ដោយ: ភ្នំស្វាយ / បន្ទាយមានជ័យ: មន្ត្រីជាន់ខ្ពស់នៃក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច សហការជាមួយរដ្ឋបាលខេត្តបន្ទាយមានជ័យចុះប្រជុំពិភាក្សាសម្របសម្របដោះស្រាយម្តងទៀតលើទំនាស់ដីធ្លីទំហំ៤៥.០០០ម៉ែត្រការ៉េ នៅក្រុងប៉ោយប៉ែត។
រូបថតៈលោក អ៊ុំរាត្រី (ខាងស្តាំ)និងលោកហួត ហាក់ រដ្ឋលេខាធិការ តំណាងលោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងទំនាក់ទំនង ជាមួយ រដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច
លោកហួត ហាក់ រដ្ឋលេខាធិការ តំណាងលោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងទំនាក់ទំនង ជាមួយ រដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានដឹកនាំប្រតិភូ ចូលរួមប្រជុំពិភាក្សាជាមួយ លោក អ៊ុំ រាត្រីអភិបាលខេត្តបន្ទាយ មានជ័យលោកអភិបាលរងខេត្តពីររូបទៀតលោកប្រធានអនុប្រធានមន្ទីរមន្ត្រីជំនាញនៃមន្ទីរអង្គភាពពាក់ព័ន្ធដែលធ្វើនៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២១។
មន្ត្រីគណៈកម្មការដោះស្រាយវិវាទដីធ្លីខេត្តបន្ទាយមានជ័យបានដឹងថ្ងៃទី៦ខែកុម្ភៈថាបេសកកម្មលើកនេះរបស់ប្រតិភូដើម្បីស្រាវជ្រាវសម្របសម្រួលដោះស្រាយលើករណីបណ្តឹងរបស់ ឈ្មោះ ជូ ពុន ប្តឹងឈ្មោះ ពិន នងនិងបក្ខពួកថាបានរំលោភយកដីរបស់ គាត់ទំហំ៤៥.០០០ម៉ែត្រការ៉េ មានទីតាំងស្ថិតនៅភូមិអណ្តូងថ្មមាស សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ។
ប៉ុន្តែក្នុងពេលនេះ ក៏ដូចលើកមុន ភាគីចុងចោទឈ្មោះពិន នង មិនហ៊ានមកចូលរួមតទល់មុខដំណោះស្រាយឡើយ ។ឯភាគីដើមចោទ និងមន្ត្រីគណៈកម្មការអះអាងថា ខ្លួន(ឈ្មោះជូ ពុន ) មានឯកសារគតីយុត្តិត្រឹមត្រូវក្នុងការកាន់កាប់ គ្រប់គ្រងដីធ្លីនោះ ។ប៉ុន្តែ បានរងការរំលោភបំពានពីភាគីចុងចោទ ។ ទោះយ៉ាងណា ដើម្បីចៀសវាងអំពើហិង្សាឬច្បាប់ព្រៃកើតឡើង ភាគីដើមចោទ នៅតែបន្តរត់រកផ្នែកច្បាប់អោយជួយអន្តរាគមន៍សម្របសម្រួលដោះស្រាយដោយសន្តិវិធីនិងនិតិវិធី ៕សរន