ប្រែសម្រួល : កញ្ញាដាលីស ៖ លោក ជួហ្គិន ក្លប់ ប្រហែលប្រញាប់រកលេសការពារខ្លួនឱ្យបានមុនហើយមើលទៅ។
ការចាញ់ក្រុមមេឃខៀវ Manchester City នៅថ្ងៃអាទិត្យនឹងធ្វើឱ្យហង្សក្រហម Liverpool ឈរនៅពីក្រោយក្រុមរបស់លោកប៉េប ហ្គាឌីអូឡា ចំនួន ១០ ពិន្ទុ។ បន្ទាប់ពីបញ្ចប់គ្រោះរាំងស្ងួតនៃពានរបស់ក្រុមហង្សក្រហម Liverpool រយៈពេល ៣ ទសវត្សរ៍ លោកក្លប់ប្រហែលជាត្រូវចុះចាញ់ចំពោះពាន Premier League ក្នុងរយៈពេលតែមួយឆ្នាំ។
សម្រាប់អ្នកចាត់ការទូទៅរបស់ហង្សក្រហម Liverpool កំហុសមួយផ្នែកនៃការធ្លាក់ចុះទម្រង់លេងគឺមកពីកាលវិភាគការប្រកួតមមាញឹកពេក។
លោកក្លប់និយាយកាលពីថ្ងៃសុក្រថា “យើងមិនមានពេលឈប់សម្រាកទេ។ ខ្ញុំគិតថា Man City បានឈប់សម្រាក ២ សប្តាហ៍ដោយសារមូលហេតុកូវីដ”។
លោកហ្គាឌីអូឡាតបវិញថា វាមិនដូច្នោះទេ។
អ្នកចាត់ការទូទៅរបស់ក្រុម Man City បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានភ្លាមៗបន្ទាប់ពីលោកក្លប់និយាយរួចនៅ Liverpool យ៉ាងដូច្នេះថា “គាត់និយាយខុសហើយ”។
Man City មានមួយប្រកួតត្រូវផ្អាកនៅឯ Everton កាលពីថ្ងៃទី ២៨ ខែធ្នូ ដែលជាផ្នែកមួយនៃការផ្ទុះឡើងជំងឺកូវីដ ដែលបង្ខំឱ្យកីឡាករនិងបុគ្គលិកចំនួន ៦ នាក់ធ្វើចត្តាឡីស័ក។
ជាលទ្ធផលនៃការលុបចោលនេះ City មានចន្លោះពេលតែ ៨ ថ្ងៃរវាងការប្រកួតរបស់ពួកគេទល់នឹង Newcastle នៅថ្ងៃទី ២៦ ខែធ្នូនិងដំណើរទៅ Chelsea នៅថ្ងៃទី ៣ ខែមករា។
លោកហ្គាឌីអូឡានិយាយថា “ជួហ្គិនត្រូវមើលប្រក្រតិទិនម្តងទៀត។ យើងមានកូវីដ។ យើងមានពេលមួយសប្តាហ៍ហើយយើងបានលេងជាមួយកីឡាករ ១៤ នាក់នៅទឹកដី Stamford Bridge”។
ការប្រកួតទាំងនោះបានកើតឡើងនៅដើមដំបូងក្នុងអំឡុងពេលឈ្នះ ៩ ប្រកួតជាប់ៗគ្នានៅក្នុងក្របខ័ណ្ឌ Premier League ដែលធ្វើឱ្យ Man City លោតពីពាក់កណ្តាលតារាងឡើងមកកំពូលតារាងដាច់ ៣ ពិន្ទុពីលើក្រុមបិសាចក្រហម Manchester United ដោយមាន១ប្រកួតក្នុងដៃថែមទៀត។
ក្រុមហង្សក្រហម Liverpool បានធ្លាក់ចុះដុនដាបក្នុងអំឡុងពេលនោះ ដោយធ្លាក់ពីចំណាត់ថ្នាក់លេខ ១ មកលេខ ៤ ហើយតាមពីក្រោយក្រុម Man City ៧ ពិន្ទុ។
លោកហ្គាឌីអូឡាបានចង្អុលបង្ហាញថា ការឈប់សម្រាកដែល Man City ទទួលបានពីកូវីដគឺថ្ងៃប្រកួតដ៏តានតឹងនៅទឹកដី Goodison Park និងផែនការស្តារកម្លាំងកីឡាករឡើងវិញនៅថ្ងៃបន្ទាប់។
លោកហ្គាឌីអូឡានិយាយអំពីលោកក្លប់ថា “ខ្ញុំមិនខឹងទេ ខ្ញុំមិនរំពឹងមានលេសចឹងទេ។ មិនរំពឹងវាចេញពីមាត់គាត់ទេ។ គាត់ដឹងថាវាមិនមែនជារឿងពិតទេ! គ្មាននរណាម្នាក់នៅ Premier League បានឈប់សម្រាកពីរសប្តាហ៍នោះឡើយ”៕
លោកហ្គាឌីអូឡាពន្លះលោកក្លប់រឿងក្រុមមេឃខៀវបានសម្រាក២សប្តាហ៍