ដោយ: មុនីរ័ត្ន / ភ្នំពេញ: លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា បច្ចុប្បន្នប្រទេសកម្ពុជា ត្រូវការធនធានមនុស្សជាច្រើនផ្នែក ជំនាញបច្ចេកទេស និងបច្ចេកវិទ្យា ដើម្បីចូលរួមចំណែកអភិវឌ្ឍលើគ្រប់ផ្នែកទាំងអស់ ក្នុងសង្គមនាពេលបច្ចុប្បន្ននេះ តែអ្វីដែលជាបញ្ហាប្រឈម គឺយុវជនចូលចិត្តសិក្សាជំនាញដែលធ្វើការក្នុងការិយាល័យ ឬជំនាញសេវាកម្មច្រើនជាងជំនាញបច្ចេកទេស។ ហេតុនេះ ដើម្បីត្រៀមខ្លួន ឱ្យបានល្អក្នុងការចូលរួមជាចំណែកយ៉ាងសំខាន់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច ក្នុងសម័យបច្ចេកវិទ្យាឌីជីថលនេះ សិស្ស និស្សិតគួរងាកចំណាប់អារម្មណ៍មកសិក្សាផ្នែកបច្ចេកទេស វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ឱ្យបានច្រើន។
ការថ្លែងនេះ បានធ្វើឡើងក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សា២០២០-២០២១ និងប្រកាសចូលកាន់មុខតំណែងសាកលវិទ្យាធិការ និងសាកលវិទ្យាធិការរង របស់សាកលវិទ្យាល័យជាតិបាត់ដំបង នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២១នេះ។
លោកស សុខា បានបន្តថា ការសិក្សាទៀតសោត ក៏ចាំបាច់ត្រូវខិតខំប្រឹងប្រែងឱ្យបានស៊ីជម្រៅ ដើម្បីមានសមត្ថភាពប្រកួតប្រជែងក្នុងទីផ្សារការងារទាំងក្នុងប្រទេស និងក្នុងតំបន់ ព្រោះនៅក្នុងសេដ្ឋកិច្ចឌីជីថល ការប្រកួតប្រជែងកាន់តែមានលក្ខណៈ ទូលាយនៅគ្រប់តំបន់ទាំងអស់លើពិភពលោក ។ ក្រៅពីជំនាញបច្ចេកទេស យុវជនគួរតែស្វែងរកសិក្សាពីជំនាញទន់ ព្រោះជំនាញនេះ វាមិនមានក្បួនប្រាប់ត្រង់ៗនោះទេ គឺត្រូវការចេះអង្កេតបទពិសោធន៍ ការសាងល្បង និងទេព្យកោសល្យពីធម្មជាតិរបស់បុគ្គល ។ ហេតុនេះហើយ វាមិនត្រូវបានបង្រៀនក្នុងថ្នាក់រៀននោះឡើយ ។ បើទោះជាសព្វថ្ងៃ មានបើកវគ្គខ្លីៗ បង្រៀនជំនាញនេះ ក៏អ្នកបង្ហាត់នោះប្រើប្រាស់បទពិសោធន៍ជោគជ័យ និងទ្រឹស្តីផ្ទាល់ខ្លួន ដើម្បីបង្រៀនតែប៉ុណ្ណោះ ។ ជំនាញនោះមានដូចជា ៖
-ជំនាញទំនាក់ទំនង គឺជាសមត្ថភាពក្នុងការបញ្ចេញគំនិត ឬមតិរបស់ខ្លួន តាមរយៈការនិយាយ និងភាពជឿជាក់ ដែលធ្វើឱ្យអ្នដទៃងាយយល់នូវអ្វីដែលពួកគេចង់បង្ហាញ។
-ជំនាញអន្តរបុគ្គល គឺសំដៅលើសមត្ថភាពក្នុងការប្រាស្រ័យទាក់ទងជាមួយមនុស្សដទៃ។
