ដោយៈ អង្គរតូច / សៀមរាបៈ នៅក្នុងតំបន់រមណីយដ្ឋានអង្គរ ប្រមូលផ្តុំទៅដោយ បេតិកភណ្ឌរស់ ដែលសម្បូរ ទាំងមរតកអរូបី និងរូបីជាច្រើន ហើយត្រូវបាន អ្នកស្រុកអង្គរ បន្តប្រតិបត្តិ យ៉ាងខ្ជាប់ខ្ជួន រហូតមកដល់បច្ចុប្បន្ន។
ជារៀងរាល់ឆ្នាំ ច្រើនជំនាន់មនុស្សមកហើយ ឱ្យតែដល់ខែមាឃ អ្នកស្រុកភូមិបង្កោង ឃុំអំពិល ស្រុកប្រាសាទបាគង នៃខេត្តសៀមរាប មិនដែលខកខាន ប្រារព្ធពិធីចាប់ត្រីរួម ជាលក្ខណៈសហគមន៍ ដើម្បីត្រៀមរៀបចំ ពិធីឡើងមាឃ តាមទំនៀមទម្លាប់ ពីបុរាណនោះឡើយ។
ចាប់ត្រីរួមគ្នា ត្រៀមឡើងមាឃ របស់អ្នកស្រុកអង្គរ នៅតែបន្តទំនៀម យ៉ាងខ្ជាប់ខ្ជួន
ការចាប់ត្រីរួមគ្នា ធ្វើឡើងនៅត្រពាំងបឹង ដែលជាត្រពាំងបុរាណ មានទឹកខួបប្រាំង ខួបវស្សា អ្នកស្រុក បានអភិរក្សទុក ការពារមិនអនុញ្ញាត ឱ្យនរណាម្នាក់ ចូលមកនេសាទផ្តេសផ្តាស ខុសពីខែមាឃនេះឡើយ។ លុះត្រាតែមានការសម្រេចគ្នា ពីគណៈកម្មការរៀបចំបុណ្យជាមុន ហើយកំណត់ថ្ងៃនេសាទរួម ទើបអ្នកភូមិ អាចទៅរកចាប់បាន។ ប៉ុន្តែត្រូវតែប្រើឧបករណ៍ នេសាទបុរាណ រួមមាន សំណាញ់ អង្រុត ឈ្នាង ជាដើម។
លោក ពេជ្រ ឃិន មេភូមិភូមិបង្កោង នៅព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានមានប្រសាសន៍ថាៈ ត្រីដែលចាប់បាននោះ មួយផ្នែកសម្រាប់ធ្វើម្ហូប លក្ខណៈគ្រួសារ រៀងៗខ្លួន មួយផ្នែកទៀត សម្រាប់ធ្វើទឹកនំបញ្ចុក និងធ្វើម្ហូបអាហាររួម សម្រាប់ពិធីឡើងមាឃ ឬបុណ្យឡើងអ្នកតា តាមទំនៀមបុរាណ។
ចាប់ត្រីរួមគ្នា ត្រៀមឡើងមាឃ របស់អ្នកស្រុកអង្គរ នៅតែបន្តទំនៀម យ៉ាងខ្ជាប់ខ្ជួន
លោកមេភូមិ បានឱ្យដឹងទៀតថាៈ ឆ្នាំនេះ សម្បូរត្រី។ ប៉ុន្តែដោយសារឆ្នាំនេះ មានភ្លៀងធ្លាក់ចុងឆ្នាំច្រើន ទឹកបឹងមិនសូវស្រក ការចាប់ត្រី ក៏បានតិច។ ហេតុដូច្នេះ បានជាត្រូវពន្យារ ការចាប់ត្រី ពីថ្ងៃ ៣កើត ខែមាឃ ដែលធ្លាប់ធ្វើរាល់ឆ្នាំ មកថ្ងៃ ៩រោច ខែមាឃវិញ។ ទោះបី ពិធីនេះ មិនបានប្រារព្ធ ក្នុងថ្ងៃណាមួយ ច្បាស់លាស់ តែមិនឱ្យហួស ពីខែមាឃនេះឡើយ។
ប្រជាជន ក្នុងភូមិបង្គោង យុវជនឈ្មោះ យឿន តារា ដែលក្រោកមកចាំចាប់ត្រី តាំងពីព្រលឹមស្រាងៗ បានសម្តែងចិត្តសប្បាយរីករាយ ដែលបានមកចាប់ត្រីរួមគ្នា និងបង្ហាញការសាមគ្គី របស់ប្រជាពលរដ្ឋ នៅក្នុងភូមិ ពិសេសរក្សាបាននូវ ទំនៀមទម្លាប់ ដែលមានតាំង ពីយូរលង់មកហើយ។ ក្នុងនាមជា យុវជន រូបគេ ចង់ឱ្យទំនៀមនេះ នៅតែបន្ត សម្រាប់ឱ្យកូនចៅជំនាន់ក្រោយ ស្គាល់រហូតតទៅ។
ចាប់ត្រីរួមគ្នា ត្រៀមឡើងមាឃ របស់អ្នកស្រុកអង្គរ នៅតែបន្តទំនៀម យ៉ាងខ្ជាប់ខ្ជួន
ជាមួយគ្នានោះ មន្ត្រីអាជ្ញាធរជាតិអប្សរា ក៍បានលើកឡើងថាៈ ការប្រារព្ធពិធីបុណ្យឡើងមាឃ ឬឡើងអ្នកតានេះ ជាផ្នែកមួយ នៃបេតិកភណ្ឌអរូបី។ ក្រៅពីបង្ហាញឱ្យឃើញ តម្លៃវប្បធម៌ ការថែរក្សាមរតកវប្បធម៌ ក៏បានឆ្លុះបញ្ចាំងពី សាមគ្គីភាព និងភាពរស់រវើក នៅតាមសហគមន៍ និងដើម្បីអបអរ ដល់ទិន្នផល ទទួលបាន ក្រោយពីបានប្រមូលផលស្រូវ រួចរាល់ហើយ។ ចំពោះ ពិធីនេះ ក៏មានការប្រារព្ធ ប្រហាក់ប្រហែលគ្នា នៅតាមស្រុក និងខេត្តមួយចំនួនទៀត ទូទាំងប្រទេសកម្ពុជា ផងដែរ៕/V