ដោយ៖ដេប៉ូ
ភ្នំពេញ៖សត្វត្រយងញីមួយក្បាលដែលជាប្រភេទសត្វកម្រជិតផុតពូជបំផុតនៅលើពិភពលោកត្រូវបានជួយសង្គ្រោះជីវិតពីការជាប់អន្ទាក់របស់ព្រានព្រៃនៅក្នុងដែនជម្រកសត្វព្រៃលំផាត់ភូមិសាស្ត្រខេត្តរតនគិរី។ នេះបើតាមការឱ្យដឹងពីលោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២១នេះ។
លោករដ្ឋលេខាធិការបានថ្លែងថា បច្ចុប្បន្ន សត្វត្រយងយក្ស ដែលត្រូវបានជួយសង្គ្រោះនេះត្រូវបានប្រគល់ជូនមន្ត្រីជំនាញនៃអង្គការជីវិតសត្វស្លាបប្រចាំកម្ពុជាដោយសហការជាមួយអង្គការ ACCB ដើម្បីជួយមើលថែរក្សានិងព្យាបាលស្នាមរបួសដែលជាប់អន្ទាក់។
គួរបញ្ជាក់ថា កាលពីខែមករាកន្លងទៅ ក្រុមមន្ត្រីអភិរក្សបានរកឃើញសំបុកសត្វត្រយងចង្កំ.ក.សដែលជាប្រភេទសត្វជិតផុតពូជចំនួន ៥សំបុកនៅក្នុងដែនជម្រកសត្វព្រៃលំផាត់ ខេត្តរតនៈគិរីដែលជាសញ្ញាបញ្ជាក់ពីវត្តមានសត្វស្លាបដ៏កម្ររបស់កម្ពុជាមានឡើងវិញ។
លោករដ្ឋលេខាធិការ នេត្រ ភក្ត្រា បានថ្លែងថាប្រទេសកម្ពុជាគឺជាទីជម្រកដ៏ធំតែមួយគត់នៅលើពិភពលោកសម្រាប់សត្វត្រយងយក្ស និងសត្វត្រយងចង្កំកសដែលជាប្រភេទសត្វដែលរងគ្រោះបំផុតជិតផុតពូជនៅលើពិភពលោក។ កម្ពុជាមានមោទនភាពដែលមានសត្វកម្រនេះ ហើយចាំបាច់ យើងទាំងអស់គ្នាត្រូវរួមគ្នាការពារ និងអភិរក្សសត្វដ៏កម្រប្រភេទនេះឱ្យបានគង់វង្សស្ថិតស្ថេរសម្រាប់មនុស្សរាប់ជំនាន់ ទៅមុខទៀតដើម្បីផលប្រយោជន៍នៃជីវៈចម្រុះពិភពលោកទាំងមូល»។
លោក រដ្ឋលេខាធិការក្រសួងបរិស្ថានបានថ្លែងឱ្យដឹងថា យោងតាមការជំរឿនសត្វត្រយងរបស់អង្គការដៃគូនានារបស់ក្រសួងបរិស្ថាន ត្រយងយក្សដែលជាសត្វរងគ្រោះបំផុតនៅលើពិភពលោកមានចំនួនប្រមាណ ៣០០ ក្បាលស្មើនឹង ៩៩ភាគរយ នៃសត្វត្រយងយក្សរបស់ពិភពលោកក្នុងនោះសត្វត្រយងយក្សពេញវ័យមានក្រោម ២០០ ក្បាល។ ចំណែកសត្វត្រយងចង្កំកសមានចំនួនជិត ៦០០ក្បាល ស្មើនឹងប្រមាណ ៩៥ភាគរយនៃសត្វត្រយងចង្កំកសនៅលើពិភពលោក។
ពាក់ព័ន្ធក្នុងរឿងនេះដែរលោក នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា នៅឆ្នាំ ២០០៥ សត្វត្រយងយក្សត្រូវបានកំណត់ដោយព្រះរាជក្រឹត្យជាសត្វស្លាបនិមិត្តសញ្ញាជាតិរបស់ប្រទេសកម្ពុជា។ សត្វត្រយងយក្សជាសត្វរងគ្រោះបំផុតជិតផុតពូជ ហើយសត្វនេះត្រូវបានការពារដោយច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។ ហេតុដូច្នេះហើយបានជារាជរដ្ឋាភិបាលកម្ពុជាយកចិត្តទុកដាក់ខ្ពស់ក្នុងការការពារ និងអភិរក្សសត្វត្រយងក្ស និងស្វតត្រយងចង្កំកសនេះដោយប្រុងប្រយ័ត្នបំផុត។
បើតាមការឱ្យដឹងរបស់លោក នេត្រ ភក្ត្រា ក្រសួងបរិស្ថានបានសហការជាមួយអង្គការជាច្រើនក្នុងនោះអង្គការសមាគមសង្គ្រោះសត្វព្រៃ WCS បានដើរតួនាទីយ៉ាងសំខាន់ក្នុងកិច្ចការពារនិង អភិរក្សសត្វត្រយងយក្សនិងសត្វត្រយងចង្កំកសនេះតាមរយៈការអនុវត្តគម្រោងស្រូវសត្វត្រយងដែលមិនត្រឹមតែធានាដល់ការផលិត ស្រូវសម្រាប់ប្រើប្រាស់ផ្គត់ផ្គង់ក្នុងគ្រួសាររបស់ប្រជាពលរដ្ឋទេ ប៉ុន្តែធានាបាននិរន្តរភាពសម្រាប់ការប្រើប្រាសខ្សែសង្វាក់ផ្គត់ផ្គង់ដើម្បីគាំទ្រការអភិរក្ស ការពារសត្វព្រៃ ព្រៃឈើ និងចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ៕dp