Home ព័ត៌មានសំខាន់ៗ រាប់ពាន់​នាក់...

រាប់ពាន់​នាក់​ចេញ​មក​ប្រឆាំង​រដ្ឋប្រហារ​នៅ​មី​យ៉ាន់​ម៉ា​

​ប្រែ​សម្រួលៈ​វាសនា​/​យ៉ាងហ្គោន​៖​មនុស្ស​រាប់ពាន់​នាក់​កាលពី​ថ្ងៃ​សៅរ៍​បាន​ចេញ​មក​តាម​ដង​ផ្លូវ​នៃ​ក្រុង​យ៉ាងហ្គោន​ដើម្បី​ថ្កោលទោស​រដ្ឋប្រហារ​យោធា និង​ទាមទារ​អោយ​ដោះលែង​មេដឹកនាំ​ជាប់ឆ្នោត​អ៊ុង សាន ស៊ូ​ជី ក្នុង​បាតុកម្ម​ធំ​លើក​ដំបូង​ចាប់តាំងពី​ពួក​ឧត្តមសេនីយ៍​ដណ្តើម​អំ​ណាច​កាលពី​ថ្ងៃ​ចន្ទ​មក​។​

​បាតុករ​ប្រមាណ​១​ពាន់​នាក់​ដើរ​ដង្ហែ​តាម​ផ្លូវ​នៅ​ជិត​សកល​វិទ្យាល័យ​យ៉ាងហ្គោន ដោយ​លើក​ម្រាមដៃ​៣​ជា​និម្មិត​រូប​តស៊ូ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​

​ពួក​អ្នក​ប្រឆាំង​តវ៉ា បាន​ស្រែក​ថា « មេដឹកនាំ​ផ្តាច់ការ​យោធា បរាជ័យ បរាជ័យ​។ លទ្ធិប្រជាធិបតេយ្យ ឈ្នះ ឈ្នះ »​។​ពួកគេ​ក៏​បាន​ទាមទារ​អោយ​ដោះលែង​ជ័យលាភី​រង្វាន់​ណូបែល​សន្តិភាព អ៊ុង សាន ស៊ូ​ជី​​និង​មេដឹកនាំ​ដទៃ​ទៀត​នៃ​គណបក្ស​សម្ពន្ធជាតិ​សំរាប់​លទ្ធិប្រជាធិបតេយ្យ​(NLD)​របស់​លោកស្រី ដែល​ត្រូវបាន​ចាប់ខ្លួ​នៅ​ក្រោយ​រដ្ឋប្រហា​រ​។​

​បដា​មួយ​នៅ​ជួរ​មុខ​នៃ​ក្បួន​ដង្ហែ​សរសេរថា​« ប្រឆាំង​ភាព​ផ្តាច់ការ​យោធា​» នៅ​ពេល​អ្នក​ប្រឆាំង​តវ៉ា​ជាច្រើន​ស្លៀកពាក់​ខោអាវ​ពណ៌​ក្រហម​និង​កាន់​ទង់​ក្រហម​ដែល​ជា​តំណាង​គណបក្ស​NLD​។​

​សូមបញ្ជាក់​ថា របប​យោធា​មី​យ៉ាន់​ម៉ា ព្យាយាម​បំបិទ​សម្លេង​ជន​ប្រឆាំង​ដោយ​បិទ​Facebook​ជា​បណ្តោះអាសន្ន​និង​នៅ​ថ្ងៃនេះ​បាន​បន្ត​បិទ​Twitter និង Instagram​បន្ថែម​ទៀត​នៅពេល​ខ្លួន​កាន់តែ​​ប្រឈម​នឹង​ចលនា​ប្រឆាំង​តវ៉ា​ខ្លាំង​ឡើង​។​

​ប្រមុខ​យោធា​មី​យ៉ាន់​ម៉ា លោក​មីន អ៊ុង​ហ្លាំង បាន​ដណ្តើម​អំណាច​ពី​រដ្ឋាភិបាល​ស៊ីវិល ដោយសារ​តែ​ចោទប្រកាន់ថា ការបោះឆ្នោត​សកល​កាលពី​ខែ​វិច្ឆិកា​ឆ្នាំមុន មាន​ការលួចបន្លំ​ដែល​នាំ​អោយ​គណបក្ស​NLD​ឈ្នះឆ្នោត​ភ្លូកទឹកភ្លូកដី​។​ទោះជា​យ៉ាងណា គណៈកម្មាធិការ​រៀបចំ​ការបោះឆ្នោត បាន​ច្រាន​ចោល​ការចោទប្រកាន់រ​បស់​ក្រុម​យោធា​។​

​ក្រុម​យោធា​បាន​ប្រកាស​ដាក់​ប្រទេស​ក្នុង​គ្រាអាសន្ន​រយៈពេល​១​ឆ្នាំ និង​សន្យា​ប្រគល់​អំណាច​នៅក្រោយ​ការបោះឆ្នោត​ថ្មី​មួយ​តែ​ការដណ្តើម​អំណាច​នេះ​បង្ក​ការ​ថ្កោលទោស​ជា​អន្តជាតិ ហើយ​ក្រុមប្រឹក្សា​សន្តិ​​សុខ​អង្គការសហប្រជាជាតិ​អំពាវនាវ​អោយ​ដោះលែង​អ៊ុង សាន ស៊ូ​ជី និង​អ្នក​ត្រូវបាន​ចាប់ខ្លួន​ទាំងអស់​។​

​អ៊ុង សាន ស៊ូ​ជី

ស៊ូ​ជី វ័យ​៧៥​ឆ្នាំ មិន​ត្រូវ​បាន​ឃើញ​ជា​សាធារណៈ​ចាប់តាំងពី​រដ្ឋប្រហារ តែ​លេខា​របស់​លោកស្រី​អះអាង​ថា​លោកស្រី​ត្រូវ​ឃុំខ្លួន​នៅក្នុង​ផ្ទះ​និង​មាន​សុខភាព​ល្អ​ទេ​។​ជ័យលាភី​រង្វាន់​ណូបែល​សន្តិភាព​រូបនេះ បាន​​ចំណាយពេល​១៥​ឆ្នាំ​ក្រោម​ការ​បង្ខាំង​នៅក្នុង​ផ្ទះ​ក្នុងអំឡុងពេល​តស៊ូ​ប្រឆាំង​នឹង​របប​យោធា​មុន​នៅ​មុន​មាន​អន្តរកាល​ប្រជាធិបតេយ្យ​នៅ​ឆ្នាំ​២០១១​។​

​មុន​នេះ​កាលពី​ថ្ងៃ​សៅរ៍ លោក​ស៊ីន ធឺ​ណែ​ល ទីប្រឹក្សា​សន្តិសុខ​សេដ្ឋកិច្ច​សញ្ជាតិ​អូស្ត្រាលី​របស់​ស៊ូ​ជី​បាន​និយាយ​នៅក្នុង​សារ​ផ្ញើ​មក​កាន់​ទីភ្នាក់ងារសារព័ត៌មាន​បរទេស​ថា លោក​ត្រូវបាន​ចាប់ខ្លួន​រីឯ​ការ​ទាក់​​ទៅ​លោក​ក៏​មិន​អាច​ធ្វើបាន​។​

​បាតុកម្ម​កាលពី​ថ្ងៃ​សៅរ៍ ជា​ការតវ៉ា​ប្រឆាំង​ធំ​លើក​ដំបូង​នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា ដែល​មាន​ប្រវត្តិ​បង្ក្រាប​បង្ហូរឈាម​លើ​អ្នក​ប្រឆាំង​តវ៉ា​។​ការតវ៉ា​ប្រឆាំង​នឹង​រដ្ឋប្រហារ​នៅ​មី​យ៉ាន់​ម៉ា​នេះ​ក៏​កើតមាន​នៅ​ក្រុង​​មែ​ល​ប៊ឺន របស់​អូស្ត្រាលី ក្រុង​តៃប៉ិះ​របស់កោះ​តៃវ៉ាន់ កាលពី​ថ្ងៃ​សៅរ៍​។​

​ក្រៅពី​ចេញមក​ប្រឆាំង​តវ៉ា ចលនា​មិន​ស្តាប់បង្គាប់​និង​មិន​គោរព​ច្បាប់​ស៊ីវិល​មួយ​ក៏​កំពុង​កើតមាន​នៅ​មី​យ៉ាន់​ម៉ា ដោយ​គ្រូពេទ្យ គ្រូ​បង្រៀន​មិន​ព្រម​ធ្វើការ និង​ប្រជាជន​នាំគ្នា​គោះ​ប៉ោត​គោះ​ចាន​​នៅពេល​យប់​ដើម្បី​បញ្ចេញ​កំហឹង​។​តែ​មនុស្ស​ប្រមាណ​៣០​នាក់​ត្រូវបាន​ចាប់​ខ្លួន​ក្នុង​ការប្រឆាំង​តវ៉ា​ដោយ​បញ្ចេញ​សម្លេង​បែបនេះ​៕

​អ្នករដ្ឋការ​មី​យ៉ាន់​ម៉ា ចូលរួម​ការមិន​ស្តាប់បង្គាប់​មិន​គោរព​ច្បាប់​ស៊ីវិល ដើម្បី​ប្រឆាំង​រដ្ឋប្រហារ​

​ប្រជាជន​គោះ​ឆ្នាំង​គោះ​ប៉ោង​ដើម្បី​បង្ហាញថា​ពួកគេ​ប្រឆាំង​រដ្ឋប្រហារ​

 

 

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular