ប្រែសម្រួលៈវាសនា/ញូវដេល្លី៖កសិករឥណ្ឌារាប់ម៉ឺននាក់ បានបិទផ្លូវហាយវ៉េនៅទូទាំងប្រទេសក្នុងការផ្ចាញ់ផ្ចាល់នឹងការបិទអ៊ីនធឺណិតនិងទូរស័ព្ទពីសំណាក់រដ្ឋាភិបាល តែពួកគេប្រឈមនឹងកងកម្លាំងសន្តិសុខដែលត្រូវបានដាក់ពង្រាយនៅពីក្រោយលួសបន្លានិងរបាំងថ្ម។
ពួកគេទាមទារអោយលុបចោលច្បាប់កសិកម្មដែលរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី ណារេនដ្រា ម៉ូឌី ជំរុញអោយសភាអនុម័តកាលពីឆ្នាំទៅ ដោយសារពួកគេអះអាងថា វាគាំទ្រដល់ក្រុមហ៊ុនធំៗអោយអោយមានប្រៀបលើម្ចាស់ដីតូចៗ។ ពួកគេបានច្រានចោលសំណើរបស់រដ្ឋាភិបាលក្នុងការផ្អាកច្បាប់កែទំរង់កសិកម្មនេះ១៨ខែ ព្រមទាំងដំណើការសម្រុះសម្រួលបង្កើតឡើងដោយតុលាការកំពូល។
កសិករម៉ាក់ស៊ូត អាម៉េត អាន់សារី ដែលកំពុងនៅកន្លែងធ្វើបាតុកម្មនៅក្រៅក្រុងញូវដេល្លី បាននិយាយថា«ខ្ញុំជឿថានាយករដ្ឋមន្ត្រីម៉ូឌី នឹងនាំមកការផ្លាស់ប្តូរមួយ និងខ្ញុំបានបោះឆ្នោតអោយគណបក្ស BJP (គណបក្សរបស់ម៉ូឌី)នៅឆ្នាំ២០១៤និង២០១៩ ព្រមទាំងការបោះឆ្នោតក្នុងរដ្ឋនៅឆ្នាំ២០១៧ តែលែងបោះអោយទៀតហើយ។យើងលង់ខ្លួនដោយការសន្យា តែឈប់ហើយ»។
ក្រោមការគាំទ្រពីយុទ្ធនាការអន្តរជាតិមួយរបស់ពួកតារានិងសកម្មជន ដូចជានាង រីហានណា និងហ្ក្រេតា ធាន់ប៊ឺក ពួកកសិករកាលពីថ្ងៃសុក្របានចេញសេចក្តីថ្លែងការណ៍មួយដោយអំពាវនាវអោយអាជ្ញាធរដំណើរការឡើងវិញសេវាទូរគមនាគមន៍ជាបន្ទាន់ ដែលត្រូវកាត់ផ្តាច់ឬរំខាននៅកន្លែងប្រឆាំងតវ៉ា នៅក្រៅរដ្ឋធានីញូវដេល្លី។
សហជីពកសិករបាននិយាយថា «កិច្ចខិតខំរបស់រដ្ឋាភិបាលគឺគាបសង្កត់សម្លេងមិនយល់ស្រប»។
ឥណ្ឌា បានកំហិតការប្រើអ៊ិនធឺណិត ជាងប្រទេសណាទាំងអស់នៅឆ្នាំ២០២០ និងជាលទ្ធផលកំពុងរងការខាត់បង់សេដ្ឋកិច្ចធ្ងន់ធ្ងរ។អាជ្ញាធរក៏បានបិទអ៊ិនធឺណិតដើម្បីរារាំងការប្រឆាំងតវ៉ានៅប៉ុន្មានឆ្នាំមកនេះ ។
សូមបញ្ជាក់ថា រដ្ឋាភិបាលរបស់លោកម៉ូឌី បានការពារច្បាប់នេះ ដោយនិយាយថាវានឹងលុបបំបាត់សហក្រុមហ៊ុនផ្តាច់មុខដែលកេងចំណេញពីកសិករ ហើយនៅទីបំផុតជួយបង្កើនចំណូលដោយសារតែវាធ្វើអោយវិស័យកសិកម្មកាន់តែមានការប្រកួតប្រជែងឡើង៕
ពួកកសិករបិទផ្លូវនៅជាយក្រុងញូវ ដេល្លីកាលពីថ្ងៃសៅរ៍នៅក្នុងការតវ៉ាប្រឆាំងនឹងច្បាប់កសិកម្មថ្មី