ដោយៈសុផល/ភ្នំពេញ៖ការដាក់ប្រាក់បញ្ញើក្នុងធនាគារគឺជាផ្នែកមួយនៃការវិនិយោគរបស់អតិថិជនឆ្លាតវៃនិងទទួលបានផលចំណេញ។ការដាក់ប្រាក់បញ្ញើរបស់អតិថិជនត្រូវបានមើលឃើញថាភាគច្រើនធ្វើឡើងតាមបញ្ជរដែលតម្រូវឱ្យអតិថិជនត្រូវទៅធ្វើដំណើរទៅកាន់បញ្ជរធនាគារនីមួយៗ ដើម្បីធ្វើប្រតិបត្តិការដាក់ប្រាក់របស់ខ្លួន ។តែដោយសារតែបច្ចេកវិទ្យាទំនើបកាន់តែរីកចម្រើន ការដាក់បញ្ញើ ក៏ត្រូវឡើងតាមរយៈម៉ូបាលអេបវិញម្ដង ដែលផ្តល់ភាពងាយស្រួល ចំណេញពេលវេលា និងចំណេញការប្រាក់។
លោកស្រី សុខ សោភា នាយិកាប្រតិបត្តិទីផ្សារនៃធនាគារអេស៊ីលីដាភីអិលស៊ី បានមានប្រសាសន៍នៅថ្ងៃនេះថា៖«ការដាក់ប្រាក់បញ្ញើមានកាលកំណត់តាមម៉ូបាលអេបគឺជាផ្នែកមួយនៃការវិនិយោគ។ការដាក់ប្រាក់បញ្ញើមានកាលកំណត់តាមម៉ូបាលអេបគឺទទួលបានអត្ថប្រយោជន៍ច្រើនជាងការដាក់តាមបញ្ជរហើយទទួលបានអត្រាការប្រាក់ខ្ពស់ជាងការដាក់នៅតាមបញ្ជរផងដែរ។ការដាក់ប្រាក់បញ្ញើមានកាលកំណត់តាមម៉ូបាលអេបគឺមិនតម្រូវឱ្យអតិថិជនធ្វើដំណើរទៅកាន់បញ្ជរដែលនាំឱ្យខាតពេលវេលានិងត្រូវចំណាយសម្រាប់ធ្វើដំណើរថែមទាំងមានអត្រាប្រាក់ទាបជាងការដាក់តាមម៉ូបាលអេបទៅទៀត»។
លោកស្រីបានបន្តថា៖ «អត្រាការប្រាក់សម្រាប់ការដាក់ប្រាក់បញ្ញើមានកាលកំណត់ទទួលបានការប្រាក់ល្អជាងការយកទៅដាក់នៅតាមបញ្ជរព្រោះធនាគារបាននិងកំពុងលើកទឹកចិត្តដល់អតិថិជនក្នុងការធ្វើប្រតិបត្តិការដាក់ប្រាក់បញ្ញើតាមរយៈម៉ូបាលអេប។អតិថិជនក៏អាចដាក់បានភ្លាមៗនៅពេលខ្លួននឹកឃើញភ្លាមព្រមទាំងអាចចំណេញបានភ្លាមៗផងដែរ ។ការវិនិយោគនូវចំនួនទឹកប្រាក់ណាមួយដែលអតិថិជនមិនទាន់ត្រូវការប្រើប្រាស់ក្នុងរយៈពេលណាមួយមានភាពងាយស្រួលជាងការដាក់លុយនៅបញ្ជរ» ។
លោកស្រីបានឱ្យដឹងទៀតថា៖អតិថិជនរបស់អេស៊ីលីដាអាចដាក់ប្រាក់បញ្ញើមានកាលកំណត់១ខែ២ខែឬ៣ខែទៅតាមការចង់បានរបស់អតិថិជាបើសិនជាអតិថិជនគិតថាទឹកប្រាក់នោះមិនទាន់ប្រើប្រាស់ដូច្នេះពួកគាត់អាចដាក់ចូលទៅកាន់គណនីមានកាលកំណត់តាមម៉ូបាលអេប នឹងទទួលបានប្រាក់ចំណេញច្រើនជាងការដាក់តាមបញ្ជរ ។ការប្រាក់នឹងចាប់ផ្តើមផ្តល់នៅម៉ោងដែលយើងដាក់ប្រាក់បញ្ញើមានកាលកំណត់ ដាក់ភ្លាមបានការប្រាក់ភ្លាមការសម្រេចចិត្តលឿនកាន់តែឆាប់បានការប្រាក់។
ការដកប្រាក់អតិថិជនអាចដាក់ប្រាក់បញ្ញើក្នុងគណនីតាមចំនួនកំណត់ដែលអាចទទួលបានអត្រាការប្រាក់ឬតាមលទ្ធភាពជាក់ស្តែង។មធ្យោបាយក្នុងការដាក់ប្រាក់ រួមមាន ៖ ការដាក់សាច់ប្រាក់ ឬមូលប្បទានបត្រ នៅតាមបញ្ជរ ម៉ាស៊ីន CRM ឬផ្ទេរប្រាក់ចូលតាមរយៈសេវាធនាគារអេឡិចត្រូនិក ឬឌីជីថល ឬសេវាបញ្ជាអចិន្ត្រៃយ៍ថេរ (Standing Order) ជាដើម។ការដកប្រាក់ និងការទូទាត់អតិថិជនអាចដកជាសាច់ប្រាក់ ឬផ្ទេរទៅជាប្រាក់បញ្ញើមានកាលកំណត់ ឬទូទាត់ផ្សេងៗតាមតម្រូវការ។
បើតាមលោក បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដាធ្លាប់បានថ្លែងនាពេលថ្មីៗនេះថាក្នុងឆ្នាំ២០២១ធនាគារនឹងជំរុញឱ្យអតិថិជនប្រើប្រាស់អេបរបស់ខ្លួនកាន់តែ ច្រើនខណៈបច្ចុប្បន្ននេះមានអតិថិជនប្រមាណ១,៧លាននាក់កំពុងប្រើប្រាស់រួចហើយៗធនាគារក៏នឹងទាក់ទាញយកអតិថិជនដាក់ប្រាក់បញ្ញើសន្សំឱ្យបាន៣លាននាក់ផងដែរ ក្នុងឆ្នាំ២០២១នេះ ។
យោងតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជាបានឱ្យដឹងថាគិតត្រឹមដំណាច់ឆ្នាំ២០២០ប្រាក់បញ្ញើក្នុងប្រព័ន្ធធនាគារបានកើនឡើងដល់៣៣,៨ពាន់លានដុល្លារអាមេរិកស្មើនឹងប្រមាណ១១៣ភាគរយនៃផលិតផលក្នុងស្រុកសរុបខណៈឥណទានអតិថិជនបានកើនឡើងដល់៣៧,៣ពាន់លានដុល្លារឬស្មើនឹង១១៩ភាគរយនៃផលិតផលក្នុងស្រុកសរុប ៕Ph