-ជំនាញដឹកនាំ គឺជាសមត្ថភាពក្នុងការដឹកនាំមនុស្សធ្វើការងារដើម្បីសម្រេចគោលដៅនៃការងារ។
-ជំនាញគ្រប់គ្រងពេលវេលា គឺសំដៅលើសមត្ថភាពក្នុងការប្រើប្រាស់ពេលវេលា ធ្វើការយ៉ាងត្រឹមត្រូវ និងមានប្រសិទ្ធភាព ដើម្បីសម្រេចការងារយ៉ាងច្រើន។
-ជំនាញត្រិះរិះស៊ីជម្រៅ គឺសំដៅសមត្ថភាពក្នុងការវិភាគបញ្ហា ដើម្បីរកដំណោះស្រាយ និងធ្វើការសម្រេចចិត្តយ៉ាងមានប្រសិទ្ធភាព។
-ជំនាញជំរុញទឹកចិត្តខ្លួនឯង គឺសំដៅទៅលើការមានទំនួលខុសត្រូវក្នុងការបំពេញការងារ ដូចជា ៖ ការខិតខំធ្វើការងារ ការមានគំនិតច្នៃប្រឌិត និងកំណត់អាទិភាពលើការងារដោយមិនចាំបាច់មានការដាស់តឿន។
-ជំនាញភាពបត់បែន គឺសំដៅលើសមត្ថភាព និងឆន្ទៈស្របតាមកាលៈទេសៈ និងអាចដោះស្រាយនូវបញ្ហាប្រឈមដែលអាចកើតឡើងភ្លាមៗនៅកន្លែងធ្វើការ។
ក្រៅពីជំនាញខាងលើ នៅមានជំនាញផ្សេងៗជាច្រើនទៀត ដែលប្អូនៗ ក្មួយៗ គួរពិចារណា ដើម្បីបង្កើនសក្តានុពលរបស់ខ្លួនសម្រាប់បច្ចុប្បន្ន និងអនាគត។
លោកស សុខា បានបន្តទៀតថា លើកពីនេះទៅទៀតនិស្សិតទាំងអស់ ក៏ត្រូវ ៖
១.ត្រូវគោរពវិន័យ និងបទបញ្ជាផ្ទៃក្នុងរបស់សាកលវិទ្យាល័យ ឱ្យបានខ្ជាប់ខ្ជួន ។
២.ត្រូវបន្តលើកកម្ពស់សុខភាព អនាម័យ ក្នុងបរិបទកូវីដ-១៩ ដោយអនុវត្តទៅតាមវិធានការ របស់ក្រសួងសុខាភិបាល ជាប់ជាប្រចាំ ។
៣.ត្រូវបន្តខិតខំរៀនសូត្រ និងស្រាវជ្រាវឱ្យបានជាប្រចាំ និងចូលរួមឱ្យបានសស្រាក់សស្រាំក្នុងអំពើល្អ ដើម្បីការរីកចម្រើននៅក្នុងគ្រួសារ ក្នុងសង្គម និងប្រទេសជាតិយើង ។ ជាមួយនេះ សូមប្អូនៗ ក្មួយៗ ត្រូវចងចាំជានិច្ចថា បើយើងស្រឡាញ់ខ្លួន ស្រឡាញ់ឪពុកម្តាយយើង និងសង្គមជាតិយើង គឺត្រូវនៅឲ្យឆ្ងាយពីគ្រឿងញៀន ។
៤.ត្រូវបង្កើតក្រុមស្វ័យសិក្សា ( អ្នកចេះច្រើនបង្រៀនអ្នកចេះតិច អ្នកចេះតិចបង្រៀនអ្នកមិនចេះ ) និងសិក្សាឈ្វេងយល់ សុំបទពិសោធន៍ពីសិស្សច្បងមុនៗ ។
៥.ត្រូវកំណត់គោលដៅអនាគត ឲ្យបានច្បាស់លាស់។
៦.ត្រូវចេះក្ដាប់ឱកាសដែលប្អូនៗក្មួយៗ បានទទួលក្នុងដៃ ក្រោមពាក្យស្លោក “ចាប់យកឱកាសថ្ងៃនេះ សម្រាប់អនាគតរបស់យើងថ្ងៃស្អែក” ដូច្នេះសង្ឃឹមថា ប្អូនៗក្មួយៗទាំងអស់ត្រូវចេះត្រៀមខ្លួនក្នុងការទទួលយកនូវបទពិសោធន៍ និងការសិក្សាថ្មីៗ នៅសាកលវិទ្យាល័យ៕