ដោយៈ សរិទ្ធ / កំពង់ស្ពឺៈ បុរសចំណាស់ម្នាក់ ដែលបានអា.ក សម្លាប់ប្រពន្ធ យ៉ាងព្រៃផ្សៃ ព្រោះខឹងប្រពន្ធ ខ្ចីលុយធនាគារច្រើនកន្លែងពេកនោះ បានត្រូវតុលាការ សម្រេចឃុំខ្លួន ដាក់ពន្ធនាគារ នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២១ ក្រោមការចោទប្រកាន់ ពីបទឃាតកម្ម។
ឃាតក មានឈ្មោះ ពុធ ថាន អាយុ ៧០ ឆ្នាំ ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួន កាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២១ ពាក់ព័ន្ធការ អា.ករ សម្លាប់ប្រពន្ធ យ៉ាងព្រៃផ្សៃ ព្រោះខឹងប្រពន្ធ ខ្ចីលុយធនាគារ ច្រើនកន្លែងពេក ។ ការឃាត់ខ្លួនឃាតក បានដោយជោគជ័យនេះ ក្រោមការដឹកនាំបញ្ជាផ្ទាល់ ពីលោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនគរបាល ខេត្តកំពង់ស្ពឺ និងសម្របសម្រួលនីតិវិធី ពីលោកស្រី ចាត សូរស្មី ព្រះរាជអាជ្ញា អមសាលាដំបូង ខេត្តកំពង់ស្ពឺ ។
សមត្ថកិច្ច បានអោយដឹង នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២១ នេះ ថាៈ អំពើឃាតកម្ម យ៉ាងព្រៃ ផ្សៃនេះ គឺកើតឡើង កាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២១ កន្លងទៅ នៅចំណុចក្នុងចំការស្វាយ ភូមិព្រៃទទឹង ឃុំក្រាំងដីវ៉ាយ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។ ជនរងគ្រោះ ឈ្មោះ ជឹម ផា ភេទស្រី អាយុ៥៥ឆ្នាំ មូលហេតុ នៃអំពើឃាតកម្មនេះ គឺដោយសារប្រពន្ធបានជំពាក់លុយ ធនាគារ ច្រើនកន្លែងពេក ខ្ចីពីមួយ ទៅសងមួយ មិនសល់លុយ ទើបឈានទៅដល់ជ្រុលដៃ សម្លាប់ប្រពន្ធតែម្តង ៕/V-PC