ដោយៈ ទេពកង្រី / កំពង់ឆ្នាំងៈ កម្មវិធីប្រកួតប្រជែង លើផ្នែកអានអត្ថបទ ស្មូតកំណាព្យ និងតែងនិពន្ធ ថ្នាក់ស្រុកបរិបូណ៌ ត្រូវបានធ្វើឡើង កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២១ ដោយបានប្រព្រឹត្តិទៅ ក្រោមអធិបតីភាព លោកស្រី បណ្ឌិត សឿ សុជាតា អនុរដ្ឋលេខា ធិការ ក្រសួងអប់រំ យុវជន និងកីឡា។
លោក ចែម ភក្រ អភិបាលរងស្រុបរិបូរណ៍ បានឲ្យដឹងថាៈ នៅស្រុកបរិបូណ៌ វិស័យអប់រំ មានការរីកចម្រើន ជាបន្តបន្ទាប់ ចាប់តាំងពីទីក្រុង រហូតដល់ជនបទ។ កន្លងទៅ នៅស្រុក បរិបូណ៌ ក៏មានចំណាត់គ្រូល្អ និងសិស្សល្អ ទាំងថ្នាក់ជាតិ និងថ្នាក់ខេត្តដោយទទួល បានជ័យលាភី ជាបន្តបន្ទាប់។ បច្ចុប្បន្ន វិស័យអប់រំ នៅស្រុកបរិបូណ៌ទទួលបានការ គាំទ្រនូវ គម្រោងនានា ពីអង្គការដៃគូ ក្នុងការអភិវឌ្ឍ បានកាន់តែប្រសើឡើង។
នៅក្នុងឱកាសនោះ លោកស្រី បណ្ឌិត សឿ សុជាតា បានសម្តែងនូវការកោតសរសើរ ចំពោះថ្នាក់ដឹកនាំ អាជ្ញាធរមូលដ្ឋាន ដែលបានសហការ ក្នុងការលើកកម្ពស់ វិស័យអប់រំ ឲ្យកាន់តែល្អប្រសើរឡើង ប្រកប ដោយគុណភាពខ្ពស់ ។
លោកស្រី បណ្ឌិត សឿ សុជាតា បានមានប្រសាសន៍ថាៈ ក្រសួងអប់រំ យុវជន និងកីឡា ក៏បានដាក់នូវវិញ្ញាសា ចំនួន ៣ សម្រាប់សិស្សានុសិស្ស ចូលរួមប្រកួតប្រជែងដោយមាន វិញ្ញាសា ការអានអត្ថបទ ការស្មូតកំណាព្យ និងការតែងនិពន្ធ ។ ដើម្បីលើកកម្ពស់ការអាន ស្មូតកំណាព្យ និងតែងនិពន្ធ ក្នុងចំណោមយុវជន និងកុមារកម្ពុជា និងដើម្បីអបអរសាទរ ទិវាជាតិអំណាន ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំកម្មវិធីប្រឡងប្រណាំងអាន ស្មូតកំណាព្យ និងតែងនិពន្ធ “ពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន” ជារៀងរាល់ឆ្នាំ។
លោកស្រី បានមានប្រសាសន៍ទៀតថាៈ ព្រឹត្តការណ៍នៃការប្រកួតអាន ស្មូតកំណាព្យ និងតែងនិពន្ធនេះ នឹងជួយលើកស្ទូយ ភាសាជាតិ តាមរយៈការស្នងតំណែង របស់យុវជន ជំនាន់ក្រោយ ។ ជាតិសាសន៍ខ្មែរ សំខាន់ត្រង់មានភាសានិយាយផង និងសរសេរផង ដូច្នេះទើបក្រសួងអប់រំ យុវជន និងកីឡា និងភាគីពាក់ព័ន្ធ ខិតខំពង្រឹងវិស័យតែងនិពន្ធ មកនៅត្រឹមកម្រិត ថ្នាក់វិទ្យាល័យ បន្តបន្ទាប់មក នៅថ្នាក់អនុវិទ្យាល័យ និងបឋមសិក្សា។
ទិវាជាតិអំណាននេះ ប្រារព្ធឡើង ក្នុងគោលបំណងបណ្ដុះទម្លាប់អានដែលសំដៅលើ ការការពារ និងពង្រឹងវប្បធម៌ អរិយធម៌ខ្មែរ។
គួបញ្ជាក់ថាៈ ចំពោះសិស្សជ័យលាភី ដែលបានដែលបានប្រឡងជាប់ នៅថ្នាក់ស្រុកនេះ នឹងបន្តយកមកប្រកួតប្រជែង នៅថ្នាក់ខេត្តបន្តទៀត។
នៅចុងបញ្ចប់ លោកស្រី បណ្ឌិត សឿ សុជាតា បានឧបត្ថម្ភរង្វាន់ ដល់សិស្សានុសិស្ស ដែលទទួលជ័យលាភី រង្វាន់លើកទឹកចិត្ត ផ្នែកអាន ស្មូតកំណាព្យ និង តែងនិពន្ធ និងឧបត្ថម្ភថវិកា ដល់លោកគ្រូអ្នកគ្រូ៕/V-PC