ដោយៈ ទេពកង្រី / កំពង់ឆ្នាំងៈ ក្រុមអ្នកធាក់កង់ស្តែនបាយ មកពីរាជធានីភ្នំពេញ និងក្រុមអ្នកធាក់កង់ រិទ្ធិសែនខេត្តកំពង់ឆ្នាំង បាននាំយកសម្ភារសិក្សា ចែកជូនប្អូនៗសិស្សានុសិស្ស ចំនួន ២៣១ នាក់ នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២១ នៅសាលាបឋមសិក្សាអារញ្ញ ស្ថិតនៅក្នុងភូមិស្រែព្រីង សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ។
លោក ថុន វណ្ណារិទ្ធ ប្រធានក្រុមអ្នកធាក់កងស្តែនបាយ មកពីរាជធានីភ្នំពេញ បានឱ្យរស្មីកម្ពុជាដឹងថាៈ ក្រុមគាត់ បានធ្វើដំណើរ ដោយធាក់កង់ ពីទីរាជធានីភ្នំពេញ មកខេត្តកំពង់ឆ្នាំង ដោយសហការគ្នា ជាមួយនឹងក្រុមអ្នកធាក់កង់ រិទ្ធិសែន ខេត្តកំពង់ឆ្នាំង ដើម្បីចូលរួមនាំយកអំណោយ មកចែកជូនប្អូនៗ សិស្សានុសិស្ស ដែលមានកាខ្វះខាត លើសម្ភារសិក្សា។
លោក ថុន វណ្ណារិទ្ធ បានបញ្ជាក់ថាៈ នៅល្ងាចនេះ ក្រុមរបស់លោក និងក្រុមអ្នកធាក់កង់ រិទ្ធិសែន ខេត្តកំពង់ឆ្នាំង បានបន្តចុះនាំយកសម្ភារ ហូបចុកមួយចំនួន ទៅឲ្យក្រុមកុមារកំព្រា បីនាក់ ដែលម្ដាយបានស្លាប់ ដោយដោយឃាតក អារកសម្លាប់ កាលពីខែកន្លងទៅនេះ ។
លោក ហង្ស សុជាតិ ប្រធានក្រុមអ្នកធាក់កង់ រិទ្ធិសែនខេត្តកំពង់ឆ្នាំង បានរៀបរាប់ថាៈ ក្រុមលោក និងក្រុមមកពីរាជធានីភ្នំពេញ និងក្រុមមនុស្សធម៌ផ្សេងទៀត បាននាំយកប៊ិច និងសៀវភៅ រួមនឹងថវិកាមួយចំនួន មកចែកជូនប្អូនៗ សិស្សានុសិស្ស នៅសាលាបឋមសិក្សាអារញ្ញ ហើយនៅរសៀលថ្ងៃនេះដែរ ក្រុមមនុស្សធម៌ អ្នកធាក់កង់មកពីភ្នំពេញ បានរួមដំណើរចុះយកអំណោយមនុស្សធម៌ ចែកជូនដល់កុមារ ៣នាក់បងប្អូន ដែលម្តាយរបស់ពួកគាត់ បានស្លាប់ដោយឃាតក អារកសម្លាប់ រហូតមកដល់ពេលនេះ មិនទាន់ត្រូវបានសមត្ថកិច្ច ចាប់ខ្លួនបាននៅឡើយនោះទេ។
ក្នុងនោះ លោក ហង្ស សុជាតិ បានសំណូមពដល់ប្អូនៗកុមារទាំងអស់ សូមចូលរួមលេងកីឡាទាំងអស់គ្នា កីឡានាំមកនូវសុខភាព កីឡានាំមកនូវភាពរុងរឿង កីឡាជាស្ពាននាំមកនូវ សាមគ្គីភាពល្អ .កីឡានាំឱ្យប្រទេសជាតិរុងរឿង និងនៅឱ្យឆ្ងាយពីគ្រឿងញៀន កុំឱ្យគ្រឿងញៀន បំផ្លាញអ្នក និងសហគមន៍របស់អ្នក។
ដោយឡែក លោក យិន សាវ៉េន អភិបាលក្រុងកំពង់ឆ្នាំង ដែលបានចូលរួមជាអធិបតីក្នុងពិធីនោះ បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ចំពោះក្រុមអ្នកធាក់កង់ មកពីភ្នំពេញ និងក្រុមកីឡាករ រិទ្ធិសែនខេត្តកំពង់ឆ្នាំង ក៍ដូចជាក្រុមមនុស្សធម៌ភួយមួយកក់ក្តៅ និងក្រុមអចលនទ្រព្យ ក្នុងខេត្តកំពង់ឆ្នាំង ដែលបាននាំយក សម្ភារសិក្សា ដែលមានប៊ិច សៀវភៅ រួមនឹងថវិកាមួយចំនួន ចែកជូនដល់ប្អូនសិស្សានុសិស្ស ក៏ដូចជា លោកគ្រូ អ្នកគ្រូ នៅក្នុងសាលាបឋមសិក្សាអារញ្ញ។
លោកអភិបាលក្រុងកំពង់ឆ្នាំង សុំឲ្យក្រុមមនុស្សធម៌ បន្តដំណើរវីរៈសិក្សា និងសម្ភារហូបចុកផ្សេងៗទៀត ដល់ជនក្រីក្រ មិនថាតែក្នុងខេត្តកំពង់ឆ្នាំងទេ និងសុំឲ្យជួបតែសេចក្តីសុខគ្រប់ទីកន្លែង៕/V.mara