Home ព័ត៌មានជាតិ សេដ្ឋកិច្ច ​គម្រោង​អភិវឌ...

​គម្រោង​អភិវឌ្ឍន៍ និង​ស្ដារ​អូរ​ប្រឡាយ​ធម្មជាតិ ស្ថិតក្នុង​ខេត្ត​ព្រះសីហនុ ប្រវែង ២៧ គីឡូម៉ែត្រ សម្រេចបាន​ជាង ៩៣ ភាគរយ​

ដោយៈ​សុផល / ព្រះសីហនុៈ គម្រោង​អភិវឌ្ឍន៍ និង​ស្ដារ​អូរ​ប្រឡាយ​ធម្មជាតិ ស្ថិតក្នុង​ខេត្ត​ព្រះសីហនុ ប្រវែង ២៧ គីឡូម៉ែត្រ ក្នុង​ក្របខណ្ឌ​ប្រើប្រាស់ កញ្ចប់​ថវិកា​សន្សំ​រប​ស់​ជាតិ គិត​ត្រឹម​ថ្ងៃទី​៣១ ខែមករា ឆ្នាំ​២០២១ សម្រេចបាន ៩៣,៤២% ហើយ​។ នេះ​បើ​យោងតាម​របាយការណ៍ របស់​អគ្គនាយកដ្ឋាន ប្រព័ន្ធ​ចម្រោះ​ទឹក​កខ្វក់ នៃ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ។​

​គោលបំណង នៃ​ការស្តារ​អូរ​ធម្មជាតិ សំខាន់ៗ​ទាំងនេះ គឺ​ដើម្បី​ការពារ ជំនន់​ទឹកភ្លៀង នៅតាម​តំបន់​ងាយ​រងគ្រោះ ក្នុង​ទីក្រុង ក៏ដូចជា​រៀបចំ​កសាង ប្រព័ន្ធ​ប្រឡាយទឹក នៅ​ទីក្រុង​មួយ​នេះ ឱ្យមាន​បរិស្ថាន​ស្អាត និង​អនាម័យ​ល្អ ដែល​អាច​ទាក់ទាញ ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ បាន​កាន់តែច្រើន​ថែមទៀត​។​

​កាលពី​ថ្ងៃទី​៦ ខែកុម្ភៈ ឆ្នាំ​២០២១ នេះ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ដឹកនាំ​ក្រុមការងារ ជំនាញ​បច្ចេកទេស ក្រោម​ឱវាទ​ក្រសួង ចុះ​ពិនិត្យមើល​វឌ្ឍនភាព នៃ​ការស្តារ​អូរ​សំខាន់ៗ នៅក្នុង​ក្រុងព្រះសីហនុ ដោយមាន​ការចូលរួម ពី​មន្ត្រី​ជំនាញ​បច្ចេកទេស ក្រោម​ឱវាទ​ក្រសួង និង​ភាគី​ពាក់ព័ន្ធ​ផងដែរ​។​

​ក្នុង​ដំណើរ​បេសកកម្ម ចុះ​ពិនិត្យ​នេះ ធ្វើឡើង ក្នុង​គោលបំណង ដើម្បី​ពិនិត្យមើល​វឌ្ឍនភាព ការងារ​ស្ដារ អូរ​ប្រឡាយ​ប្រព័ន្ធ ចម្រោះ​ទឹក​កខ្វក់ និង​ស្ថានីយ​បូមទឹក ដែល​សាងសង់ ដោយ​អគ្គនាយកដ្ឋាន ប្រព័ន្ធ​ចម្រោះ​ទឹក​កខ្វក់ និង​ក្រុមហ៊ុន BUCG ដោយ​ក្នុងនោះ រួមមាន បឹង​ព្រែក​ទប់ ស្ថានីយ​បូម​អេ​ម៉ា​រី​អូ ស្ថានីយ​បូម​មុខ​សាលាខេត្ត និង​ស្ថានីយ​ច្រោះ​សម្អាត​ទឹក កាកសំណល់ ក្រុងព្រះសីហនុ ជាដើម​។​

​ក្នុង​ដំណើរ​អញ្ជើញ​ចុះ​ពិនិត្យ ស្ថានីយ​ច្រោះ​សម្អាត​ទឹក កាកសំណល់ ក្រុងព្រះសីហនុ ដែលមាន​ផ្ទៃក្រឡា ចំនួន ១៦ ហិកតា ទេសរដ្ឋមន្ត្រី បាន​ណែនាំ​ឲ្យ​ក្រុមការងារ ជំនាញ​បច្ចេកទេស រៀបចំ​សំណើសុំ​ថវិកា​ប្ដូរ​ម៉ូ​ទ័​រ និង​ដំឡើង​ផ្ទាំង ថាមពល​សូ​ឡា ទៅ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដើម្បី​ធ្វើ​ឲ្យ​ប្រសើរឡើង ដល់​ប្រសិទ្ធភាព នៃ​ការសម្អាត សារជាតិ​កខ្វក់ នៅក្នុង​ទឹក និង​កាត់បន្ថយ ការចំណាយ​ថាមពល​អគ្គិសនី ដែល​ជួយ​ដល់ ការ​សន្សំសំចៃ​ថវិកាជាតិ បាន​មួយកម្រិត ជាពិសេស​ធានាបាន នូវ​បរិស្ថាន​ស្អាត ប្រកបដោយ​ផាសុកភាព ជូន​ប្រជាពលរដ្ឋ ភ្ញៀវ​ជាតិ និង​អន្តរជាតិ មុននឹង​បញ្ចេញ​ទឹក​កខ្វក់​ទាំងនោះ ចូលទៅក្នុង​ឆ្នេរសមុទ្រ​។​

​សូម​ជម្រាបជូន​ថា ស្ថានីយ​ប្រព្រឹត្តិកម្ម តាមបែប​ធម្មជាតិ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ គឺជា​ស្ថានីយ​ច្រោះ​សម្អាត ទឹក​សំណល់​ធំ​ទី​២ បន្ទាប់ពី​ស្ថានីយ ច្រោះ​សម្អាត​ទឹក​កង្វក់ តាមបែប​ធម្មជាតិ ក្រុង​សៀមរាប ខេត្តសៀមរាប​។​

​គួរកត់សំគាល់​ដែរ​ថាៈ ដោយសារ​តែមាន​ការហូ​រ​ចូល នូវ​វិនិយោគ​ចម្រុះ តាមរយៈ​ការសាងសង់ អគារ​ខុន​ដូ រមណីយដ្ឋាន និង​អគារ​ពាណិជ្ជកម្ម ព្រមទាំង​រោងចក្រ​កាត់ដេរ​ជាច្រើន ខេត្ត​ព្រះសីហនុ បាននិងកំពុង​អភិវឌ្ឍន៍ យ៉ាងខ្លាំង ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ ចុងក្រោយ​នេះ ទន្ទឹមនឹង​ការអភិវឌ្ឍ បរិមាណ​ទឹក​កខ្វក់ មានការ​កើនឡើង លើសពី​ការរំពឹងទុក ដើម្បី​ដោះស្រាយ​បញ្ហា ចំពោះមុខ​ជាបន្ទាន់ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​សហការ​ជាមួយ ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ព្រមទាំង​អាជ្ញាធរ​ដែនដី បាន​ស្ដារឡើងវិញ នូវ​ហេដ្ឋារចនាសម្ព័ន្ធ គ្រប់គ្រង​ទឹក​កខ្វក់ និង​សាងសង់​ស្ថានីយ បូមទឹក​មួយចំនួន បន្ថែមទៀត​។​

​ឆ្លៀត​ក្នុងឱកាស​នោះដែរ លោក​ទេសរដ្ឋមន្ត្រី បាន​អញ្ជើញ​ចុះ​ពិនិត្យ គម្រោង​ពង្រីក និង​ធ្វើឱ្យ​ប្រសើរឡើង កំណាត់​ផ្លូវជាតិ​លេខ​៤ ចាប់ពី PK ២១៥+៨០០ ដល់ PK ២២២+៧០០ អនុវត្ត​ដោយ​អគ្គនាយកដ្ឋាន សាធារណការ នៃ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ប្រវែង ៦,៧ គីឡូម៉ែត្រ មាន​ទិស​ចរាចរណ៍ ចំនួន ៦ គន្លង បី​គន្លង​ទៅ បី​គន្លង​មក និង​បាន​ណែនាំ ឲ្យ​ក្រុមការងារ​បច្ចេកទេស កែសម្រួល ពង្រីក​និង​ដាក់​ភ្លើង​សញ្ញា ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​បញ្ចៀស​គ្រោះថ្នាក់​ចរាចរណ៍​៕​/V

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular