សក្តានុពល នៃ​សម្រស់​ធម្មជាតិ នៅ​តំបន់ភ្នំ​ទឹក ស្រុក​កំពង់ត្រាច ពោរពេញ​ដោយ​ភាព​ទាក់ទាញ​

ដោយៈ បូកគោ / កំ​ពតៈ តំបន់ភ្នំ​ទឹក មាន​ទីតាំង​ក្បែរ ព្រំដែន​កម្ពុជា​-​វៀតណាម ស្ថិតក្នុង​ភូមិសាស្ត្រ នៃ​ឃុំ​បឹង​សាលា​ខាងត្បូង និង​ឃុំ​ឫស្សីស្រុក​ខាងកើត ស្រុក​កំពង់ត្រាច ហ៊ុមព័ទ្ធ​ដោយ​ទឹក​រួមជាមួយ​រុក្ខជាតិ​ពណ៌​បៃតង់​ស្រស់​គ្រប់​រដូវ​កាល​។ អ្នក​សហគមន៍ ចង់ឱ្យ​ផ្នែក​ពាក់ព័ន្ធ រៀបចំ​តំបន់​នេះ ជា​រមណីយដ្ឋាន បែប​ធម្មជាតិ​មួយ​។​

​មគ្គុទ្ទេសក៍​ទេសចរណ៍ ប្រចាំ​តំបន់ការពារធម្មជាតិ អន្លង់​ព្រីង និង​ភ្នំ​ទឹក លោក បូ ណា បាន​រៀបរាប់ថា​´ ប្លែក​ពី​មណ្ឌល​កម្សាន្ត​នានា ក្នុងស្រុក​កំពង់​តាច តំបន់ភ្នំ​ទឹក សម្បូរ​ដោយ​ទឹក មិនចេះ​រីងស្ងួត រួមជាមួយ​រុក្ខជាតិ​បៃតង​ស្រស់ គ្របដណ្តប់​រាប់រយ​ហិកតា​។ ទីនេះ ជា​ជម្រក​នៃ​មច្ឆា និង​ជីវចម្រុះ ព្រមទាំង​ជា​កន្លែង រក​ចំណីអាហារ របស់​សត្វ​ក្របី ក៏ដូចជា សត្វ​ស្លាប​នានា ពិសេស​ពពួក​ក្រៀល ដែលជា​ប្រភេទ​សត្វ ជិត​ផុត​ពូជ​ផងដែរ​។​

​អ្នក​នាំ​ភ្ញៀវ បាន​បន្តថាៈ នៅ​បាត​ភ្នំ មាន​ល្អាង​ទឹក​ដ៏​ថ្លា ប្រកបដោយ​ភាព​ត្រជាក់ ហើយ​ទេសចរ ក៏​អាច​ជិះទូក​គយគន់​ផ្ទាំង​ថ្ម ដែលមាន​សណ្ឋាន ខុសៗ​គ្នា​នោះ​។ ចំណែក​បរិវេណ​កណ្តាល​ភ្នំ មាន​រូង​ធំៗ គ្របដណ្តប់​ដោយ​រុក្ខជាតិ វល្លិ​តោង​ជាប់​ផ្ទាំង​ថ្ម ប្រៀបបាន​នឹង​ទស្សនីយភាព​មួយ ដែល​បង្ហាញ​ពី​កិច្ចខិតខំ​តស៊ូ ដើម្បី​ជីវិត​ក្នុង​ការទទួល ពន្លឺព្រះអាទិត្យ​។​

​ប្រជា​សហគមន៍ ការពារ​ធម្មជាតិ អន្លង់​ព្រីង បាន​រៀបរាប់ថាៈ ភ្នំ​ទឹក ចែកចេញជា ពីរ​ផ្នែក គឺ​ភ្នំ​ទឹកធំ និង​ភ្នំ​ទឹកតូច ដែលជា​គោលដៅ ទេសចរណ៍​ដ៏​សំខាន់ សម្រាប់​ត​ភ្ជាប់​កញ្ចប់​ទស្សនកិច្ច តំបន់ការពារធម្មជាតិ អន្លង់​ព្រីង​។ តំបន់ភ្នំ​ទឹក ក៏មាន​ទីទួល​ដែល​ភ្ញៀវ អាច​បោះតង់​សម្រាកលម្ហែ ក្បែរ​មាត់ទឹក ដើម្បី​គយគន់​សម្រស់​ធម្មជាតិ បក្សាបក្សី ទេសភាព​ដងភ្នំ មើល​ថ្ងៃ​រះ និង​ថ្ងៃ​លិច​ផងដែរ​។​

​អ្នក​សហគមន៍ បានបញ្ជាក់​ថាៈ ជារឿយៗ ប្រជាពលរដ្ឋ បានស្នើ​សុំ​ដល់​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​ពាក់ព័ន្ធ ជួយ​រៀបចំ​តំបន់ភ្នំ​ទឹក ឱ្យ​ក្លាយជា​រមណីយដ្ឋាន​មួយ ស្របតាម​សក្តានុពល ពី​ធម្មជាតិ ដែល​កំពុងមាន​ស្រាប់​។ លើសពីនោះ ក្នុងនាម​សហគមន៍ ប្រជាពលរដ្ឋ ក៏​សំណូម​សូមឱ្យ​គ្រប់​មជ្ឈដ្ឋាន មេត្តា​ចូលរួម​អភិរក្ស តំបន់ភ្នំ​ទឹក ទុកជា​ប្រយោជន៍ ទាំង​ពពួក​មច្ឆា សត្វ​គ្រប់​ប្រភេទ និង​សម្រាប់​មនុស្ស​ទូទៅ​៕/V​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular