ឆ្នាំជូត
រាសីល្អជាមធ្យម។នៅថ្ងៃនេះដំណើរជីវិតរបស់ លោកអ្នក បានផ្លាស់ប្តូរមកល្អប្រសើរ ហេតុនេះមិនថាការប្រកបការងារអ្វីតែងទទួលការចម្រើនលូតលាស់ និងចំណែកការបណ្តាក់ទុនរកស៊ីវិញតែងសម្រេចដល់គោលដៅផង។អ្នកប្រកបរបររកស៊ីជួញដូរមានការជឿនលឿនទៅមុខយ៉ាងឆាប់រហ័ស ហើយរឿងរាវអាក្រក់ទាំងឡាយដែលធ្លាប់មានកាលពីមុនមកក៏ត្រូវបានរលត់រលាយទៅឆ្ងាយតាមកាលវេលាដែរ។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំនៅថ្ងៃនេះដែរកំពុងមានការខ្វាយខ្វល់ព្រោះតែម្នាក់ៗមានការគិតហួសព្រំដែនច្រើន៕
ឆ្នាំឆ្លូវ
រាសីស្រុតចុះ។នាពេលនេះដួងរាសីខែរបស់លោកអ្នកកើតឆ្នាំគោធ្លាក់ស្រុតចុះ ហេតុនេះធ្វើឱ្យអ្វីៗជួបការលំបាក និង ការងារមានបញ្ហាច្រើនត្រូវឆ្លងកាត់។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញគ្រាន់រស់រវើកបន្តិចវិញ ហើយបើចង់រកស៊ីចូលហ៊ុនជាមួយអ្នកដទៃក៏មានភាពល្អប្រសើរដែរតែត្រូវត្រួតពិនិត្យសមាសភាពឱ្យបានត្រឹមត្រូវប្រយ័ត្នត្រូវចាញ់បោកគេ។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការប្រឆាំងនិងចង់ចាញ់ឈ្នះគ្នាច្រើននាំឱ្យកើតការរកាំចិត្តមិនតិចឡើយ៕
ឆ្នាំខាល
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកទំនាក់ទំនងការងារ និងការជោគជ័យនោះក៏ខ្ពស់ដែរ។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះដែរមានការចម្រើនលូតលាស់ទៅមុខ ដូច្នេះជាឱកាសល្អក្នុងការផ្លាស់ប្តូរមុខរបរឬបើកធ្វើជំនួញតូចធំបំផុត។ក្នុងរង្វង់គ្រួសារបើលោកអ្នកមានជម្លោះវិវាទជាឱកាសល្អក្នុងការផ្សះផ្សាហើយ។
រីឯសម្ព័ន្ធស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីមានការយកចិត្តទុកដាក់និងផ្អែមល្ហែមល្អចំពោះគ្នាគ្រាន់បើ៕
ឆ្នាំថោះ
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកដំណើរការងារអ្វីមួយពីព្រោះថាផលល្អៗតែងឆ្លើយតបមកវិញគ្រាន់ជាទីពេញចិត្តផង។សម្រាប់ពេលវេលាល្អរបស់លោកអ្នកក្នុងថ្ងៃនេះគឺម៉ោង៣,០០-៤,៥៩វិនាទីលោកអ្នកអាចទទួលដំណឹងល្អ ឬកិច្ចការងារជឿនលឿនទៅគួរសម។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះដែរមានភាពប្រទាំងប្រទើសបន្តិច តែយ៉ាងណាក៏ចំណូលមានហូរចូលដោយអាចប្រមូលចូលផ្ទះវិញគ្រាន់ជាទីកក់ក្តៅ។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំកុំចង់សាកល្បងកាមគុណប្រយ័ត្នកើតរឿងធំហើយរកតែទឹកភ្នែកជូតក្បាលជង្គង់មិនបានផង៕
ឆ្នាំរោង
រាសីស្រុតចុះ។នៅថ្ងៃនេះបើលោកអ្នកធ្វើអ្វីឃើញថាពុំសូវមានការជឿនលឿនទៅមុខទេ ពិសេសធ្វើច្រើនបែរជាទទួលផលតិចថែមទៀត។ ចំពោះអ្នកប្រកបរបររកស៊ីជួញដូរវិញឃើញថាទោះមានការចេញធ្វើជំនួញទីជិតឆ្ងាយមិនថា ផ្លូវគោក,ផ្លូវទឹក,ផ្លូវអាកាសក្តីការរកផលកម្រៃជួបបញ្ហាតានតឹងបន្តិច ហើយទាល់តែខិតខំខ្លាំងទើបអាចរកប្រាក់កាសគ្រាន់ចិញ្ចឹមឆ្នាំងបាយទៅរួច។
រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំលោកអ្នកត្រូវចេះថ្លាថ្លែងដោយសេចក្តីគួរសម ហើយពិសេសមានសម្តីផ្អែមត្រជាក់នោះទើបចៀសផុតជម្លោះវិវាទទាំងពួង៕
ឆ្នាំម្សាញ់
រាសីល្អជាមធ្យម។ក្នុងថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមានបញ្ហាយាយីច្រើន ធ្វើឱ្យមិនសូវសុខស្រួលចិត្តប៉ុន្មានឡើយ។ក្រៅពីនេះដំណើរចាកចេញក្រៅផ្ទះលោកអ្នកកុំសូវសេពគប់ជាមួយក្រុមមនុស្សខ្ចាត់ព្រាត់ពេក ពីព្រោះគេងាយនាំរឿងរាវមិនល្អទម្លាក់មកឱ្យណាស់។អ្នកប្រកបរបររកស៊ីជួញដូរមុនធ្វើអ្វីមួយត្រូវចេះត្រិះរិះពិចារណាឱ្យបានគ្រប់ជ្រុងជ្រោយ ហើយពុំត្រូវមានគំនិតវៀចវេឡើយ បើពុំនោះទេនាំជួបផលលំបាកដល់អាត្មាខ្លួនឯង ដោយសារអតិថិជនលែងហ៊ានមកក្បែរ។លោកអ្នកមិនគប្បីឈ្លក់វង្វេងល្បែងស៊ីសងឡើយ ប្រយ័ត្នជួបគ្រោះភ័យនៅគ្រាខាងមុខចៀសមិនរួច។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំកុំគប្បីជ្រួលជ្រើមខុសបែបបទប្រយ័ត្នការសប្បាយក្លាយជាទុក្ខវិញ៕
ឆ្នាំមមី
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះឃើញថាដំណើរជីវិតរបស់លោកអ្នកភ្លឺថ្លា ហើយធ្វើអ្វីក៏តែងផ្តល់ជាផ្លែផ្កាមកវិញគ្រាន់ជាទីពេញចិត្តផង។ការស់នៅមានភាពសុខដុម និងបើចង់ពឹងពាក់នរណាពីរឿងអ្វីមួយតែងទទួលផលគ្រាន់គាប់ប្រសើរ។ ចំពោះអ្នកប្រកបរបររកស៊ីជួញដូរពេលនេះប្រៀបដូចបានជា”ភ្លៀងធ្លាក់មួយមេមេឃស្រទ្បះ”ព្រោះអាចកំចាត់រាល់ឧបទ្រពចង្រៃទាំពួងឱ្យវិនាសជាអហោសិកម្មអស់ហើយលោកអ្នកអាចប្រកបមុខរបរពេញដៃពេញជើងទ្បើងវិញ។
រីឯសម្ព័ន្ធស្នេហាប្រុសស្រីមានការជឿនលឿនទៅមុខនិងកំពុងមានភាពស្រស់ស្រាយប្រពៃណាស់៕
ឆ្នាំមមែ
រាសីស្រុតចុះ។ក្នុងថ្ងៃនេះដួងរាសីមិនគាប់ប្រសើរប៉ុន្មានទេ ដូច្នេះបើទោះបីធ្វើអ្វីមួយក៏ដោយត្រូវប្រយ័ត្នប្រយែង ហើយមិនត្រូវជឿពាក្យអុជអាលអ្នកដទៃដែរបើពុំនោះទេរឿងខ្លះតូចតាចសោះអាចរីកក្លាយជាធំជាក់ជាពុំខាន។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញគ្រាន់រស់រវើកបន្តិចវិញប៉ុន្តែយ៉ាងណាផលកម្រៃក៏មិនសូវឆ្លើយតបដូចសេចក្តីប៉ងប្រាថ្នាទេឬអាចនិយាយបានថាគ្រាន់មួយទប់ទល់ចាយវាយ។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំងាយទាំងទាស់ទែងនិងត្រូវរ៉ូវគ្នា៕
ឆ្នាំវក
រាសីល្អជាមធ្យម។នៅថ្ងៃនេះលោកអ្នកបើសម្រេចចិត្តអ្វីគប្បីមានការប្រយ័ត្នប្រយែង ពីព្រោះផលមិនល្អនោះក៏មានចំពោះមុខច្រើន។អ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញគ្រាន់បើតែយ៉ាងណាលោកអ្នកទាល់តែខិតខំខ្លាំងទើបទទួលជោគជ័យជំនួញធំៗទៅកើត។ការធ្វើដំណើរចេញក្រៅផ្ទះលោកអ្នកចូរប្រយ័ត្នការមានជម្លោះវិវាទសម្តីបន្តិចបន្តួចដោយសារការមិនចុះសម្រុងគ្នាឬការប្រឆាំងគ្នាដោយប្រការណាមួយកើតទ្បើងជាមួយមនុស្សនៅជុំវិញខ្លួន។
រីឯបញ្ហាស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីមានដំណើរថយក្រោយចូរប្រយ័ត្នជម្លោះវិវាទឈានដល់ការបែកបាក់៕
ឆ្នាំរកា
រាសីស្រុតចុះ។នៅថ្ងៃនេះលោកអ្នកធ្វើអ្វីតែងរាំងស្ទះនិងមានបញ្ហាយាយីច្រើនគប្បីប្រយ័ត្នប្រយែង។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរផលចំណូលជួលការលំបាកច្រើនឬអាចនិយាយបានថាគឺលាភប្រាក់កាសច្រើនបោលហួសចាប់ពុំសូវជាប់ឡើយ ។ការធ្វើដំំណើរឆ្ងាយជិតមិនសូវមានសុវត្តិភាពទេគប្បីប្រយ័ត្នប្រយែង។
រីឯបញ្ហាសម្ព័ន្ធស្នេហាប្រុសស្រីមានភាពសោះកក្រោះនិងរកាំចិត្តចំពោះគ្នាពីព្រោះតែការមិនចេះអត់ឱនឱ្យគ្នានោះតែម្តង៕
ឆ្នាំច
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះទោះលោកអ្នកប្រកបកិច្ចការអ្វីក៏ដោយក៏អាចចាប់ផ្តើមពេញដៃពេញជើងហើយសម្រេចជោគជ័យគួរសមផង។ក្រៅពីនេះទាំងបញ្ហាសុខភាពនិងប្រាក់កាសមិនចោទជាបញ្ហាទេនិងបើមានការឈ្មុសឈ្មុលតែងជួបសេចក្តីសម្រេចដូចគាប់បំណង។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរវិញជួបការលំបាកក្នុងការរកផលចំណូលបន្តិចព្រោះតែមានការប្រជែងគ្នាច្រើន ហើយពិសេសប្រយ័ត្នមានជម្លោះវិវាទព្រោះតែការដណ្តើមអតិថិជនគ្នា។
រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំមានការឆាប់ប្រទាំងប្រទើសគ្នាបន្តិច ដូចនេះចូរប្រយ័ត្នកើតជម្លោះវិវាទណាមួយឡើង៕
ឆ្នាំកុរ
រាសីល្អជាមធ្យម។នៅថ្ងៃនេះការប្រកបកិច្ចការងារឃើញថាមានការជឿនលឿននិងផ្តល់ជាផ្លែផ្កាមកវិញគ្រាន់ជាទីពេញចិត្តផង។ទោះបីយ៉ាងណាសម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញជួបផលលំបាកក្នុងការរកប្រាក់ចំណូលណាស់ ហើយការជួញជិតឆ្ងាយទៀតសោតជួបតែភាពរកាំរកូសនិងភាពសៅហ្មង។ការធ្វើដំណើរទីជិតឆ្ងាយចូរប្រយ័ត្នឧប្បត្តិហេតុយាយី។
រីឯបញ្ហាស្នេហាប្រុសស្រីបើចង់ធ្វើការជ្រើសរើសគូស្រករពុំសូវល្អទេព្រោះច្រើនជួបគូកម្មច្រើនជាងគូព្រេង៕