ដោយៈ អង្គារ៍ហេង/ភ្នំពេញៈ កាលពីវេលាម៉ោង ១១នឹង២០នាទីយប់ ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២១ មានករណីនារីរូបស្រស់សោភាម្នាក់ដាច់ចិត្តប៉ុនប៉ងលោតទឹក ពីលើស្ពាន ជ្រោយចង្វារ សម្លាប់ខ្លួនតែមិនបានសម្រេច ទីតាំងនៅត្រង់ចំណុចលើស្ពានជ្រោយចង្វារថ្មី ស្ថិតនៅក្នុងសង្កាត់ ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
មុនពេលកើតហេតុ គេឃើញនារីខាងលើ ជិះម៉ូតូឡាំប្រឺតា (កង់បីឥណ្ឌា) មួយគ្រឿង រួចក៏បើកឡើង ស្ពានជ្រោយចង្វារថ្មី ក្នុងទិសដៅពីខាងលិច ទៅខាងកើត បានពាក់ កណ្តាលស្ពាន ក៏ស្រាប់តែឲ្យម៉ូតូកង់បីឥណ្ឌានោះឈប់ រួចហើយ ក៏ឈរយំបានមួយសន្ទុះ បន្ទាប់មក ក៏ប៉ុនប៉ងធ្វើសកម្មភាព លោតទឹកសម្លាប់ខ្លួនតែម្ដង ប៉ុន្តែត្រូវបានម្ចាស់ឡាំប្រឺតា ឃាត់ទាន់ពេលវេលា ហើយបាននាំមកកាន់សមត្ថកិច្ចគោលដៅ នៅរង្វង់មូលគួចកាណុង ដើម្បីសួរនាំ។ មូលហេតុដែលនារីរូបស្រស់ ចង់លោតទឹកសម្លាប់ខ្លួន គឺមកពីឈ្លោះគ្នា ជាមួយសង្សារ ហើយនាងក៏ជិះកង់បីឥណ្ឌា ទៅដល់លើស្ពានជ្រោយចង្វារតែម្ដង។ បន្ទាប់ពីសួរនាំរួច សមត្ថកិច្ចស្រះចក ក៏បានយកនារីរូបនោះ សាកសួរនៅប៉ុស្តិ៍បន្ថែម រួចបានទំនាក់ទំនង ទៅក្រុមគ្រួសារ ដើម្បីមកទទួលយកទៅផ្ទះវិញ៕/V-PC