥) ប្រកាស​ស្តីពី​ការបង្កើត​ក្រុមការងារ​រៀបចំ​ការបោះឆ្នោត​ជ្រើសរើស​គណៈកម្មាធិការ​ប្រតិបត្តិ និង​ក្រុមប្រឹក្សាភិបាល​នៃ​សមាគម​លើកកម្ពស់​ម្រេច​កំពត​។​

​លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់ថា ដើម្បី​បង្កើន​ទំនុកចិត្ត​អ្នកប្រើប្រាស់ និង​ការស្វែងរក​ទីផ្សារ​បន្ថែមទៀត ក្រសួងពាណិជ្ជកម្ម​នឹងចូលរួម​ជាមួយនឹង​សមាគម​លើកកម្ពស់​ម្រេច​កំពត ក្នុងការ​រៀបចំ​ផែនការ​ការងារ​ឆ្នាំ​២០២១ ផែនការ​យុទ្ធសាស្ត្រ គាំទ្រ​ក្នុង​ការរៀបចំ​គេហទំព័រ​ពាណិជ្ជកម្ម​អេឡិចត្រូនិក (E-Commerce) ប្រព័ន្ធ​បណ្តាញ​សង្គម រៀបចំ​ក្រុមការងារ​ទីផ្សារ និង​កសាង​សមត្ថភាព ជំនាញ​ដល់​សមាជិកសមាគម រួមមាន​ផលិតករ ប្រតិបត្តិ​ករ និង​អាជីវករ​ពាក់ព័ន្ធ​នឹង​ការ​វេច​ខ្ចប់ ការគ្រប់គ្រង​ហិរញ្ញវត្ថុ ការធ្វើ​ទីផ្សារ​និង​ការបន្ថែម​តម្លៃ ព្រមទាំង​ខិតខំ​ជំរុញឱ្យមាន​ការចូលរួម​ដាក់តាំង​ម្រេច​កំពត​ក្នុង​ព្រឹត្តិការណ៍​ពិព័រណ៍​នានា ការរៀបចំ​សន្និសីទ​ប្រចាំឆ្នាំ​ជាមួយនឹង​សហព័ន្ធ​ម្រេច​កម្ពុជា និង​សហគមន៍​ម្រេច​ពិភពលោក (World Pepper Community) ដែលជា​ឱកាស​ក្នុងការ​ផ្គូរ​ផ្គង​អាជីវកម្ម និង​ជំនួប​រវាង​អ្នកទិញ និង​អ្នកលក់ ព្រមទាំង​ស្នើសុំ​ក្រុមហ៊ុន EU Land and Pepper Investment ជួយ​បញ្ជា​ទិញ​ម្រេច​កំពត ពី​កសិករ​ខ្នាតតូច​ក្នុង​ឆ្នាំ​បន្តបន្ទាប់​ទៀត​។​

​ឆ្លៀត​ក្នុងឱកាស​នោះ លោក​រដ្ឋមន្ត្រី​ក៏បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​សមាគម​លើកកម្ពស់​ម្រេច​កំពត ដែល​សម្រេចបាន​នូវ​សមិទ្ធផល​ជាច្រើន​កន្លងមក និង​ក្រុមហ៊ុន EU Land and Pepper Investment ដែល​បាន​ដាក់ចេញ​នូវ​ផែនការ​យុទ្ធសាស្ត្រ និង​ការបញ្ជាទិញ​ពី​ផលិតករ​ខ្នាតតូច​។​

​សូម​ជម្រាបជូន​ថា ក្រោម​កិច្ចសហការ​រវាង​ក្រសួងពាណិជ្ជកម្ម និង​សមាគម​លើកកម្ពស់​ម្រេច​កំពត បាន​ជំរុញ​ឱ្យ​ក្រុមហ៊ុន​នានា ដែល​រួមមាន EU Land and Pepper Investment ធ្វើ​ការបញ្ជាទិញ​ម្រេច​កំពត​រហូតដល់ ៣៥​តោន ពី​កសិករ​ខ្នាតតូច ដែល​បាន​ដោះស្រាយ​បញ្ហា​កកស្ទះ​ទីផ្សារ​របស់​ប្រជាកសិករ​នៅ​ឆ្នាំ​២០២០ និង​សម្រាប់​ឆ្នាំ​២០២១ បានធ្វើ​កិច្ចសន្យា​ទិញ លក់​រវាង​ក្រុមហ៊ុន​ជាមួយ​កសិករ​ខ្នាតតូច​ចំនួន ២៧៨ គ្រួសារ​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular