ដោយៈ រ៉ា​ម៉ន/កំពង់ឆ្នាំងៈ នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ទី​៦ ខែកុម្ភៈ ឆ្នាំ​២០២១ លោក ឈឹម សៅ​គី រដ្ឋលេខាធិការ ក្រសួង​អភិវឌ្ឍន៍ជនបទ និង​ជា​ប្រធាន​ក្រុមការងារ គណបក្ស​ប្រជាជន​កម្ពុជា ចុះ​មូលដ្ឋាន​ឃុំ​ត្បែងខ្ពស់ ស្រុក​សាមគ្គី​មានជ័យ ខេត្តកំពង់ឆ្នាំង និង​លោក សំរិត សាត អនុប្រធាន​ក្រុមការងារ រួមជាមួយ​លោក សាន វិសាល សមាជិក​ក្រុមការងារ ថ្នាក់កណ្តាល ព្រមទាំង​មន្ត្រី​ក្រុមការងារ​ថ្នាក់ស្រុក ថ្នាក់ឃុំ មេភូមិ​ស្រែ​សារ និង​យុវជន​ឃុំ បាន​អញ្ជើញ ជួប​សំណេះសំណាល និង​នាំយក​កង់ សៀវភៅ ប៊ិច ជូន​ដល់​ក្មួយៗ សិស្សានុសិស្ស​ក្រីក្រ ខ្វះ​លទ្ធភាព នៅ​ស្នាក់ការ​គណបក្ស ភូមិ​ស្រែ​សារ ឃុំ​ត្បែងខ្ពស់ ស្រុក​សាមគ្គី​មានជ័យ​។​

​មន្ត្រី​មូលដ្ឋាន បានឱ្យដឹងថាៈ ការដែល​លោក ឈឹម សៅ​គី ចែក​កង់​ដល់​សិស្ស​ក្រីក្រ នាឱកាស​នេះ គឺ​ដើម្បី​ជួយ​សម្រួល ជា​មធ្យោបាយ​ធ្វើដំណើរ និង​ការសិក្សា រៀនសូត្រ របស់​ពួកគេ ដែលមាន​ផ្ទះ​ឆ្ងាយ ដាច់ស្រយាល ពី​សាលារៀន និង​ស្ថានភាព​គ្រួសារ មាន​ជីវភាព​ខ្វះខាត​។​

​នៅ​ព្រឹក​ថ្ងៃ​ដដែល​នេះ លោក​ប្រធាន និង​ក្រុមការងារ បាន​អញ្ជើញ​ចុះ​ត្រួតពិនិត្យ អំពី​បច្ចុប្បន្នភាព នៃ​ការសាងសង់​បង្គន់​អនាម័យ ជំហាន​ទី​៤ ចំនួន ៧៨ បង្គន់​ទៀត ជា​ចុងក្រោយ ក្រោម​ការឧបត្ថម្ភ ពី​សំណាក់​ឯកឧត្តម លោក លោកស្រី ក្រុមការងារ គណបក្ស​ប្រជាជន​កម្ពុជា ចុះ​មូលដ្ឋាន​ឃុំ​ត្បែងខ្ពស់ នៅ​ភូមិ​មាន​កកើត ឃុំ​ត្បែងខ្ពស់ ស្រុក​សាមគ្គី​មានជ័យ ខេត្តកំពង់ឆ្នាំង​៕/V​-PC