Home ព័ត៌មានសំខាន់ៗ លី​ក​អឺរ៉ុប​ច...

លី​ក​អឺរ៉ុប​ចុង​សប្តាហ៍ ៖ Man U ស្វាគមន៍ Everton ថ្ងៃ​សៅរ៍​នេះ ខណៈ Man City ទៅ​ផ្ទះ​របស់ Liverpool ថ្ងៃអាទិត្យ​ស្អែក​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស/​បាល់ទាត់ ៖ លី​ក​កំពូល​អឺរ៉ុប​ចុង​សប្តាហ៍​នេះ​វិលត្រឡប់​មក​ទៀត​ហើយ​ទាំង​នៅ​អង់គ្លេស អាល្លឺម៉ង់ អ៊ីតាលី អេ​ស្ប៉ាញ និង បារាំង​។ ហើយ​ជំនួប​កក្រើក​សម្រាប់​ថ្ងៃ​សៅរ៍​នៅ​អង់គ្លេស​គឺ​រវាង Man U និង Everton ខណៈ​ថ្ងៃអាទិត្យ​ស្អែក​គឺ​គូ​ធំជាងគេ​ប្រចាំ​សប្តាហ៍ Liverpool ប៉ះ Man City​។

​ក្រៅ​ពី​ពីរ​គូ​នេះ ក៏​មាន​គូ​ជាច្រើន​ទៀត​នៅ​លី​ក​ផ្សេង​ផងដែរ ដែល​រំពឹង​ឈ្នះ ក្នុងនោះ​មាន West Ham, Totteham, Chelsea, Union Berlin, Leipzig, Monchengladbach, Real Madrid, Barcelona, Atl. Madrid, Atalanta, Juventus, Napoli, AC Milan, Lazio, Lyon, Lille និង PSG​។​

– EPL : [2] Man U vs Everton [7] ៖ ក្រុម​បិសាច​ក្រហម​សព្វថ្ងៃ​គឺ​ជា​ក្រុម​កំពុង​ឡើង​ជើង​ខ្លាំង​បំផុត​មួយ​នៅ​លី​ក​កំពូល​អង់គ្លេស​។ ក្រោយ​ត្រូវ​បាន​រុញ​មក​លេខ​២​វិញ​ដោយ​ក្រុម​មេឃ​ខៀវ Man City បិសាច​ក្រហម​បាន​បំបាក់ Southampton ៩-០ នៅ​ប្រកួត​ចុងក្រោយបង្អស់​។

​ឥឡូវ​ពួកគេ​រំពឹង​ឡើង​ទៅលើ​កំពូល​តារាង​វិញ ខណៈ​ពួកគេ​កំពុង​ដេញតាម​ពីក្រោយ​ក្រុម​លោក​ប៉េប ហ្គាឌី​អូ​ឡា ដែល​នាំមុខ​លើ​កំពូល​តារាង ៣ ពិន្ទុ​។ មេឃ​ខៀវ​នឹង​ត្រូវ​ប៉ះ​ហង្ស​ក្រហម​នៅ​ថ្ងៃអាទិត្យ ដូច្នេះ​នេះ​ជា​ឱកាស​ល្អ​បំផុត​ដើម្បី​បិសាច​ក្រហម Man U វាយ​យក​ឈ្នះ​៣​ពិន្ទុ​តាម​ស្មើ​ពិន្ទុ​របស់ Man City ព្រោះ​ច្បាស់​ណាស់​ថា រវាង​មេឃ​ខៀវ​និង​ហង្ស​ក្រហម​នឹង​មាន​មួយ​របូត​ពិន្ទុ​ឬ​របូត​ទាំងពីរ​។​

​តែ​ទោះ​យ៉ាងណា បិសាច​ក្រហម​ត្រូវ​ប្រឈមមុខ​នឹង​ក្រុម​ស្ករ​គ្រាប់ Everton ដែល​កំពុង​ឡើង​ជើង​មិនធម្មតា​។ កូនក្រុម​របស់​លោក​កា​ឡូ​ស អាន់​សេ​ឡូ​ទី​ឈរ​នៅ​លេខ​៧​បច្ចុប្បន្ននេះ ហើយ​អ្វី​ដែល​សំខាន់​គឺ​ពួកគេ​មាន​២​ប្រកួត​ក្នុង​ដៃ​។

​ក្រៅពីនេះ ក្រុម​ស្ករ​គ្រាប់​ក៏​កំពុង​លេង​ល្អ​នៅ​ក្រៅ​ទឹក​ដី​ផង​ដែរ ហេតុ​ដូច្នេះ​វា​ពិតជា​ពិបាក​នឹង​ឱ្យ​បិសាច​ក្រហម​ទប់​មិន​ឱ្យ​របូត​គ្រាប់​បាល់​ណាស់​នៅ​ទឹកដី Old Trafford ។

​ផ្អែក​លើ​ប្រវត្តិ គឺ​បិសាច​ក្រហម​ល្អ​ជាង​ស្ករ​គ្រាប់ ប៉ុន្តែ​ផ្អែក​លើ​ទម្រង់​លេង​បច្ចុប្បន្ន ក្រុម​ទាំង​ពីរ​គឺ​ប្រហាក់ប្រហែលគ្នា​។ លទ្ធផល​ព្យាករណ៍ គឺ Man U ឈ្នះ ៣-២ ឬ ស្មើ ២-២ ។​

– EPL : [4] Liverpool vs Man City [1] ៖ មេឃ​ខៀវ Man City គឺជា​ក្រុម​ល្អ​ដាច់​គេ​នៅ EPL រដូវ​កាល​នេះ​។ ពួកគេ​កំពុង​ឈរ​លើ​កំពូល​តារាង​ដាច់​៣​ពិន្ទុ និង​មាន​មួយ​ប្រកួត​ក្នុង​ដៃ​ថែម​ទៀត​។ គិត​មក​ទល់​ឥឡូវ​ពួកគេ​របូត​ត្រឹម ១៣ គ្រាប់​ប៉ុណ្ណោះ ចំណែក​ក្រុម​ដទៃ​ទៀត​របូត​លើសពី ២០ គ្រាប់​ឡើង​ទាំងអស់​។

​ពួកគេ​ជា​ក្រុម​ដែល​អ្នក​ព្យាករណ៍​គិតថា​នឹង​លើក​ពាន​រដូវ​កាល​នេះ ក្រោយ​ហង្ស​ក្រហម​ដណ្តើម​យក​ពាន​ពី​ពួកគេ​រដូវ​កាល​មុន តែ​ទោះ​យ៉ាងណា​លោក​ប៉េប​ទាត់​ចោល​លទ្ធភាព​ដែល​ថា​ក្រុម​គាត់​អាច​នឹង​លើក​ពាន​៣​ក្នុង​រដូវ​កាល​នេះ រួម​ទាំង​ពាន​អឺរ៉ុប​។

​ទន្ទឹមនេះ កូនក្រុម​របស់​លោក​ជួ​ហ្គិន ក្លប់ បាន​សារភាព​រួច​ហើយ​ថា ពួក​គេ​លែង​ស្ថិតក្នុង​ក្រុម​ប្រជែង​ពាន​ទៀតហើយ​។ ពួកគេ​មាន​ក្តីសង្ឃឹម​ខ្ពស់​នៅ​ដើមរដូវ​កាល ប៉ុន្តែ​របួស​ញាំញី​លើ​កីឡាករ​ជាច្រើន​នាក់​បាន​ធ្វើឱ្យ​ក្រុម​ទាំងមូល​បាត់បង់​តុល្យភាព​។

​គិត​មក​ទល់​ឥឡូវ ពួកគេ​កំពុង​លេង​ទាំង​ត្រដាបត្រដួស​មិន​ស្មើ​ជើង​គ្នា​ទេ ហើយ​សូម្បី​កំផែង​រឹងមាំ Anfield ក៏​មិន​អាច​ការពារ​សុវត្ថិភាព​ដល់​ពួកគេ​បានដែរ​។

​នេះ​ជា​ឱកាស​មាស​ឱកាស​ប្រាក់​សម្រាប់​មេឃ​ខៀវ​ធ្វើការ​សងសឹក​លើ​ហង្ស​ក្រហម ដែល​បង្ក​ការឈឺចាប់​ឥត​ល្ហែ​ដល់​ពួកគេ​នៅ​ប៉ុន្មាន​រដូវ​កាល​ចុងក្រោយ​។​

​យើង​រំពឹង Man City យកឈ្នះ​លើ​ក្រុម​ហង្ស​បាក់​ស្លាប​នៅ​ថ្ងៃអាទិត្យ​ស្អែក​៕

​តារាង​ការប្រកួត​លី​ក​អឺរ៉ុប​ចុង​សប្តាហ៍ ៖

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular