ដោយ: សុខុម / ស្ទឹងត្រែង: នៅព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ ២០២១ នេះ សមត្ថកិច្ច បានប្រាប់ឲ្យដឹងថា ករណីចាក់សម្លាប់យុវជនម្នាក់ នៅភូមិបាដឺម ឃុំសាមឃួយ ស្រុកសេសាន ខេត្តស្ទឹងត្រែងនោះ បានកំណត់មុខសញ្ញារួចហើយ។ ពេលនេះ សមត្ថកិច្ច កំពុងតាមចាប់ជនដៃដល់ យកមកផ្ដន្ទាទោស តាមច្បាប់។
គួររំលឹកឲ្យដឹងថា កាលពីយប់ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ ២០២១ វេលាម៉ោង ១១និង៣០នាទី មានអំពើឃាតកម្មមួយ កើតឡើង នៅវត្តបាដឺម ឃុំសាមឃួយ បណ្ដាលឲ្យយុវជនម្នាក់ ត្រូវគេចាក់សម្លាប់។ ជនរងគ្រោះ ឈ្មោះ វី ឧត្តម អាយុ ២១ ឆ្នាំ រស់នៅភូមិភ្លុក ឃុំភ្លុក ស្រុកសេសាន។
ប្រភពពីសមត្ថកិច្ច បានប្រាប់ឲ្យដឹងថាៈ នៅយប់កើតហេតុ វត្តបាដឺម មានរៀបចំពិធីកម្សាន្ត មួយ។ ពិធីនៅយប់នោះ មានករណីឃាតកម្ម កើតឡើងដោយសារ ទំនាស់រវាងយុវជន ពីរក្រុម ទំនងជាឌឺដងដាក់គ្នា រវាងអ្នកឃុំភ្លុក និងឃុំសាមឃួយ រហូតឈានដល់ប្រើប្រាស់ អាវុធមុតស្រួច ចាក់ចំដើមដោះ ខាងឆ្វេង បណ្ដាលឱ្យជនរងគ្រោះ ដួលស្លាប់ នៅក្នុងបរិវេណវត្ត។
នៅយប់កើតហេតុនោះ ក្រុមទាំងពីរ បានបង្កជម្លោះម្តងហើយ តែត្រូវប្រជាការពារភូមិ ការពារក្នុងពិធីនោះ ឃាត់ខ្លួន ដកហូតសម្ភារៈ អាវុធ ដាវមួយចំនួន។ លុះពេលយប់ជ្រៅ ក្រុមទាំង ២ ក៏បានបង្កជម្លោះម្ដងទៀត ខណៈពេលប្រជាការពារភូមិ ទៅផ្ទះ។ ពេលបង្កជម្លោះលើកទី២ ក៏មានភាគ្គីម្ខាងទៀត ចាក់សម្លាប់ យុវជនម្នាក់ តែម្ដងទៅ។
ឥឡូវនេះ សមត្ថកិច្ច បានកំណត់មុខសញ្ញាជនដៃដល់ ដែលបានចាក់សម្លាប់យុវជនម្នាក់នោះហើយ ហើយនៅពេលនេះ សមត្ថកិច្ច កំពុងតាមចាប់ខ្លួន ជនបង្កនោះ៕/V