ប្រែសម្រួលៈវាសនា/ប៉េកាំង(ស៊ីនហួរ)៖ចិនសង្ឃឹមថាអាម៉េរិកនឹងសម្លឹងមើលចិននិងទំនាក់ទំនងចិន-អាម៉េរិក ក្នុងផ្លូវផ្អែកលើការពិតនិងមានហេតុផល អនុវត្តគោលនយោបាយចិនបែបស្ថាបនានិងវិជ្ជមាន សម្របសម្រួលជាមួយចិន ផ្តោតលើកិច្ចសហការគ្នា និងគ្រប់គ្រងការខ្វែងគំនិតគ្នាដើម្បីជំរុញការអភិវឌ្ឍទំនាក់ទំនងទ្វេភាគីប្រកបដោយសុខភាពនិងចីរភាព,នេះបើតាមអ្វីដែលអ្នកនាំពាក្យក្រសួងការបទេសចិនបាននិយាយកាលពីថ្ងៃសុក្រ។
អ្នកនាំពាក្យក្រសួងការបទេសចិនលោក វ៉ាង វេនប៊ិន
អ្នកនាំពាក្យលោក វ៉ាង វេនប៊ិន បាននិយាយដូច្នេះ នៅពេលត្រូវបានគេសួរអំពីសុន្ទរកថារបស់លោក ចូ បៃដិន កាលពីពេលថ្មីៗ ដែលប្រធានាធិបតីអាម៉េរិករូបនេះបានហៅចិនថាជា«គូប្រជែងគីឡូធ្ងន់បំផុត»របស់ប្រទេសលោក។
ដោយសង្កត់ធ្ងន់អំពីតួនាទីរបស់ចិននៅក្នុងការស្ថាបនាសន្តិភាពពិភពលោក ជាអ្នកចូលរួមចំពោះការអភិវឌ្ឍសកលនិងជាអ្នកការពារសណ្តាប់ធ្នាប់អន្តរជាតិ លោកវ៉ាង បាននិយាយថា ការអភិវឌ្ឍរបស់ចិននឹងកាន់តែពង្រឹងសន្តិភាព ហើយចិនតាំងចិត្តចំពោះការបង្កើតទំនាក់ទំនងមិត្តភាពនិងបែបសហការជាមួយបណ្តាប្រទេសនៅជុំវិញពិភពលោក។
លោកបានបន្តថា ក្នុងនាមជាមហាអំណាចពិភពលោក ចិននិងអាម៉េរិកចែករំលែកផលប្រយោជន៍រួមនិងរែកពន្ធការទទួលខុសត្រូវពិសេសនិងសំខាន់នៅក្នុងការការពារសន្តិភាពនិងស្ថិរភាពពិភពលោក ព្រមទាំងជំរុញវិបុលភាពនិងការអភិវឌ្ឍសកល។ដូចទំនាក់ទំនងរវាងប្រទេសដទៃទៀតដែរ ចិននិងអាម៉េរិកមុខជាមានការខ្វែងគំនិតគ្នាខ្លះតែផលប្រយោជន៍រួមវាហួសនិងលុបលើការខ្វែងគំនិតគ្នា។តាមរយៈកិច្ចសហការគ្នាចិននិងអាម៉េរិកអាចសំរេចបានបញ្ហាធំៗជាច្រើន ដែលផ្តល់ប្រយោជន៍ដល់ប្រទេសទាំងពីរ និងពិភពលោក។
តែនៅពេលក្រោយមកបន្តិចថ្ងៃដដែល រដ្ឋមន្ត្រីការបរទេសអាម៉េរិកថ្មីលោក អ៊ែនថូនី ប្លិនគិន បានគាបសង្កត់ចិនរឿងការប្រព្រឹត្តិរបស់រដ្ឋាភិបាលក្រុងប៉េកាំងលើជនជាតិភាគតិចអ៊ុយហ្គួរនៅតំបន់ស៊ីនជាំង ជនជាតិទីបេតិ៍ បញ្ហាហុងកុង រួមទាំងច្រកសមុទ្រតៃវ៉ាន់។
លោកប្លិនគិនបានសរសេរបង្ហោះថា «ខ្ញុំបានបញ្ជាក់ច្បាស់ថាអាម៉េរិកនឹងការពារផលប្រយោជន៍ជាតិយើង ងើបឈរឡើងដើម្បីតំលៃប្រជាធិបតេយ្យរបស់យើង និងអោយរដ្ឋាភិបាលទទួលខុសត្រូវចំពោះការរំលោភប្រព័ន្ធអន្តរជាតិ» នៅក្នុងនិយាយទូរស័ព្ទជាមួយមន្ត្រីការទូតជាន់ខ្ពស់ចិនលោក យ៉ាង យីជី ។
សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសមួយបាននិយាយថាក្នុងការហៅទូរស័ព្ទកាលពីថ្ងៃសុក្រ លោកប្លិនគិនបានប្រាប់លោកយ៉ាងថា អាម៉េរិក«នឹងបន្តគាំទ្រសិទ្ធិមនុស្ស និងតំលៃប្រជាធិបតេយ្យ រួមមានស៊ីនជាំង ទីបេតិ៍និងហុងកុង។លោករដ្ឋមន្ត្រី ក៏គាបសង្កត់ចិនអោយចូលរួមក្នុងសហគមន៍អន្តរជាតិក្នុងការថ្កោលរដ្ឋប្រហារយោធានៅមីយ៉ាន់ម៉ាផងដែរ»។
ទោះជាយ៉ាងណា កាលពីដើមខែ កាលពីថ្ងៃ០២កុម្ភៈអ្នកការទូតកំពូលរបស់ចិនលោក យ៉ាង យីជិ បានអំពាវនាវអោយចិននិងអាម៉េរិកស្តារទំនាក់ទំនងរបស់គេឡើងវិញតែលោកក៏បានព្រមានទុកថា «ការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ចិនរួមមានបញ្ហាស៊ីនជាំង ទីបេតិ៍ ហុងកុង តៃវ៉ាន់ និងបញ្ហាសមុទ្រចិនខាងត្បូង គឺជា«បន្ទាត់ក្រហមមួយដែលមិនត្រូវឆ្លងកាត់»។
លោកយ៉ាងបាននិយាយថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ត្រូវតែឈប់ជ្រៀតជ្រែកចូលក្នុងបញ្ហាដែលចិនគិតថាជាកិច្ចការផ្ទៃក្នុងរបស់ខ្លួន៕