​ក្រុមអាជីវករ​ក្នុង​ខណ្ឌ​ច្បារអំពៅ​បាន​សិក្សា​ស្វែងយល់​ពី​ច្បាប់​ស្តីពី​ផ្លូវថ្នល់​

1036
ចែករម្លែក

​ដោយៈ​ឆាយា​នាថ​/​ភ្នំពេញៈ​ប្រជាពលរដ្ឋ​ជា​អ្នក​ប្រកបមុខរបរ​លក់ដូរ​មុខផ្ទះ និង ធ្វើ​អាជីវកម្ម​ផ្សេងៗ តាម​បណ្តោយ​សងខាង​ផ្លូវជាតិ​លេខ​១ ក្នុងភូមិ​សាស្ត្រ​ខណ្ឌ​ច្បារអំពៅ បានមក​សិក្សា​ស្វែងយល់ ក្នុង​កិច្ចប្រជុំ​ពិគ្រោះ​យោបល់ ស្តីពី​ការលើកកម្ពស់​សមត្ថភាព​យល់ដឹង ស្តីពី​ដី​ចំណីផ្លូវ​នៅ​កំណាត់​ផ្លូវជាតិ​លេខ​១ ដំណាក់កាល​ទី​៤​។​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​នេះ​បានរៀបចំ​ឡើង​ដោយ​ក្រសួង​សាធារណការ និង ដឹកជញ្ជូន និង សាលា​រាជធានី​ភ្នំពេញ គាំទ្រ​ដោយ​អង្គការ ចៃ​ការ ( JICA ) នា​ព្រឹក ថ្ងៃទី​២៧ ខែមេសា ឆ្នាំ​២០១៨ ។

​នៅក្នុង​ការធ្វើ​បទ​បង្ហាញ អំពី​ច្បាប់ បទ​ប្បញត្តិ មុខងារ និង ការប្រើប្រាស់​ដី​ចំណី​ផ្លូវថ្នល់​, មន្ត្រី​ការិយាល័យ គ្រប់គ្រង​ដី​ច​នី​ផ្លូវថ្នល់ នៃ ក្រសួង​សាធារណៈការ និង ដឹកជញ្ជូន បានឱ្យដឹងថា បន្ទាប់ពី​កំណាត់​ផ្លូវជាតិ​លេខ​១ បាន​ស្ថាបនា​រួច គេ​សង្កេតឃើញថា ហាក់ដូច​ជាមាន​ភាពអនាធិបតេយ្យ​តាម​សងខាង​ផ្លូវ​។ ដោយសារ​ប្រជាពលរដ្ឋ​ភាគច្រើន ដែលមាន​លំនៅដ្ឋាន​សងខាង​ផ្លូវ បាន​យក​ដី​ចំណីផ្លូវ​របស់​រដ្ឋ​មកចាក់​ដី​លុប និង សាងសង់​តូប​លក់ដូរ និង ធ្វើ​អាជីវកម្ម​ផ្សេងៗ ដែល​ធ្វើឱ្យប៉ះពាល់​សោភ័ណភាព​ផ្លូវ និង សណ្តាប់ធ្នាប់​សាធារណៈ ។​

​មន្ត្រី​ជំនាញ រូបនោះ បាន​ពន្យល់ថា​ដី​ចំណីផ្លូវ គឺ​សំដៅ​ដល់​ដី នៅ​សងខាង​ខ្សែបន្ទាត់ ផ្ចិត​នៃ​ផ្លូវថ្នល់ ព្រមទាំង​ទំហំ​ចំណីផ្លូវ​ថ្នល់ ទុក​បម្រុង​សម្រាប់​ការគ្រប់គ្រង ការអភិវឌ្ឍន៍ និង ការការពារ​ផ្លូវថ្នល់ ធានា​សុវត្ថិភាព​ចរាចរណ៍ និង សម្រាប់​ការប្រើប្រាស់ បម្រើឱ្យ​ការងារ​ហេដ្ឋារចនាសម្ព័ន្ធ​រូបវ័ន្ត​ផ្សេងៗ​ទៀត ដែល​បាន​កំណត់ដោយ​ខ្សែ បន្ទាត់​ព្រំដី​ចំណីផ្លូវ​។

​នៅក្នុង​មាត្រា​៣២ នៃ​ច្បាប់​ស្តីពី​ផ្លូវថ្នល់ បាន​លើកឡើងថា​ការជីក​កប់ ការជីក​គាស់ ការ​ចោះ​ឃួ​ង ឬ សកម្មភាព​ផ្សេងទៀត សម្រាប់​បម្រើការ​ងារ​អា​ជីវ​កម្ម ដែល​អាច​បង្ក​ឱ្យ​ខូចខាត​និង ប៉ះពាល់​តួ​ផ្លូវ ទ្រូងផ្លូវ ជាយ ឬ ចិញ្ចើមផ្លូវ ដី​ចំណីផ្លូវ និង ការដំឡើង​ផ្ទាំង​ផ្សាយពាណិជ្ជកម្ម ឬ ការលើក​តាំង​បង្ហាញ​ប៉ាណូ​ផ្សេងៗ នៅតាម​ដងផ្លូវ ឬ ដី​ចំណីផ្លូវ ត្រូវ​មានការ​អនុ​ញ្ញា​ត្ត​ជា​លាយលក្ខណ៍អក្សរ ពី​សមត្ថកិច្ច​គ្រប់គ្រង​ផ្លូវថ្នល់​។

​អ្នកអនុវត្ត​កា​ងារ ត្រូវ​ចាត់​វិធានការណ៍​សណ្តាប់​ធ្នាប់ សម្រួល​ចរាចរណ៍ ការពារ​នឹង​ឧបទ្ទវហេតុ​ផ្សេងៗ​ដែល​កើតមានឡើង ជាយថាហេតុ ការពារ​បរិស្ថាន​ឱ្យបាន​ត្រឹមត្រូវ និង​ត្រូវគោរព​តាម​ការណែនាំ​របស់​សម​ត្ថ​កិច្ច​ជំនាញ​។ អ្នកអនុវត្ត​ការងារ ដូច​មានចែង​ក្នុង​កថាខណ្ឌ​ខាងលើ បន្ទាប់ពី​បញ្ចប់​ការងារ​របស់ខ្លួន ត្រូវ​ធានា​ប្រក្រតីភាព​ផ្លូវថ្នល់ ឱ្យមាន​ស្ថានភាព​ដូចដើម​វិញ​។​

​លោក​ចេង មុនី​រ៉ា អភិបាលខណ្ឌ​ច្បារអំពៅ បាន​លើកឡើងថា កន្លងមកនេះ បន្ទាប់ពី​កំណាត់​ផ្លូវជាតិ​លេខ​១ ដំណាក់កាល​ទី​៤ បាន​ស្ថាបនា​រួច​, រដ្ឋបាល​ខណ្ឌ តែងតែ​ចុះ​រៀបចំ​សណ្តាប់ធ្នាប់ និង ពន្យល់​ប្រជាពលរដ្ឋ​ដែល​ប្រកប​របរ​លក់ដូរ​តាម​មុខផ្ទះ​នីមួយៗ ជាប់​ជាប្រចាំ​ទាក់ទង​ទៅនឹង​សណ្តាប់ធ្នាប់​សាធារណៈ​នេះ​។ ជាមួយគ្នានេះ លោក​អភិបាលខណ្ឌ បាន​ណែនាំ​ដល់​ប្រជាពលរដ្ឋ ចូលរួម​គោរព​ឱ្យបាន​តាម​ការណែនាំ​រប​ស់​អាជ្ញាធរ ដោយ​មិន​ត្រូវយក​ចិញ្ចើមផ្លូវ ឬ ផ្លូវ​ថ្មើរជើង ទៅធ្វើ​អាជីវកម្ម​ផ្ទាល់ខ្លួន​ឡើយ​៕S/​

​ក្រុមអាជីវករ​ក្នុង​ខណ្ឌ​ច្បារអំពៅ​បាន​សិក្សា​ស្វែងយល់​ពី​ច្បាប់​ស្តីពី​ផ្លូវថ្នល់​