ប្រែសម្រួល : កញ្ញាដាលីស ៖ ក្រុមហ៊ុនទូរគមនាគមន៍ន័រវែស Telenorបាននិយាយថាមេដឹកនាំយោធាថ្មីរបស់មីយ៉ាន់ម៉ាកាលពីថ្ងៃសុក្របានបញ្ជាឱ្យប្រតិបត្តិករទូរស័ព្ទចល័តនិងក្រុមហ៊ុនផ្តល់សេវាអ៊ីនធឺណេតទាំងអស់បិទការចូលប្រើប្រាស់ Twitter និង Instagram នៅក្នុងប្រទេសរហូតដល់មានការជូនដំណឹងបន្ថែម។
កាលពីថ្ងៃព្រហស្បតិ៍រដ្ឋាភិបាលបានបញ្ជាឱ្យក្រុមហ៊ុនផ្តល់សេវាអ៊ីនធឺណេតបិទ Facebook រហូតដល់ថ្ងៃទី ៧ ខែកុម្ភៈ ដែលពាក់កណ្តាលនៃប្រជាជន ៥៤ លាននាក់គឺជាអ្នកប្រើប្រាស់សកម្ម។
ក្រសួងគមនាគមន៍និងបច្ចេកវិទ្យាព័ត៌មានមិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការបំភ្លឺរបស់អ្នកកាសែតទេ ប៉ុន្តែនិយាយថា កន្លងមកខ្លួនបានបិទ Facebook ដើម្បី “ស្ថិរភាព”។
អ្នកនាំពាក្យរបស់ Twitter ដែលកំពុងប្រឈមនឹងសម្ពាធពីអាជ្ញាធរក្នុងប្រទេសឥណ្ឌាដែរនោះ បាននិយាយថាខ្លួនមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីបទបញ្ជាបិទសេវាកម្មអ៊ីនធឺណេតនៅក្នុងប្រទេសមីយ៉ាន់ម៉ា។
លោកស្រីនិយាយថា “វាធ្វើឱ្យអន្តរាយដល់ការសន្ទនាជាសាធារណៈនិងសិទ្ធិរបស់ប្រជាជនក្នុងការបញ្ចេញសំឡេងរបស់ពួកគេ។ អ៊ីធឺណេតដែលបើកទូលាយកំពុងរងការគំរាមកំហែងនៅជុំវិញពិភពលោក។ យើងនឹងបន្តធ្វើការតស៊ូមតិដើម្បីបញ្ចប់ការបិទអ៊ីនធឺណេតដែលដឹកនាំដោយរដ្ឋាភិបាល”។
អ្នកនាំពាក្យរបស់ Facebook បានបញ្ជាក់ពីការបិទ Instagram ។
លោកបានប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រថា”យើងជំរុញឱ្យអាជ្ញាធរស្តារការតភ្ជាប់អ៊ីនធឺណេតឡើងវិញដើម្បីឱ្យប្រជាជននៅក្នុងប្រទេសមីយ៉ាន់ម៉ាអាចធ្វើទំនាក់ទំនងជាមួយគ្រួសារនិងមិត្តភក្តិនិងទទួលបានព័ត៌មានសំខាន់ៗ”។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រុមហ៊ុន Telenor បានសម្តែងនូវការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការណែនាំនេះហើយនិយាយថាខ្លួនបានជំទាស់នឹងការបិទបណ្តាញសង្គមជាមួយអាជ្ញាធរ។
ចាប់តាំងពីការបិទ Facebook មនុស្សរាប់ម៉ឺននាក់នៅក្នុងប្រទេសមីយ៉ាន់ម៉ាបានប្រមូលផ្តុំគ្នានៅលើបណ្តាញសង្គម Twitter និង Instagramដើម្បីសម្តែងការប្រឆាំងជំទាស់នឹងការកាន់កាប់អំណាចរបស់កងទ័ពកាលពីថ្ងៃចន្ទនិងការបណ្តេញនិងការចាប់ខ្លួនមេដឹកនាំជាប់ឆ្នោត អ៊ុងសាន ស៊ូជី៕
Twitter និង Instagram ត្រូវបានបិទនៅមីយ៉ាន់ម៉ា