ក្រសួងបរិស្ថានបង្ហាញពីផែនការបោះបង្គោលនៅតំបន់ការពារធម្មជាតិដើម្បីទប់ស្កាត់ការបំពានពីសំណាក់ជនខិលខូច

ដោយ៖ដេប៉ូ

ភ្នំពេញ៖ ដើម្បីទប់ស្កាត់ការបំពានពីសំណាក់ជនខិលខូច ក៏ដូចជាពលរដ្ឋមួយចំនួនក្នុងការ ទន្រ្ទានកាន់កាប់ដីធ្លីនៅតាមតំបន់ការពារធម្មជាតិ ក្រសួងបរិស្ថានមានផែនការនឹងធ្វើការបោះបង្គោលព្រំដីយ៉ាងហោចក្នុងឆ្នាំ២០៣១ខាងមុខឱ្យបាន៥០ភាគរយ។នេះបើតាមការឱ្យដឹងពីសំណាក់ លោក នេត្រ ភក្រ្តាមន្រ្តីនាំពាក្យនិងជារដ្ឋលេខាធិការក្រសួងបរិស្ថាន។

បញ្ជាក់ក្នុងពេលដែលបានដឹកនាំក្រុមអ្នកសារព័ត៌មានបំពេញទស្សនកិច្ចនៅដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក ខេត្តព្រះវិហារ កាលពីកន្លងមកនេះ លោក នេត្រ ភក្រ្តា បានឱ្យដឹងថាដើម្បីបង្កានិងទប់ស្កាត់ការបំពាននៅតំបន់ការពារធម្មជាតិក្រសួងបរិស្ថាននិងរួមទាំងដៃគូ ចាប់ពីពេលនេះរហូតដល់ឆ្នាំ២០៣១ គឺត្រូវបោះបង្គោលព្រំកំណត់ឱ្យបានរហូតដល់៥០ភាគ នៃតំបន់ការពារធម្មជាតិទាំងអស់។ ការបោះបង្គោល កំណត់ព្រំនេះ គឺជាវិធានការជាក់ស្តែងមួយ ព្រោះប្រជាជនខ្លះគាត់បានយកលេសថា គាត់អត់ដឹងតំបន់ការពារធម្មជាតិនោះឡើយ។ ម្ល៉ោះហើយនៅពេលដែលយើងកំណត់ដែនដីឱ្យបានច្បាស់លាស់ គឺយើងអាចការពារបានហើយ។

ជាមួយគ្នានេះលោករដ្ឋលេខាធិការបានបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលបានចេញនូវគោលនយោបាយមួយ ស្តីពីការបោះបង្គោលព្រំនៅក្នុងតំបន់ការពារធម្មជាតិ ដើម្បីឈានទៅ គ្រប់គ្រង និងការពារធនធានជីវៈចម្រុះឱ្យមានប្រសិទ្ធភាពកាន់តែប្រសើរឡើង។

យ៉ាងណាក្តីលោករដ្ឋលេខាធិការបានលើកឡើងដែរថា នាពេលនេះការបោះបង្គោលព្រំសម្គាល់ និងចុះបញ្ជីជាកម្មសិទ្ធិដីរដ្ឋបានចំនួន៥កន្លែងប៉ុណ្ណោះក្នុងខណៈតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះ នៅទូទាំងប្រទេសសរុបចំនួន៧០កន្លែង ដោយគ្របដណ្តប់លើផ្ទៃដីជាង៧លាន៣សែនហិកតា ។

លោក ឈឹត សំអាត តំណាងភ្នាក់ងារជំនួយសហរដ្ឋអាមេរិកUSAIDប្រចាំនៅកម្ពុជា  បានបង្ហាញការគាំទ្រនូវផែនការដែលនឹងជួយដល់ កិច្ចការពារព្រៃឈើ និងសត្វព្រៃនៅកម្ពុជានេះ ដោយលោកបានឱ្យដឹងថា  គម្រោងព្រៃឡង់បៃតងពីUSAIDកំពុងជួយដល់ រាជរដ្ឋាភិបាលកម្ពុជាទៅលើការកំណត់បែងចែកតំបន់ការពារក្នុងតំបន់ដែនជម្រកសត្វព្រៃ នៅលើផ្ទៃដីជាង៣លាន៣សែន ហិកតា ដែលគ្របដណ្ដប់ក្នុងខេត្តចំនួន៤រួមមាន៖ ខេត្តព្រះវិហារ កំពង់ធំ ក្រចេះ និងស្ទឹងត្រែងជាដើម។

គួរបញ្ជាក់ថាតំបន់ការពារធម្មជាតិនៅក្នុងប្រទេសកម្ពុជាក្នុងចំណោមនិងរបៀងអភិរក្សជីវៈចម្រុះ នៅទូទាំងប្រទេសសរុបចំនួន៧០កន្លែង ក្នុងនេះរួមមាន៖តំបន់ឧទ្យានជាតិ ,តំបន់ដែនជម្រកសត្វព្រៃ តំបន់ការពារទេសភាព,តំបន់ប្រើប្រាស់ច្រើនយ៉ាង,តំបន់រ៉ាមសារ  , តំបន់បេតិកភណ្ឌធម្មជាតិ  និងរបៀងអភិរក្សជីវៈចម្រុះប្រព័ន្ធតំបន់ការពារធម្មជាតិ ចំនួន៣ តំបន់។ក្នុងនេះបើសរុបផ្ទៃដីប្រមាណ ៧,៣លានហិកតា ស្មើនឹង ជាង៤១ភាគរយ នៃផ្ទៃប្រទេស៕

 

 

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular