ដោយៈ តារារិទ្ធ /ភ្នំពេញៈ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសថា សម្តេចនឹងមិនចាក់វ៉ាក់សាំង ស៊ីណូហ្វាម (Sinopharm) នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ នោះឡើយ។ សម្តេចតេជោ បានបញ្ជាក់ថាៈ ការមិនចាក់នេះ ដោយសារវ៉ាក់សាំងនេះ ឱ្យចាក់ក្នុងចន្លោះអាយុពី ១៨ ឆ្នាំ ទៅ ៥៩ ឆ្នាំ ប៉ុណ្ណោះ ដោយឡែក សម្តេចអាយុ ៦៨ ឆ្នាំហើយ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ នៅលើផេកហ្វេសបុក នៅល្ងាចថ្ងៃទី៥ ខែកុម្ភៈថាៈ «ខ្ញុំទើបបានទទួលព័ត៌មាន តាមរយៈក្រសួងសុខាភិបាល ដែលបានទទួលលិខិតផ្លូវការ ពីការិយាល័យ នៃទីប្រឹក្សាសេដ្ឋកិច្ច និងពាណិជ្ជ កម្ម ប្រចាំស្ថានទូត នៃសាធារណរដ្ឋ ប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលបញ្ជាក់ថា វ៉ាក់សាំងឈ្មោះ ស៊ីណូហ្វាម (Sinopharm) ចាក់បានតែមនុស្ស មានអាយុពី ១៨ឆ្នាំ ទៅ ៥៩ឆ្នាំ តែប៉ុណ្ណោះ។ សម្រាប់ខ្ញុំ ដែលមានអាយុជាង ៦៨ឆ្នាំ ទៅហើយ មិនទាន់អាចចាក់បានទេ។ ដូចនេះ គម្រោងចាក់ វ៉ាក់សាំង ដែលគ្រោងចាក់ នៅថ្ងៃទី១០ កុម្ភៈ ២០២១ នៅមន្ទីរពេទ្យកាល់ម៉ែតនឹងត្រូវ លុបចោល អាស្រ័យដោយទាំងខ្ញុំ ទាំងមន្ត្រីជាន់ខ្ពស់ផ្សេងទៀត ភាគច្រើនមានអាយុ លើសពី ៦០ ឆ្នាំ ទៅហើយ មិនអាចចាក់បានទេ។ សម្រាប់កម្មវិធីចេញទៅទទួល វ៉ាក់សាំង នៅរក្សាដដែល ៕/V-PC