Home ព័ត៌មានជាតិ វប្បធម៌ សារមន្ទីរ​ព្រ...

សារមន្ទីរ​ព្រះ​នរោត្តម​សីហនុ​-​អង្គរ ជា​កន្លែង​ផ្តល់​ចំណេះដឹង​អំពី​កិច្ចការ​ស្រាវជ្រាវ​បុរាណវិទ្យា​ដ៏​សម្បូរបែប​

ដោយ​: បាយ័ន​/​សៀមរាប​: សារមន្ទីរ​ព្រះ​នរោត្តម​សីហនុ​-​អង្គរ បាន​កសាងឡើង​ក្រោម​កិច្ចសហប្រតិបត្តិការ​រ​វាង​អាជ្ញាធរ​ជាតិ​អប្សរា​និង​សាកលវិទ្យាល័យ​សូ​ហ្វី​យ៉ា ដោយ​ទទួល​បានការ​ឧបត្ថម​ថវិកា​ពី​ក្រុមហ៊ុន​អ៊ី​អុង (AEON) របស់​ប្រទេស​ជប៉ុន ហើយក៏​ជា​កន្លែង​ផ្តល់​ចំណេះដឹង​អំពី​កិច្ចការ​ស្រាវជ្រាវ​បុរាណវិទ្យា​ដ៏​សម្បូរបែប​នៅ​ខេត្តសៀមរាប​។​

​នេះ​គឺជា​ការបញ្ជាក់​អោយដឹងពី​អាជ្ញាធរ​ជាតិ​អប្សរា នា​រសៀល​ថ្ងៃទី​០៦ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ​។​

​អាជ្ញាធរ​ជាតិ​អប្សរា បាន​បញ្ជាក់ថា សារមន្ទីរ​ព្រះ​នរោត្តម​សីហនុ​-​អង្គរ មាន​អាសយដ្ឋាន​នៅតាម​បណ្តោយ​ផ្លូវ​សម្តេច​វិបុល​បញ្ញា សុខ អាន (​ផ្លូវ​60​ម៉ែត្រ​) ស្ថិតក្នុង​ភូមិ​បឹង​ដូន​ប៉ា សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ខេត្តសៀមរាប​។ គោលបំណង​សំខាន់​នៃ​ការកសាង​សារមន្ទីរ​នេះ​គឺ​ដើម្បី​ថែរក្សា ក៏ដូចជា​បង្ហាញជូន​ដល់​សាធារណ​ជនជាតិ និង​អន្តរជាតិ​នូវ​វត្ថុ​បុរាណ ដែល​បានធ្វើ​កំណាយ​ឃើញ​ក្នុងពេល​សិក្សា​ស្រាវជ្រាវ​នៅ​ប្រាសាទបន្ទាយក្តី​កាលពី​ឆ្នាំ​២០០០​និង​២០០១​។​

​អាជ្ញា​អរ​ជាតិ​អប្សរា បាន​បន្តថា បន្ទាប់ពី​បាន​បើក​ដំណើរការ​ចាប់តាំងពី​ឆ្នាំ​២០០៨​មក សារមន្ទីរ​បាន​ពង្រីក​ការតាំងពិព័រណ៍​សមុច្ច័យ​ជា​បន្តបន្ទាប់ ដោយ​បច្ចុប្បន្ន​សារមន្ទីរ​មាន​ពិព័រណ៍​សំខាន់ៗ​ដូចជា​៖ ពិព័រណ៍​វាល​កប់​សព​កោះ​តា​មាស និង​ព្រៃ​ក្មេង ពិព័រណ៍​ប្រាសាទបន្ទាយក្តី ពិព័រណ៍​គោក​ប៉ា​ទ្រី និង​ពិព័រណ៍​ស្តីអំពី​សមិទ្ធិផល​នៃ​កិច្ចសហប្រតិបត្តិការ​រ​វាង​អាជ្ញាធរ​ជាតិ​អប្សរា និង​បណ្តា​ស្ថាប័ន​អន្តរជាតិ​ក្នុង​កិច្ចការ​គាំពារ និង​ជួសជុល​ប្រាសាទ​នានា​ក្នុង​តំបន់​អង្គរ​។

​សារមន្ទីរ​ព្រះ​នរោត្តម​សីហនុ​-​អង្គរ បើក​ជូន​សាធារណជន​ចូល​ទស្សនា​ពីថ្ងៃ​អង្គារ ដល់​ថ្ងៃអាទិត្យ ចាប់ពី​ម៉ោង​៨​ព្រឹក ដល់​ម៉ោង​៤​ល្ងាច​។ ជាពិសេស​មិន​គិតថ្លៃ​ចំពោះ​កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ ដូនជី តាជី និង​កុមារ​ក្រោម​អាយុ​១២​ឆ្នាំ​។ សារមន្ទីរ​ក៏មាន​មគ្គុទ្ទេសក៍​ជំនាញ​នៅចាំ​ពន្យល់ បកស្រាយ​ជូន​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ទាំងអស់​ដោយ​ឥតគិតថ្លៃ​ផងដែរ​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular