ដោយៈ បូកគោ/កំពតៈ ស្ត្រីម្នាក់ បានស្លាប់នៅនឹងកន្លែង ចំណែកយុវជន ពីរនាក់ទៀត រងរបួសធ្ងន់ ដោយសាររថយន្ត បុកម៉ូតូ ពេលធ្វើដំណើរស្របទិសគ្នា។ ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ២និង៣០នាទី រសៀលថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២១ នៅលើដងផ្លូវជាតិលេខ៣ ស្ថិតក្នុងភូមិទ្វារថ្មី ឃុំព្រៃថ្នង ស្រុកទឹកឈូ ខេត្តកំពត។
សមត្ថកិច្ច បានប្រាប់ឱ្យដឹងថាៈ ស្ត្រីដែលបាត់បង់ជីវិត ឈ្មោះ សៅ យ៉ាន អាយុ ៦៧ឆ្នាំ។ ចំណែកអ្នករងរបួស រួមមាន ១. ឈ្មោះ សុះ អ៊ីម៉ាន់ ភេទប្រុស អាយុ ១៧ឆ្នាំ, ២.ឈ្មោះ សុះ អ៊ីសើ ភេទប្រុស អាយុ ១៤ឆ្នាំ។ អ្នកទាំងបីរស់នៅភូមិទ្វារថ្មី ឃុំព្រៃថ្នង ស្រុកទឹកឈូ ខេត្តកំពត។ ចំណែកអ្នកបើកបររថយន្ត ឈ្មោះ លូ គឹមឡេង ភេទស្រី អាយុប្រហែល ២៩ឆ្នាំ រស់នៅសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
ប្រភពដដែល បានរៀបរាប់ថាៈ មុនគ្រោះថ្នាក់កើតឡើង គេឃើញម៉ូតូមួយគ្រឿងធ្វើដំណើរ ពីទិសខាងកើត ដោយមានអ្នកជិះបីនាក់។ លុះដល់ចំណុចកើតហេតុម៉ូតូបានបត់ឆ្វេង បម្រុងចុះពីផ្លូវជាតិ។ ស្រពពេលនោះក៏មានរថយន្តម៉ាកតូយ៉ូតា ឡង់គ្រីស័រ មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2S.6066 មកពីក្រោយ បានបុកពេញទំហឹង បណ្តាលឱ្យម៉ូតូដួល និងអ្នកជិះខ្ទាត ដេករដូករណែល លើផ្លូវតែម្តង។
សមត្ថកិច្ច បានបញ្ជាក់ថាៈ ភ្លាមៗ ពេលអ្នកជិតខាង ចូលទៅជួយ ស្រាប់តែឃើញស្ត្រី ដែលជិះពីក្រោយ បាត់បង់ជីវិតទៅហើយ។ ចំណែកយុវជន ពីរនាក់ទៀត បានរងរបួសធ្ងន់ ទើបទំនាក់ទំនងហៅ រថយន្តដឹកបញ្ជូន ទៅមន្ទីរពេទ្យបង្អែកខេត្តកំពតដើម្បីសង្គ្រោះ បន្ទាន់៕/V-PC