Home ព័ត៌មានសំខាន់ៗ ព្រឹត្តិការណ៍...

ព្រឹត្តិការណ៍​ជាតិ​សំខាន់ៗ ប្រចាំ​សប្តាហ៍​

ដោយៈ ម៉េង​ឆៃ / ភ្នំពេញៈ នៅក្នុង​សប្តាហ៍​ដើមខែ​កុម្ភៈ​នេះ មាន​ព្រឹត្តិការណ៍​ជាតិ​ជាច្រើន​បានកើត​ឡើង​។ ក្នុងនោះ ព្រឹត្តិការណ៍​លេចធ្លោ​គឺ​ការមកដល់​នៃ​វ៉ាក់សាំង​កូ​វីដ​១៩ របស់​ចិន ៣០​ម៉ឺន​ដូ​ស នា​ថ្ងៃអាទិត្យ ទី​៧ ខែកុម្ភៈ​នេះ​។ វ៉ាក់សាំង​កូ​វីដ​១៩ ដែល​អាច​ចាក់​បានតែ​អ្នកមាន​អាយុ​ចាប់ពី ១៨​ឆ្នាំ ដល់ ៥៩​ឆ្នាំ​ប៉ុណ្ណោះ​។​

​កាលពី​ព្រឹក​ថ្ងៃទី​១ ខែកុម្ភៈ រោងចក្រ​ផលិត​ទឹកស្អាត បាក់​ខែង ដែលជា​រោងចក្រ​ផលិត​ទឹកស្អាត​ថ្មី​មួយទៀត​របស់​កម្ពុជា​ត្រូវបាន​រៀប ចំ​ពិធីបើកការដ្ឋាន​សាងសង់​ជា​ផ្លូវការ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​។​រោងចក្រ​ប្រព្រឹត្តិកម្ម ទឹកស្អាត​នេះ ចំណាយ​ថវិកា​សាងសង់​ជា​ពីរ​ដំណាក់កាល សរុប​ជាង ៣៤៨​លាន​ដុល្លារ​អាម៉េរិក​ដែលមាន​សមត្ថភាព​ផលិត​ទឹក ស្អាត បាន​ប្រមាណ ៤០​ម៉ឺន​ម៉ែត្រគូប ក្នុង​មួយថ្ងៃ​។ តាម​គម្រោង រោងចក្រ​ផលិត​ទឹកស្អាត បាក់​ខែង នឹង​សាងសង់​រួចរាល់ នៅ​ឆ្នាំ​២០២៣​។
​បច្ចុប្បន្ន រដ្ឋាករ​ស្វយ័ត​ក្រុងភ្នំពេញ តាមរយៈ​រោងចក្រ​ផលិត​ទឹកស្អាត​ជាច្រើន​កន្លែង មាន​សមត្ថភាព​ផលិត​ទឹកស្អាត បានត្រឹមតែ​ជាង ៦០​ម៉ឺន​ម៉ែត្រគូប​ប៉ុណ្ណោះ ក្នុង​មួយថ្ងៃ ខណៈដែល​តម្រូវការ​ទឹកស្អាត នៅ​ភ្នំពេញ មាន​រហូតដល់​ជាង ៧៥​ម៉ឺន​ម៉ែត្រគូប ក្នុង ១​ថ្ងៃ​។​

​ក្នុងឱកាស​អញ្ជើញ​ជា​អធិបតី​បើក​ការដ្ឋាន​សាងសង់​រោងចក្រ​ប្រព្រឹត្ត​កម្ម​ទឹកស្អាត​បាក់​ខែង​និង​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​រោងចក្រ ប្រព្រឹត្តិកម្ម​ទឹកស្អាត ចំការមន កាលពី​ព្រឹក​ថ្ងៃទី​១​កុម្ភៈ សម្តេច​តេ​ជោ ហ៊ុន សែន បានប្រកាស​បន្ត​រឹតបន្តឹង​ការធ្វើ​ច​ត្ត័​ឡី​ស័ក​ពិសេស ចំពោះ​ពលករ​ខ្មែរ នៅតាម​បណ្ដា​ខេត្ត​ទាំង ៧ របស់​កម្ពុជា ជាប់​ព្រំដែន​ថៃ ដើម្បី​កាត់ផ្តាច់​ការឆ្លង​រីក​រាលដាល​ពី​ជំងឺ​កូ​វីដ​១៩​ចូលមក ក្នុងប្រទេស​កម្ពុជា​។ សម្ដេច​តេ​ជោ បានប្រកាសថា ការធ្វើ​ច​ត្តា​ឡី​ស័ក គឺ​តម្រូវឱ្យធ្វើ​រយៈពេល ១៤ ថ្ងៃ ជា​កំហិត គ្មាន​ការលើកលែង និង​បន្ធូរបន្ថយ​ឡើយ ហើយ​វិធានការ​នានា ដែល​បាន​ដាក់ចេញ​នាពេល​កន្លងមក​រួមទាំង​ការរក្សា​គម្លាត​សុវត្ថិភាព​សង្គម​ការអនុវត្ត​វិធាន ការ​អនាម័យ​របស់​ក្រសួងសុខាភិបាល ក៏ត្រូវ​តែ​ធ្វើ​ឲ្យ​បាន​ខ្ជាប់ខ្ជួន​និង​ត្រឹមត្រូវ​ពិសេស​នៅក្នុង​ឱកាស​ពិធីបុណ្យ​ចូលឆ្នាំ​ចិន​និង​ពិធីបុណ្យ ចូលឆ្នាំ​ខ្មែរ នាពេលខាងមុខ​ផងដែរ​។​

​កាលពី​ថ្ងៃទី​១ ខែកុម្ភៈ ក្រសួងសុខាភិបាល បានចេញ​លិខិត​ណែនាំ ស្តីពី ការការពារ​ការចម្លង​វីរុស​កូ​វីដ​-១៩​ក្នុងអំឡុង​ពិធីបុណ្យ​ចូលឆ្នាំ និង​ពិធី​សែន​ផ្សេងៗ​។​ការណែនាំ​និង​រម្លឹក​ពី​វិធានការ​ការពារ​ការចម្លង​វីរុស​កូ​វីដ​នេះ​ខណៈដែល​ប្រទេសជិតខាង​យើង​ពិសេស​ប្រទេស​ថៃ និង​វៀតណាម កំពុង​ឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩ នៅក្នុង​សហគមន៍​ជាថ្មីទៀត​។​

​ទីលាន​ហ្វឹកហ្វឺន​បាញ់​គ្រាប់​ពិត​ចម្រុះ ដែលជា​ជំនួយ​របស់​កងទ័ព​រំ​ដោះ​ប្រជាជន​ចិន ក្នុង​បរិវេណ​វិទ្យាស្ថាន​ទ័ពជើងគោក​ស្ថិតក្នុង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ត្រូវបាន​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ នៅ​ព្រឹក​ថ្ងៃទី​០១ ខែកុម្ភៈ​។ ក្នុង​ពិធី​សម្ពោធ​នេះ រដ្ឋមន្ត្រី​ការពារជាតិ​កម្ពុជា បាន​រំពឹងថា ទីលាន​ហ្វឹកហ្វឺន​បាញ់​គ្រាប់​ពិត​ចម្រុះ​នេះ នឹង​ជួយ​ពង្រឹង​ចំណេះ​ជំនាញ​ដល់​កងទ័ព​កម្ពុជា អោយមាន​សមត្ថភាព​កាន់​រឹងមាំ​បន្ថែមទៀត ក្នុង​បេសកកម្ម​ការពារជាតិ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា និង​ជា​តំណាង​គណៈកម្មាធិការ​ក​ណ្តា​ល​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ផ្ញើលិខិត សំដែង​នូវ​ការអបអរ​សារ​ទរ​ចំពោះ​លោក ង្វៀន ហ៊ូ​ចុង ដែល​បាន​ជាប់ឆ្នោត កាន់តំណែង​បន្ត​ជា​អគ្គលេខាធិការ​បក្ស​កុ​ម្មុយ និ​ស្ត​វៀតណាម​សម្រាប់​អាណត្តិ​ថ្មី​។​សម្តេច​តេ​ជោ​រំពឹងទុក​ថា​ចំណងមិត្តភាព​សាមគ្គីភាព​និង​ទំនាក់ទំនង​ជិតស្និទ្ធ​រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​បក្សកុម្មុយនិស្ត​វៀតណាម នឹង​ត្រូវបាន​ពង្រឹង​បន្ថែម ហើយ​កាន់តែ​ស៊ីជម្រៅ ដើម្បី​ប្រយោជន៍​ប្រជាជន​នៃ​ប្រទេស​ទាំង​២ កម្ពុជា និង​វៀតណាម​។​

សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា និង​ជា​តំណាង​គណៈកម្មាធិការ​ក​ណ្តា​ល​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ផ្ញើលិខិត សំដែង​នូវ​ការអបអរ​សារ​ទរ​ចំពោះ​លោក ង្វៀន ហ៊ូ​ចុង ដែល​បាន​ជាប់ឆ្នោត កាន់តំណែង​បន្ត​ជា​អគ្គលេខាធិការ​បក្ស​កុ​ម្មុយ និ​ស្ត​វៀតណាម​សម្រាប់​អាណត្តិ​ថ្មី​(រូបឯកសារ)

​កាលពី​រសៀល​ថ្ងៃទី​៣ ខែកុម្ភៈ រដ្ឋមន្ត្រី​ការពារជាតិ​កម្ពុជា និង​ឯកអគ្គរដ្ឋទូត​ចិន ប្រចាំ​កម្ពុជា​បាន​ចូលរួម​ពិធី​សំណេះសំណាល ជាមួយ​ក្រុមគ្រូពេទ្យ ដែល​ត្រូវធ្វើ​ការងារ ចាក់​វ៉ាក់សាំង​កូ​វីដ​១៩​។ ក្នុង​ពិធី​នេះ ក៏មាន​បង្ហាញ​រថយន្ត​ដឹកជញ្ជូន ចំនួន ២​គ្រឿង និង​ទូ​រក្សាទុក​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ សម្រាប់​ប្រើប្រាស់ ក្នុង​ការទទួល​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ ក្នុង​ជំហាន​ដំបូង ជា​ជំនួយ​របស់​ប្រទេស​ចិន ដែល​នឹង​មកដល់​ភ្នំពេញ នៅ​ល្ងាច​ថ្ងៃអាទិត្យ ទី​៧ ខែកុម្ភៈ​នេះ​។​

​កាលពី​ថ្ងៃទី​៣ ខែកុម្ភៈ កងទ័ពជើងគោក​នៃ​កងយោធពល​ខេមរភូមិន្ទ និង​កងទ័ព​ការពារ​ព្រំដែន​នៃ​ក្រសួង​ការពារ​ប្រទេស​វៀតណាម បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​ស្តីពី​កិច្ចសហប្រតិបត្តិការ​ការពា​រ​ព្រំដែន​គោក​ជាមួយគ្នា​។​អនុស្សរណៈ​នៃ​ការយោគយល់​នេះ មាន​គោលបំណង ក្នុងការ​ពង្រឹង និង​លើក​កំពស់​ការងារ​សហការ​គ្រប់គ្រង ការពារ​ព្រំដែន​រួម និង​រួមគ្នា រក្សា​នូវ​សន្តិសុខ សណ្តាប់ធ្នាប់ កសាង​ព្រំដែន​គោក​នៃ​ប្រទេស​ទាំងពីរ កម្ពុជា​-​វៀតណាម ឱ្យទទួល​បាន​នូវ​សុខសន្តិភាព មិត្តភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និង​អភិវឌ្ឍន៍​។​

​កាលពី​ថ្ងៃទី​៤ ខែកុម្ភៈ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បានប្រកាសថា វ៉ាក់សាំង​កូ​វីដ​១៩​ដែល​ផលិត​ដោយ​ប្រទេស ចិន នឹងត្រូវ​ដឹកជញ្ជូន​មកដល់​កម្ពុជា នៅ​ថ្ងៃអាទិត្យ ទី​៧ ខែកុម្ភៈ​ខាងមុខ​។ សម្តេច​តេ​ជោ នឹង​អញ្ជើញ​ទៅ​ទទួល​វ៉ាក់សាំង​នោះ នៅ​ព្រលានយន្តហោះ​ភ្នំពេញ​។​

​ដំបូង​ឡើយ សម្តេច​តេ​ជោ បានកំណត់​យក​ថ្ងៃទី​១០ ខែកុម្ភៈ ជា​ថ្ងៃ​ចាក់​វ៉ាក់សាំង​ដំបូង ដោយ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ជា​អ្នក​ចាក់ មុនគេ នៅ​មន្ទីរពេទ្យ​កាល់​ម៉ែត្រ​។ ក៏ប៉ុន្តែ​នៅ​ព្រលប់​ថ្ងៃទី​៥ ខែកុម្ភៈ សម្តេច​តេ​ជោ បានប្រកាស​លុបចោល​គ​ម្រោ​ង​ចាក់​វ៉ាក់សាំង នៅ​ថ្ងៃទី​១០​កុម្ភៈ ដោយសារតែ​ខាង​ចិន បញ្ជាក់​មកកាន់​ក្រសួងសុខាភិបាល​ថា វ៉ាក់សាំង ស៊ី​ណូ​ហ្វា​ម ចាក់​បានតែ​មនុស្ស​អាយុ​ចាប់ពី ១៨​ឆ្នាំ ដល់ ៥៩​ឆ្នាំ​ប៉ុណ្ណោះ ហើយ​សម្តេច អាយុ​ជាង ៦៨​ឆ្នាំ ដែល​មិនអាច​ចាក់​បានឡើយ​។​ទន្ទឹមនឹង​ការប្រកាស​របស់​សម្តេច ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា កាលពី​ថ្ងៃទី​៤ ខែកុម្ភៈ ក្រសួងសុខាភិបាល ក៏បាន​ចេញ​សេចក្តីជូនដំណឹង​បន្ទាន់​មួយ​ប្រកាស​អនុញ្ញាតឱ្យ ប្រើប្រាស់​វ៉ាក់សាំង Sinopharm COVID-19 របស់​ចិន ក្នុង​លក្ខខណ្ឌ​នៃ​ការប្រើប្រាស់​ជាបន្ទាន់​ផងដែរ​។​

​កាលពី​រសៀល​ថ្ងៃទី​៤ ខែកុម្ភៈ សម្តេច​តេ​ជោ ហ៊ុន សែន បានដាក់​ចេញ​នូវ​បទបញ្ជា​ម៉ឺងម៉ាត់​ថ្មី​មួយ ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ព្រមទាំង​កង កម្លាំងប្រដាប់អាវុធ ចូលរួម​ទប់ស្កាត់​ការចម្លង​ជំងឺ​កូ​វីដ​១៩ ពី​ប្រទេស​វៀតណាម និង​ថៃ ចូលមកក្នុង​ប្រទេស​ក​ម្ពុ​ជា​។ បទបញ្ជា​ជាថ្មី​នេះ បានធ្វើ​ឡើង ខណៈដែល​ជំងឺ​កូ​វីដ​១៩ កំពុង​ឆ្លង​រាលដាល​នៅ​សហគមន៍ ក្នុងប្រទេស​ថៃ ពិសេស​នៅ​ប្រទេស​វៀតណាម នាពេលនេះ​។​

​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន កាលពី​ថ្ងៃទី​៤ ខែកុម្ភៈ បាន​បើកសម្ពោធ​និង​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​មជ្ឈមណ្ឌល បណ្ដុះបណ្ដាល បើកបរ​យានយន្ត​ធុន​ធ្ងន់​។ នេះ​ជា​មជ្ឈមណ្ឌល​បង្រៀន​បើកបរ​យានយន្ត​ធុន​ធ្ងន់​ស្តង់ដារ​អន្តរជាតិ ជា​លើកដំបូង ដែលមាន​បំពាក់​ឧបករណ៍​ទំនើបៗ និង​ទីលាន​បង្រៀន​ធំ​ទូលាយ​។ ក្នុង​ថ្ងៃ​សម្ពោធ​នោះ រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន ក៏បាន​ប្រកាស​ចុះ​តម្លៃ ៥០​ភាគរយ សម្រាប់ ៥០​នាក់ ដែល​ចុះឈ្មោះ​រៀន​ដំបូង នៅក្នុង​ខែកុម្ភៈ​នេះ​។​

​កាលពី​ថ្ងៃទី​៥ ខែកុម្ភៈ ជា​ខួប​មួយឆ្នាំ ដែល​សម្តេច​តេ​ជោ ហ៊ុន សែន បានធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​ចិន ក្នុងពេលដែល​ចិន កាលណោះ កំពុង​រីក​រាលដាល​ឆ្លង​ជំងឺ​កូ​វីដ​១៩​។ ដើម្បី​រម្លឹក​ដល់​ខួប ១​ឆ្នាំនេះ សម្តេច​តេ​ជោ ហ៊ុន សែន​បានប្រកាស​ពី​ការ​នឹង​មកដល់ វ៉ាក់សាំង​របស់​ចិន ដែល​នឹង​មកដល់​កម្ពុជា នៅ​ថ្ងៃទី​៧ ខែកុម្ភៈ​។ ក្នុងនោះ សម្តេច​តេ​ជោ ប្រកាសថា សម្តេច​ពិជ័យ​សេនា ទៀ បាញ់ រដ្ឋមន្ត្រី​ការពារជាតិ​កម្ពុជា បាន​ចាក់​វ៉ាក់សាំង​កូ​វីដ​១៩ រួចហើយ​។​

​បន្ទាប់ពី​ឆ្លងកាត់​នីតិវិធី​ដេញថ្លៃ និង​ការវាយតម្លៃ​រួចមក រដ្ឋបាល​រាជធានី​ភ្នំពេញ បានសម្រេច​ជ្រើស​យក​ក្រុមហ៊ុន ចំនួន​៣​ដើម្បី​ផ្តល់ សេវា​ប្រមូល និង​ដឹកជញ្ជូន​សំរាម ប្រកប​លក្ខណៈ​ស្តង់ដារ មាន​ប្រសិទ្ធិ​ក្នុង​រាជធានី​ភ្នំពេញ​។ ក្រុមហ៊ុន​ទាំង​៣​នឹង​ចាប់ផ្តើម​ប្រតិបត្តិការ ផ្តល់​សេវា​ប្រមូល និង​ដឹកជញ្ជូន​សំរាម ទៅតាម​តំបន់ ដែល​ខ្លួន​បានឈ្នះ​ក្នុងការ​ដេញថ្លៃ ចាប់ពី​ថ្ងៃទី​០១ ខែឧសភា ដោយ​រដ្ឋបាល​រាជ ធានី​ភ្នំពេញ បាន​បែងចែក​ខណ្ឌ ទាំង ១៤ ជា ៣​តំបន់​។
​ក្រុមហ៊ុន​សំរាម​ទាំង ៣ ដែល​អាជ្ញាធរ​រាជធានី​ភ្នំពេញ បានប្រកាស​ផ្សព្វផ្សាយ កាលពី​ថ្ងៃទី​៥ ខែកុម្ភៈ រួមមាន​៖ ទី​១-​ក្រុមហ៊ុន​ស៊ីន​ទ្រី សហការ​ជាមួយ​ក្រុមហ៊ុន​ចិន ទី​២-​ក្រុមហ៊ុន​ចិន Mizuda Group និង​ក្រុមហ៊ុន​សិង្ហ​បុរី 800 Super /GAEA​។​

​របាយការណ៍​ប្រចាំថ្ងៃ​របស់​ក្រសួងសុខាភិបាល បាន​បង្ហាញថា ក្នុង​រយៈពេល ១​សប្តាហ៍ គិត​ចាប់ពី​ថ្ងៃអាទិត្យ ទី​៣១ ខែមករា ដល់​ថ្ងៃ​សៅរ៍ ទី​៦ ខែកុម្ភៈ ឆ្នាំ​២០២១ នៅ​ទូទាំងប្រទេស មាន​អ្នក​ឆ្លង​ថ្មី ៧​នាក់​ដែល​សុទ្ធតែជា​អ្នកដំណើរ​មកពី​ក្រៅប្រទេស​ទាំងអស់​។ ក្នុងនោះ ៦​នាក់ ជា​អ្នកដំណើរ តាម​យន្តហោះ និង​ម្នាក់ ជា​ពលករ ធ្វើដំណើរ​មកពី​ប្រទេស​ថៃ​។​របាយការណ៍ ក៏បាន​បង្ហាញថា នៅក្នុង​សប្តាហ៍ ដើមខែ​កុម្ភៈ​នេះ មាន​អ្នកជា​សះស្បើយ​ពី​ជំងឺ​កូ​វីដ​១៩ ចំនួន ១០​នាក់ ( អ្នកដំណើរ​មកពី​ក្រៅប្រទេស តាម​យន្តហោះ ជាសះស្បើយ ២​នាក់ និង​ពលករ​ធ្វើដំណើរ​មកពី​ប្រទេស​ថៃ ត្រូវបាន​ព្យាបាល​ជាសះស្បើយ នៅក្នុង​អាទិត្យ​នេះ ចំនួន ៨​នាក់ )​។​
​របាយការណ៍​ដដែល ក៏បាន​លើកឡើងថា គិត​មកដល់​ថ្ងៃ​សៅរ៍ ទី​៦ ខែកុម្ភៈ ឆ្នាំ​២០២១ នេះ នៅ​កម្ពុជា រកឃើញ​អ្នក​កើត​ជំងឺ​កូ​វីដ​១៩ សរុប​ចំនួន ៤៧២​នាក់ ( អ្នកដំណើរ មកពី​ក្រៅប្រទេស ចូលមក​កម្ពុជា តាម​យន្តហោះ និង​អ្នក​ឆ្លង​បន្ត ក្នុងស្រុក ចំនួន ៣៨៥​នាក់ និង​ពលករ ធ្វើដំណើរ​មកពី​ថៃ ៨៧​នាក់ )​។ ក្នុងនោះ មាន​អ្នកជា​សះស្បើយ ៤៥៣​នាក់ ( អ្នកដំណើរ​មកពី​ក្រៅប្រទេស ចូលមក​កម្ពុជា តាម​យន្តហោះ និង​អ្នក​ឆ្លង​បន្ត ក្នុងស្រុក ចំនួន ៣៧៣​នាក់ និង​ពលករ​ធ្វើដំណើរ​មកពី​ប្រទេស​ថៃ ៨០​នាក់ )​។​
​គិត​មកដល់​ថ្ងៃ​សៅរ៍ ទី​៦​កុម្ភៈ នៅ​កម្ពុជា មាន​អ្នកជំងឺ​កូ​វីដ​១៩ ចំនួន ១៩​នាក់ កំពុង​សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យ គឺ ១២​នាក់ ជា​អ្នកដំណើរ​ចូលមក​កម្ពុជា តាម​យន្តហោះ និង ៧​នាក់ ជា​ពលករ​ធ្វើដំណើរ​មកពី​ប្រទេស​ថៃ ( ៣​នាក់ នៅ​មន្ទីរពេទ្យបង្អែក ខេត្ត​ប៉ៃលិន និង ៤​នាក់ នៅ​មន្ទីរពេទ្យបង្អែក​ខេត្តបន្ទាយមានជ័យ )៕​សរន​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular