ដោយ:សុខសុភ័ណ្ឌ/កំពង់ស្ពឺ: ហេតុការណ៍គ្រោះថ្នាក់រវាងរយន្តនិងម៉ូតូមួយ បានបណ្តាលឱ្យបុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែង និងពីរនាក់ទៀតរងរបួសធ្ងន់ ស្ថិតនៅចំណុចភូមិតាំងតាឡាត់ ឃុំព្នាយស្រុក សំរោងទងខេត្តកំពង់ស្ពឺ កាលពីល្ងាចថ្ងៃទី៦ ខែកម្ភៈ ឆ្នាំ២០២១ លើផ្លូវលេខ១៤៤០។
មន្ត្រីនគរបាលស្រុកសំរោងទងបានឲ្យដឹងថា មុនកើតហេតុ មានម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ សេរី២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ស្ពឺ 1K 1318 បើកបរពីត្បូងទៅជើង ដោយឈ្មោះអ៊ុ សោភ័ណ្ឌ ភេទប្រុស អាយុ៣៣ឆ្នាំរស់នៅ ភូមិបឹងទន្លាប់ ឃុំវល្លិសរ ស្រុកសំរោងទង ស្លាប់ភ្លាមៗនៅនឹងកន្លែង ឌុបមនុស្សពីរនាក់ មាន៖១.ឈ្មោះសឿន សុខជា ភេទប្រុស អាយុ១៩ឆ្នាំ។ រស់នៅភូមិថ្លុកឈើទាល សង្កាត់សុព័រទេព ក្រុងច្បារមន និង ២.ឈ្មោះនៅ សុខគា ភេទស្រី អាយុ២៥ឆ្នាំ រស់នៅខេត្តតាកែវ។
ពេលដល់ចំណុចកើតហេតុខាងលើ ត្រូវរថយន្តមួយគ្រឿងម៉ាកកាមរីបាឡែន ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2P0696 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ បើកពីជើងទៅត្បូងបុកម៉ូតូពេញទំហឹង បណ្តាលឲ្យស្លាប់ម្នាក់ និងរងរបួសធ្ងន់ស្រាលពីរនាក់។
ប្រភពបានបន្តថា ក្រោយកើតហេតុអ្នកបើកបររថយន្តបង្ករត់គេចខ្លួនបាត់ស្រមោល អ្នករងរបួសត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ។សពជនរងគ្រោះត្រូវបានក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណីវត្ថុតាងរថយន្ត និងម៉ូតូយកទៅរក្សាទុកអធិការដ្ឋាននគរបាលស្រុកសំរោងទងរងចាំដោះស្រាយនៅពេលក្រោយ៕