ប្រែសម្រួលៈវាសនា/យ៉ាងហ្គោន៖មន្ត្រីព័ត៌មានរបស់គណបក្សសម្ពន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យរបស់លោកស្រី បាននិយាយកាលពីថ្ងៃសុក្រថា លោកស្រីអ៊ុង សាន ស៊ូជីរបស់មីយ៉ាន់ម៉ា កំពុងស្ថិតក្នុងការបង្ខាំងខ្លួននៅក្នុងផ្ទះតែមានសុខភាពល្អទេ ក្រោយពីយោធាធ្វើរដ្ឋប្រហារបណ្តេញរដ្ឋាភិបាលរបស់លោកស្រីកាលពីថ្ងៃចន្ទ។
មន្ត្រីព័ត៌មាន បាននិយាយក្នុងទំព័រហ្វេសប៊ុករបស់ខ្លួនថា «យើងបានដឹងថា ទីប្រឹក្សារដ្ឋអ៊ុង សាន ស៊ូជី មានសុខភាពល្អនៅក្រុងណៃពីដោរ។តាមខ្ញុំដឹងលោកស្រីស្ថិតក្នុងការបង្ខាំងខ្លួននៅក្នុងផ្ទះ»។
ជ័យលាភីរង្វាន់ណូបែលរូបវ័យ៧៥ឆ្នាំរូបនេះ មិនត្រូវបានគេឃើញទេចាប់តាំងពីព្រឹកថ្ងៃចន្ទ ពេលដែលយោធាចាប់ខ្លួនលោកស្រីនិងមន្ត្រីជាច្រើនរូបទៀត។ប៉ូលិសបានចោទប្រកាន់លោកស្រីចំពោះការនាំចូលវិទ្យុទាក់ទង៦គ្រឿងដោយខុសច្បាប់ បន្ទាប់ពីក្រុមយោធាបានរកឃើញពួកវានៅក្នុងផ្ទះរបស់លោកស្រី។
កាលពីថ្ងៃសុក្រនេះដែរ គ្រូនិងនិស្សិតនៅមីយ៉ាន់ម៉ាបានចេញមកតវ៉ាប្រឆាំងនឹងរដ្ឋប្រហារ និងចូលរួមជាមួយនិយោជិតរដ្ឋនៅស្ថាប័នផ្សេងៗក្នុងការមិនគោរពច្បាប់សង្គម ជាកាយវិការបង្ហាញការមិនយល់ស្របនឹងរដ្ឋប្រហារនិងគាំទ្រគណបក្សសម្ពន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ។
គ្រូបង្រៀនម្នាក់ នៅសកលវិទ្យាល័យយ៉ាងហ្គោនបាននិយាយថា« យើងចង់អោយរដ្ឋប្រហារយោធាបរាជ័យ»។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ គណបក្សសម្ពន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យបានថ្កោលទោសរដ្ឋប្រហារនិងថាការឃុំខ្លួនលោកស្រីស៊ូជីជាការមិនអាចទទួលយកបាននិងទាមទារអោយដោះលែងលោកស្រីនិងអ្នកត្រូវឃុំខ្លួនដទៃទៀតជាបន្ទាន់៕
មេធាវីរបស់ស៊ូជីនិយាយថា លោកមិនអាចចូលជួបលោកស្រី និងទាមទារអោយដោះលែងលោកស្រីដោយគ្មានលក្ខខណ្ឌ