ដោយ:សុខុម/ស្ទឹងត្រែង:កាលពីកន្លងទៅថ្មីៗនេះ អ្នកសារព័ត៌មានយើងបានជួបសម្ភាសន៍ជាមួយបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាសមត្ថកិច្ចមួយចំនួន ដែលសុំមិនបញ្ចេញឈ្មោះបានប្រាប់ឲ្យដឹងថា ជនប្រព្រឹត្តបទល្មើសកំពុងតែប្រើឧបករណ៍ខុសច្បាប់ឆក់ត្រីអនាធិបតេយ្យ នៅតាមបណ្ដោយដងទន្លេសេកុង ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។
មានការលើកឡើងថា ក្រុមឈ្មួញប្រព្រឹត្តបទល្មើសឆក់ត្រីទាំងនោះ មិនខ្លាចរអានឹងសមត្ថកិច្ចណាមួយឡើយ។ គេឃើញមានធ្វើសកម្មភាពទាំងយប់ទាំងថ្ងៃនៅតាមដងទន្លេផ្នែកខាងក្រោមនៃទីរួមស្រុកសៀមប៉ាង។
ប្រជាពលរដ្ឋរស់នៅភូមិបានហួយ ឃុំសេកុង បានត្អួញត្អែរថា ពួកគាត់នេសាទត្រីជាលក្ខណៈគ្រួសារលែងបានហើយរកត្រីមិនបានទាល់តែសោះដោយសារតែជនប្រព្រឹត្តបទល្មើសធ្វើសកម្មភាពជារៀងរាល់ថ្ងៃកាន់តែច្រើនឡើង។ រីឯសមត្ថកិច្ចពាក់ព័ន្ធនៅមូលដ្ឋានរួមទាំងមន្ត្រីជំនាញជលផលមិនបានទប់ស្កាត់បទល្មើសនៅទីនោះទេ។
ប្រភពបានឱ្យដឹងទៀតថាកាលពី10 ឆ្នាំមុនការនេសាទត្រីនៅក្នុងស្រុកសៀមប៉ាងអាចផ្គត់ផ្គង់បានគ្រប់គ្រាន់។ ក៏ប៉ុន្តែក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដាក់ម៉ងសន្ទូចនៅតាមដងទន្លេសេកុងក្នុងស្រុកសៀមប៉ាងមិនបានត្រីទាល់តែសោះ។
ដោយសារតែមូលហេតុនេះហើយទើបធ្វើឲ្យប្រជាពលរដ្ឋនៅក្នុងភូមិអស់ជំនឿទៅលើសមត្ថកិច្ចក្នុងមូលដ្ឋាននិងមន្ត្រីជំនាញតាំងពីថ្នាក់ក្រោមរហូតដល់លើ។
សូមលោកអភិបាលខេត្តស្ទឹងត្រែងមេត្តាជួយដាស់តឿនដល់មន្ត្រីពាក់ព័ន្ធក្នុងការបង្ក្រាបបទល្មើសនេសាទតាមដងទន្លេសេកុងពិសេសក្នុងស្រុកសៀមប៉ាងផង។ បន្ថែមពីនេះ សូមឱ្យមានការស៊ើបអង្កេតដល់មន្ត្រីនៅមូលដ្ឋានមួយចំនួនជាប់ពាក់ព័ន្ធប្រព្រឹត្តបទល្មើសនេសាទដោយខ្លួនឯង៕