ដោយៈ រ៉ាម៉ន / ភ្នំពេញៈ នៅព្រឹកថ្ងៃសៅរ៍ ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ ២០២១ នេះ នៅសាលា សង្កាត់ផ្សារដេប៉ូទី២ ក្រុមការងារអនុសាខា កាកបាទក្រហមកម្ពុជា ខណ្ឌទួលគោក បានរៀបចំពិធីសាកសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជាជូនដល់ ចាស់ជរា ស្ត្រីមេម៉ាយ និងជនពិការ ៣៣ គ្រួសារ រស់នៅសង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក ។
ចាស់ជរា ស្ត្រីមេម៉ាយ និងជនពិការ ៣៣ គ្រួសារនេះ គឺចាស់ជរា ១០ គ្រួសារ ស្ត្រីមេម៉ាយ ១០ គ្រួសារ ជនពិការ ៣ គ្រួសារ និងប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត ១០ គ្រួសារ សរុបចំនួន ៣៣ គ្រួសារ ។ បិធីនេះ បានប្រព្រឹត្តទៅ ក្រោមវត្តមានលោក ទេសរដ្ឋមន្ត្រី កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និងលោក ឯក ឃុនដឿន អភិបាលខណ្ឌទួលគោក និងជាប្រធានកិត្តិយស អនុសាខាកាកបាទក្រហម កម្ពុជា ខណ្ឌទួលគោក។
ក្នុងនាមអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌទួលគោក លោកកិត្តិនីតិកោសលបណ្ឌិត បានពាំនាំនូវការផ្តាំផ្ញើ សាកសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែបានគិតគូរយកចិត្តទុកដាក់ជាប់ ជានិច្ច ចំពោះសុខទុក្ខប្រជាពលរដ្ឋ គ្រប់ក្រុមគ្រួសារ និងគ្រប់ទីកន្លែងដោយមិនប្រកាន់ ពីនិន្នាការនយោបាយ ជាតិសាសន៍ សាសនា វណ្ណៈ ពណ៌សម្បុរអ្វីទាំងអស់ ពោលគឺ ” កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា -មិនទុកនរណាម្នាក់ចោល “។ លោកក៏សូមអំពាវនាវដល់ លោកតា លោកយាយ បងប្អូនទាំងអស់ យកចិត្តទុកដាក់ ពីសុខភាព ជាពិសេសបន្តការពារ និងរក្សាអនាម័យជានិច្ច តាមការណែនាំរបស់ ក្រសួងសុខាភិបាល ដើម្បីចូលរួមទប់ស្កាត់ បង្ការហានិភ័យ ពីការឆ្លងជំងឺកូវីដ១៩ ទាំងអស់គ្នា ដោយផ្តើមចេញពីខ្លួនយើង។
មន្ត្រីរដ្ឋបាលខណ្ឌ បានឱ្យដឹងថាៈ អំណោយមនុស្សធម៌ ដែលបានចែកជូននោះ គឺក្នុង ១គ្រួសារៗ ទទួលបានអង្ករ ២៥ គីឡូក្រាម មី១កេស ទឹកត្រី១យួរ និងថវិកាចំនួន៤ ម៉ឺនរៀល ៕/V-PC