កូនប្រុស​អតីតមន្ដ្រី​ជាន់ខ្ពស់​គណ​បក្ស​សង្គ្រោះ​ជាតិ​មួយរូប ស្នើ​បង្កើត​គណបក្ស​ថ្មី​មួយ​

1195
ចែករម្លែក

*​គណបក្សកាន់អំណាច​ស្វាគមន៍ តែ​អតីតមន្ដ្រី​គណបក្ស​សង្គ្រោះ​ជាតិ​ហាក់​ខកចិត្ត​

ដោយ : វិបុល / ​ភ្នំពេញ ៖ គិត​ត្រឹម​ល្ងាច​ថ្ងៃទី​២៦ ខែមេសា ឆ្នាំ​២០១៨ លិខិត​ស្នើសុំ​បង្កើត​គណបក្ស​ថ្មី របស់លោក គង់ មុនី​កា ដែលជា​កូនប្រុស​របស់លោក គង់ គាំ បាន​បញ្ជូន​ដល់​ក្រសួងមហាផ្ទៃ​ហើយ ហើយ​ក្រសួង​កំពុង​ពិនិត្យមើល​សំណើ​នេះ ដើម្បី​សម្រេច​តាមច្បាប់​ ។ នេះ​បើតាម​ការអះអាង​របស់​លោក ខៀវ សុភ័គ មន្ដ្រី​នាំពាក្យ​ក្រសួងមហាផ្ទៃ ដែល​បាន​អះអាង​ប្រាប់​បណ្ដាញសារព័ត៌មាន​ក្នុងស្រុក​មួយ​ ។​

​លោក គង់ មុនី​កា ស្ថាបនិក និង​ជា​ប្រធាន​គណបក្ស​នេះ បាន​ឲ្យ​ដឹងថា គណបក្ស​ឆន្ទៈ​ខ្មែរ ត្រូវបាន​បង្កើតឡើង​ដោយ​ស្ថា​និក​៧​រូប ប៉ុន្តែ​ស្ថា​និ​ប​ទាំងនោះ មិនមែនជា​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​តុលាការ​ហាម​ឃាត់​​សិទ្ធិ​ធ្វើ​នយោបាយ​ទេ​ ។​

​យោងតាម​សេចក្ដីប្រកាស​ព័ត៌មាន ដែល​ចេញ​ដោយ​លោក គង់ មុនី​កា បាន​បញ្ជាក់ថា​គណបក្ស​ថ្មី​មួយ​នេះ ក៏បាន​សម្រេច​ដាក់​ទីស្នាក់ការ​កណ្ដាល គណបក្ស​របស់ខ្លួន នៅផ្ទះ​លេខ​៧១ ផ្លូវ​សុធារស សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ពោល​ជា​អតីត​ទី​ស្នាក់​កណ្ដាល​របស់​គណបក្ស សម រង្ស៊ី​។​

 

លោក គង់ មុនីកា ប្រធានគណបក្សឆន្ទៈខ្មែរ

​ជាមួយគ្នានេះ លោក គង់ មុនី​កា ក៏បាន​បញ្ជាក់​ផងដែរ​ថា ក្រុម​ស្ថាបនិក បាននិងកំពុង​រៀបចំ អគ្គលេខាធិការដ្ឋាន ដោយមាន​ប្រធាន​០១​រូប អនុប្រធាន​០១​រូប អគ្គលេខាធិការ​០១​រូប អគ្គលេខាធិការរង​យ៉ាងតិច​០២​រូប និង​រៀបចំ​នាយកដ្ឋាន​មួយចំនួនទៀត​។

​ទន្ទឹមនឹង​ការប្រកាស​បើក​គណបក្ស​ថ្មី​នេះដែរ មានបំណង​ចង់ឱ្យ គណបក្ស​របស់លោក ក្លាយ​ទៅ​រូប​កាយ​ថ្មី​មួយ​របស់​ព្រលឹង​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​វិលវល់ រក​កន្លែង​ចាប់កំណើត​មិនទាន់​ឃើញ​។​

​យ៉ាងណាក្ដី លោក អេង ឆៃអ៊ាង អតីត​អនុប្រធាន អតីត​គណបក្ស​សង្គ្រោះ​ជាតិ បាន​បង្ហោះ​សារ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ដោយ​សម្ដែង​ការសោកស្ដាយ និង​ខកចិត្ត​យ៉ាងខ្លាំង ចំពោះ​កូនប្រុស​ពៅ លោក គង់ គាំ ដែល​បាន​ទៅ​បង្កើត​គណបក្ស​ថ្មី​មួយ ដើម្បី​ចូលរួម​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ដ្រ នីតិកាល​ទី​៦ ខែកក្កដា ឆ្នាំ​២០១៨​ខាងមុខនេះ​។​

លោក អេង ឆៃអ៊ាង អតីតអនុប្រធាន អតីតគណបក្សសង្រ្គោះជាតិ

​លោក អេង ឆៃអ៊ាង បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា “​ចិត្ត​មនុស្ស​ពិតជា​មិនអាច​វាស់​បាន​មែន ដូច​ពាក្យចាស់​លោក​បាន​ពោលថា ជម្រៅ​ទឹកសមុទ្រ គេ​អាច​វាស់​បាន តែ​ជម្រៅ​ចិត្ត​មនុស្ស មិនអាច​វាស់​បានឡើយ​។ យ៉ាងណាមិញ ចិត្ត​អ្នកនយោបាយ ក៏​ដូច្នោះ​ដែរ​ចិត្ត​ពីដំបូង​ធ្វើ​នយោបាយ ដើម្បី​សង្គ្រោះ​ជាតិ​ទាំងអស់គ្នា ដល់ពេល​សង្គ្រោះ​ជាតិ​ជួប​ឧបសគ្គ បាន​ប្រែចិត្ត​ទៅ​សង្គ្រោះ​គ្រួសារ ឬ​ទ្រព្យសម្បត្តិ​វិញ​” ។​

​ដោយឡែក គណបក្ស​ប្រជាជន​កម្ពុជា ដែលជា​គណបក្ស​កំពុងកាន់​អំណាច​ឯ​នុ៎ះ​វិញ បាន​សម្ដែង​ការស្វាគមន៍​ចំពោះ​ការចាប់​កំណើត​នៃ​គណបក្ស​ឆន្ទៈ​ខ្មែរ​នេះ ។​

​តាមរយៈ​សារ​ជា​សំណេរ​មួយ នៅលើ​បណ្ដាញ​ទំនាក់ទំនង​តេ​ឡេ​ក្រាម លោក​សុខ ឥសាន មន្ដ្រី​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​អះអាងថា “​គណបក្ស​ប្រជាជន​កម្ពុជា ស្វាគមន៍​ការបង្កើត​គណបក្ស​ថ្មី​ទាំងទ្បាយ ដើម្បី​ប្រកួតប្រជែង​ក្នុងការ​បោះឆ្នោត​នាពេលខាងមុខ​ឆាប់ៗ​នេះ​” ។​

លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា

​លោក​បាន​បន្តថា “​ការបង្កើត​គណបក្ស​ថ្មី​នេះ បញ្ជាក់​ច្បាស់​ថា នៅ​កម្ពុជា សិទ្ធិ​នយោបាយ​របស់​ពលរដ្ឋ ត្រូវបាន​បើកទូលាយ​ស្របតាម​ស្មារតី​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​” ។​

​លោក​បាន​បន្ថែម ទៀតថា ការបង្កើត​គណបក្សនយោបាយ​ថ្មី ក៏​បញ្ជាក់​ច្បាស់​ថា លទ្ធិប្រជាធិបតេយ្យនៅ​កម្ពុជា នៅតែ​រស់​រវើក និង​ស្រស់បំព្រង​ដដែល ទោះបី​អតីត​គណបក្សប្រឆាំង ចង់យក​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា មក​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​ក៏ដោយ ។ ម្យ៉ាងទៀត ក៏​បញ្ជាក់​ច្បាស់​ថា ទោះ​អ្នក​ធ្លាប់​ដើរ​តាម​អតីត​បក្សប្រឆាំង ក៏​មិន​មែនមាន​ទស្សនៈ និង​គោលជំហរ​គាំទ្រ អតីត​បក្សប្រឆាំង​នោះដែរ ៕

ទីតាំងផ្សាយពាណិជ្ជកម្ម