ដោយៈ ជាសីហៈ/ភ្នំពេញៈ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទនៅព្រឹកនេះបានដឹកនាំកិច្ចប្រជុំដើម្បីត្រួតពិនិត្យនិងតម្រង់ទិសលើការអនុវត្តផែនការ សកម្មភាពអភិវឌ្ឍន៍វិស័យកសិកម្ម ធ្វើយ៉ាងណាឲ្យបានសមស្របទៅតាមស្ថានភាព សង្គម និងសេដ្ឋកិច្ចជាតិ សេដ្ឋកិច្ចក្នុងតំបន់ និងអន្តរជាតិ ក្នុងបរិបទនៃការរីរាលដាល ជាសកលជំងឺឆ្លងកូវីដ-១៩។
លោករដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង យកអស់កំលាំងកាយចិត្ត ប្រាជ្ញាស្មារតី ទទួលខុស ត្រូវ ជម្នះបាននូវរាល់ឧបសគ្គ បញ្ហាប្រឈម និងសហការអនុវត្ត ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកសិកម្ម២០១៩-២០២៣ នេះបានយ៉ាងល្អប្រសើរ សម្រេចទទួលបានលទ្ធផលគួរឲ្យកត់សម្គាល់ជាបន្តបន្ទាប់ បើទោះបីយើងកំពុងតែ ប្រឈមនឹងវិបត្តិជំងឺឆ្លងកូវីដ-១៩។ ជាក់ស្តែង រដ្ឋបាលជលផលបានបង្ហាញឲ្យឃើញ អំពីសមិទ្ធផលវិជ្ជមានជាច្រើនដែលសម្រេចបានក្នុងឆ្នាំ២០២០ ក្នុងកិច្ចប្រជុំបូកសរុប សភាពការណ៍ប្រចាំឆ្នាំ២០២០ កាលពីថ្ងៃទី ០៥ ហើយស្ថាប័នផ្សេងៗទៀតកំពុងរៀបចំ កិច្ចប្រជុំបូកសរុបលទ្ធផលនៃការអនុវត្តផែនការក្នុងឆ្នាំ២០២០ របស់ខ្លួនជាបន្តបន្ទាប់ផងដែរ មុនឈានទៅរៀបចំមហាសន្និបាទបូលសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រចាំឆ្នាំក្នុងពេលឆាប់ៗខាងមុខ។
លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកសិកម្ម២០១៩-២០២៣ គឺជាផែនទីបង្ហាញផ្លូវយ៉ាងច្បាស់មួយសម្រាប់យើងដើរឲ្យដល់គោលដៅ ព្រមជាមួយឆន្ទ: ការប្តេជ្ញាចិត្តដ៏មោះមុតរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ធ្វើយ៉ាងណា សម្រេចឲ្យបានតាមកម្មវិធីនយោបាយអភិវឌ្ឍន៍ជាតិ។ ហេតុដូច្នេះទាមទារឲ្យមាន កិច្ចខិតខំប្រឹងប្រែង សហការរួមគ្នា ប្រកបដោយស្មារតីទទួល ខុសត្រូវខ្ពស់ និងឆន្ទៈម្ចាស់ ការពីគ្រប់តួអង្គពាក់ព័ន្ធទាំងអស់សំដៅសម្រេចផែនការយុទ្ធសាស្ត្រនេះ។
លោកបានបន្តថា ក្នុងបរិបទនៃការរីករាលដាលជាសកលជំងឺឆ្លងកូវីដ-១៩ រាជរដ្ឋាភិបាល បានឲ្យតម្លៃខ្ពស់លើវិស័យកសិកម្ម ដោយបានជំរុញ គាំទ្រ ឧបត្ថម្ភថវិកា និងលើកទឹកចិត្ត ឲ្យប្រជាកសិករ ជាពិសេស ក្រសួងត្រូវខិតខំបង្កើន និងពង្រឹងភាពជាម្ចាស់ក្នុងការផលិត ធានាបានសន្តិសុខស្បៀង ការផ្គត់ផ្គង់ទីផ្សារ បង្កើតឱកាសការងារ បង្កើនប្រាក់ចំណូល តាមរយ:ការចិញ្ចឹមត្រី កង្កែប បក្សី សត្វពាហន: និងដំណាំស្បៀងផ្សេងៗទៀតជាលក្ខណ គ្រួសារ ក្នុងក្របខ័ណ្ឌ បច្ចេកទេសសមស្រប សាមញ្ញ ប្រើប្រាស់រយ:ពេលខ្លី ចំណាយ ទុនតិច ទទួលបានផលច្រើន រក្សាបាននូវស្ថានភាពជីវភាពប្រក្រតីតាមគន្លងថ្មីក្នុង អំឡុងពេលនៃការរីករាលដាលជំងឺឆ្លងកូវីដ-១៩ ក្នុងខណ:ដែលវិស័យមួយចំនួន កំពុងជួបវិបត្តិ។
ដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោក្រសួងបាននិងកំពុងជំរុញ បន្ថែមដល់សហគមន៍ កសិករ ផលិតករខ្នាតតូច និងមធ្យម សហការធ្វើការដាំដុះ ចិញ្ចឹមសត្វ និងត្រីជាមួយវិស័យឯកជនតាមរយៈការធ្វើកសិកម្មតាមកិច្ចសន្យា ដើម្បីធានា បាននូវបរិមាណផ្គត់ផ្គង់ទីផ្សារ និងស្ថិរភាពតម្លៃ ព្រមជាមួយការលើកទឹកចិត្ត ជំរុញ គាំទ្រវិស័យឯកជន សហគ្រាសខ្នាតតូច មធ្យម និងដៃគូអភិវឌ្ឍន៍នានា វិនិយោគលើវិស័យ កែច្នៃ ដើម្បីធានានូវនិរន្តរភាពនៃការផលិតក្នុងស្រុក ស្ថិរភាពទីផ្សារ បង្កើនតម្លៃបន្ថែម លើកកម្ពស់គុណភាព ស្តង់ដារអនាម័យ និងសុវត្ថិភាព ឆ្លើយតបតាមលក្ខខណ្ឌតម្រូវ ភូតគាមអនាម័យរបស់ទីផ្សារទាំងក្នុងតំបន់ និងអន្តរជាតិ។
ក្នុងស្ថានភាពនៃវិបត្តិសេដ្ឋកិច្ចជាសកលនេះ លោករដ្ឋមន្ត្រីបានបញ្ជាក់បន្ថែមយ៉ាងច្បាស់ថា វិថីដែលក្រសួងត្រូវធ្វើដំណើរនៅវែងឆ្ងាយ ត្រូវការពេលវេលា និងប្រើប្រាស់ថវិការដ្ឋឲ្យ មានប្រសិទ្ធ ភាព តម្លាភាព សុគតភាព ដើម្បីធានាដំណើរការនៃការអភិវឌ្ឍន៍វិស័យ កសិកម្មឲ្យមានលក្ខណៈទំនើប ឆ្លាតវៃ នវានុវត្តន៍ ភាពប្រកួតប្រជែង និងនិរន្តរភាព។ ហេតុនេះ លោករដ្ឋមន្ត្រីបានផ្តល់ការណែនាំបន្ថែម និងដាក់ចេញនូវវិធានការគន្លឹះមួយ ចំនួនសម្រាប់ធ្វើជាមូលដ្ឋានគ្រឹះយកទៅអនុវត្តឲ្យកាន់តែមានប្រសិទ្ធភាព និងទទួល បានប្រសិទ្ធផល ក្នុងនោះមានជាអាទិ៍៖
– ការធ្វើកំណែទម្រង់ឲ្យបានស៊ីជម្រៅលើគ្រប់អនុវិស័យឲ្យកាន់តែទូលំទូលាយ
– អង្គភាពជំនាញត្រូវពិនិត្យមើលឡើងវិញរាល់គម្រោង ឬកម្មវិធីដែលកំពុងដំណើរការ ធ្វើយ៉ាងណាតម្រង់ទិសដៅអភិវឌ្ឍន៍ឲ្យចំគោលដៅឆ្លើយតបតាមសេចក្តីត្រូវការពិត ប្រាកដរបស់ប្រជាពលរដ្ឋ
– មន្ទីរកសិកម្មរាជធានី-ខេត្តត្រូវត្រួតពិនិត្យឡើងវិញលើរាល់គម្រោងអភិវឌ្ឍន៍ក្នុងមូល ដ្ឋានជាក់ ស្តែងរបស់ខ្លួន ថាតើបានឆ្លើយតបតាមអ្វីដែលពលរដ្ឋចង់បាន ឬយ៉ាងណា?
– ដៃគូអភិវឌ្ឍន៍ វិស័យឯកជនព្រមទាំងអង្គការមិនមែនរដ្ឋាភិបាលត្រូវតម្រង់ទិសដៅ ឲ្យបានសម ស្របតាមការវិវត្តន៍របស់សង្គម និងសេដ្ឋកិច្ច ជាពិសេសរបត់នៃជំងឺឆ្លងកូវីដ-១៩
– អង្គភាពជំនាញ មន្ទីរ ដៃគូអភិវឌ្ឍន៍ និងផ្នែកឯកជន ត្រូវសហការអនុវត្តបច្ចេកវិទ្យាវៃឆ្លាត ប្រើប្រាស់ធាតុចូលឲ្យមានប្រសិទ្ធភាព សំដៅធ្វើឲ្យកសិផលអាចប្រកួតប្រជែងកាត់បន្ថយ ថ្លៃដើម ធានាគុណភាព សុវត្ថិភាពស្របតាមតម្រូវការ ស្តង់ដាទីផ្សារ
– គ្រប់ភាគីពាក់ព័ន្ធ ត្រូវចូលរួមគិតគូពីខ្សែច្រវាក់តម្លៃ ខ្សែច្រវាក់ផលិតកម្មជំរុញដំណើរការ កសិ-ធុរកិច្ចប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់ភ្ជាប់ទីផ្សារកសិផលតាមយន្តការ ផលិតកម្មកសិកម្មតាមកិច្ចសន្យា និងយន្តការភាពជាដៃគូរវាង “រដ្ឋ-ឯកជន និងអ្នកផលិត”
– ពង្រឹងសាមគ្គីភាព ការដឹកនាំ ការគ្រប់គ្រងមន្ត្រីក្នុងស្ថាប័ននីមួយៗឲ្យបានល្អ។ ពង្រឹង និងអនុវត្តឲ្យបានម៉ឺងមាត់ ហ្មត់ចត់នូវក្រមសីលធម៌វិជ្ជាជីវ លក្ខន្តិកមន្ត្រីរាជការ និងសេវា សាធារណ:
– បន្តធ្វើការងារនៅមូលដ្ឋានមូលដ្ឋានដែលទទួលបន្ទុកឲ្យបានជាប់ជាប្រចាំ ដើម្បីត្រួតពិនិត្យ តាមដាននូវរាល់ភាពអសកម្ម ឬបញ្ហា និងដោះស្រាយឲ្យបានទាន់ពេល និងមានប្រសិទ្ធភាព ជូនប្រជាពលរដ្ឋ ៕/PC