ដោយ: ប,ជ័យ / បន្ទាយមានេជ័យ: ជនសង្ស័យ២នាក់ ដើររើសអេតចាយយកមកទិញថ្នាំញៀនជក់ តែរកមិនបានគ្រប់ ក៏បានលួចគេផ្សំ ត្រូវអាវុធហត្ថ១ក្រុមដឹកនាំដោយលោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ចុះបង្ក្រាបបាននៅវេលាម៉ោង ២រសៀល ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ ២០២១។
លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ បានឲ្យដឹងថា៖ ការឃាត់ខ្លួនជនសង្ស័យនេះ បានតាមពាក្យបណ្ដឹងឈ្មោះ សិទ្ធ ហ្វាស៊ី ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ស្ដីពីករណីលួចជញ្ជីងរបស់ខ្លួន។
ក្រោយពីឃាត់ខ្លួនអាវុធហត្ថ បានធ្វើការដកវត្ថុតាង រួមមាន ជញ្ជីងសម្រាប់ថ្លឹង១គ្រឿង, គ្រឿងញៀនមេតំហ្វេតាមីនទឹកកកចំនួន២ទុយោកិប ស្មើនឹងទម្ងន់០,៣៧ក្រាម និងសម្ភារៈសម្រាប់ជក់ញៀនមួយចំនួន។
ជនសង្ស័យទាំង២នាក់ ១ឈ្មោះ ស៊ុង រ៉ា ភេទប្រុស អាយុ៣៦ឆ្នាំ ២ឈ្មោះ សុង អ៊ិនតាក់ ភេទប្រុស អាយុ៣១ឆ្នាំ អ្នកទាំង២ មុខរបរ និងទីលំនៅមិនច្បាស់លាស់ ។
ជនសង្ស័យបានឆ្លើយថា ពួកគេពិតជាបានលួចយកជញ្ជីងនេះ ព្រោះសព្វថ្ងៃមុខបបររើសអេតចាយរកមិនគ្រប់ទេ។ ហេតុនេះបានជាលួចមកផ្សំ ដើម្បីបានលុយយកទៅទិញថ្នាំញៀនជក់។
ជនសង្ស័យទាំងា២នាក់ ត្រូវបានកម្លាំងជំនាញព្រហ្មទណ្ឌមូលដ្ឋានអាវុធហត្ថខេត្ត កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមច្បាប់៕