ប្រែសម្រួល : កញ្ញាដាលីស ៖ រុស្ស៊ីនិយាយកាលពីថ្ងៃសុក្រថាខ្លួនបានបណ្តេញអ្នកការទូតមកពីស៊ុយអែត ប៉ូឡូញនិងអាល្លឺម៉ង់ ដោយចោទប្រកាន់ពួកគេថាបានចូលរួមបាតុកម្មគាំទ្រមេដឹកនាំប្រឆាំងលោក អាឡិចសី ណាវ៉ាល់នី ខណៈភាពតានតឹងអន្តរជាតិបានកើនឡើងជុំវិញការដាក់គុកគូប្រជែងលេចធ្លោបំផុតរបស់វិមានក្រឹមឡាំង។
ការប្រកាសនេះធ្វើឡើងខណៈដែលប្រមុខកិច្ចការបរទេសសហភាពអឺរ៉ុបលោកយ៉ូសេប ប័ររ៉ែល ប្រាប់រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក សឺហ្គេ ឡាវរ៉ូវ ថា ការប្រព្រឹត្តចំពោះលោកណាវ៉ាល់នីតំណាងឱ្យ “ចំណុចទាប” នៅក្នុងទំនាក់ទំនងរវាងទីក្រុងព្រុចសែលនិងមូស្គូ។
ក្រសួងការបរទេសរុស្ស៊ីបានចោទប្រកាន់អ្នកការទូតស៊ុយអែតនិងប៉ូឡូញនៅទីក្រុងសេនភីតធឺស្បឺកនិងអ្នកការទូតអាល្លឺម៉ង់ម្នាក់នៅទីក្រុងមូស្គូពីបទចូលរួមបាតុកម្មខុសច្បាប់កាលពីថ្ងៃទី ២៣ ខែមករា។ មនុស្សរាប់ពាន់នាក់នៅទូទាំងប្រទេសរុស្ស៊ីបាននាំគ្នាធ្វើបាតុកម្មនៅថ្ងៃនោះដើម្បីតវ៉ាចំពោះការចាប់ខ្លួនលោកណាវ៉ាល់នី។
សេចក្តីថ្លែងការណ៍របស់ក្រសួងនិយាយថា អ្នកការទូតទាំងបីត្រូវបានប្រកាសថាជា “បុគ្គលត្រូវបណ្តេញចេញ” និងតម្រូវឱ្យចាកចេញពីប្រទេសរុស្ស៊ីក្នុងពេលដ៏ខ្លី។
ក្រុមមន្ត្រីអឺរ៉ុបបានថ្កោលទោសយ៉ាងខ្លាំងចំពោះចំណាត់ការនេះ។
អាល្លឺម៉ង់និយាយថាអ្នកការទូតរបស់ខ្លួនកំពុងបំពេញភារកិច្ចរបស់ខ្លួនដោយតាមដានការវិវត្តនានា ហើយខ្លួនព្រមានទីក្រុងមូស្គូថា សកម្មភាពរបស់ខ្លួននឹងមិនទុកឱ្យគ្មានការឆ្លើយតបនោះទេ ដោយកោះហៅឯកអគ្គរដ្ឋទូតរុស្ស៊ីមកសាកសួរ។
ប៉ូឡូញនិងស៊ុយអែតក៏កោះហៅអ្នកការទូតរុស្ស៊ីមកសាកសួរនិងតវ៉ាផងដែរ៕
មេបក្សប្រឆាំងរុស្ស៊ីណាវ៉ាល់នីកំពុងនៅក្រោមការឃុំខ្លួន