ដោយៈ គ្រញូង / បាត់ដំបងៈ អ្នកជិះម៉ូតូម្នាក់ បានរងរបួសធ្ងន់ ដោយសាររថយន្តតូយ៉ូតា ព្រូស មួយគ្រឿង បើកបរមិនប្រយ័ត្ន ជ្រុលបុកម៉ូតូ ហើយរុញចម្ងាយជាង ២០ ម៉ែត្រ ទៅបុកគូទរថយន្ត មួយគ្រឿងទៀត ដែលចតនៅស្ងៀម។ ហេតុការណ៍នេះ បានកើតឡើង កាលពីព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២១ នៅតាមបណ្ដោយ ផ្លូវជាតិលេខ៥ ត្រង់ចំណុចផ្លូបែកជា ៤ ស្ថិតក្នុងភូមិអង់ សង្កាត់អូរចារ ក្រុងបាត់ដំបង។
បើតាមប្រជាពលរដ្ឋ ដែលនៅកន្លែងកើតហេតុនោះ បានប្រាប់ឱ្យដឹងថាៈ មុនពេលកើតហេតុ គេឃើញរថយន្តប្រភេទ ចូកទំនិញមួយគ្រឿង មិនស្គាល់ម៉ាក បានបើកបរចេញពី រោងម៉ាស៊ីនកិនស្រូវ មួយកន្លែង ធ្វើដំណើរឆ្លងផ្លូវ ស្របពេលនោះ ក៏មានរថយន្តម៉ាកតូយ៉ូតា ព្រូស មួយគ្រឿង ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2BB-2097 បើកបរដោយបុរសម្នាក់ ធ្វើដំណើរក្នុងទិសដៅ ពីខាងលិច ទៅខាងកើត ក្នុងល្បឿនលឿនល្មម បានជ្រុលមកបុកពីក្រោយ រថយន្តដែលហៀប ឆ្លងផ្លូវ និងបន្តទៅបុកម៉ូតូនៅខាងមុខ ម៉ាកហុងដា C125 ពណ៌ខ្មៅ សេរីឆ្នាំ ២០១១ ពាក់ស្លាកលេខ បាត់ដំបង 1I- 9773 បើកបរដោយបុរសម្នាក់ ឈ្មោះ ឌុច សាវុធ អាយុ ៤០ ឆ្នាំ រស់នៅភូមិអង់ សង្កាត់អូរចារ ក្រុងបាត់ដំបង រួចអូសចម្ងាយជាង ២០ ម៉ែត្រ ទៅបុកគូថរថយន្ត មួយគ្រឿងផ្សេងទៀត ដែលចតនៅស្ងៀម បណ្តាលអោយរងរបួសធ្ងន់ធ្ងរ ។ ចំណែករថយន្ត និងម៉ូតូ ខូចខាតយ៉ាងដំណំ។
បន្ទាប់ពីកើតហេតុ រថយន្តប្រភេទចូកលើកទំនិញ មិនបានឈប់ទេ ដោយបើកគេចបាត់ ។ ចំណែកម្ចាស់រថយន្តតូយ៉ូតា ព្រូស បានចុះពីរថយន្ត រត់គេចខ្លួន បាត់ដែរ ។ ដោយឡែក ជនរងគ្រោះ ត្រូវបានសាច់ញាតិ ដឹកបញ្ជូនទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យ។ ក្រោយពេលកើតហេតុ សមត្ថកិច្ច បានចុះមកវាស់វែង និងសម្របសម្រួល ឱ្យភាគីរថយន្ដ ដែលចតនៅស្ងៀម ដោយម្ចាស់ព្រមយកទៅជួសជុលដោយខ្លួឯង។ ដោយឡែក មធ្យោបាយរថយន្តព្រូស និងម៉ូតូ ត្រូវបានសមត្ថកិច្ច ស្ទូចយកទៅរក្សាទុក នៅការិយាល័យនគរបាល ចរាចរណ៍ផ្លូវគោកខេត្ត ដើម្បីចាត់ការតាមផ្លូវច្បាប់៕/V.mara