ព្រឹក​មិញ កូរ៉េខាងជើង និង កូរ៉េខាងត្បូង ពិភាក្សា​អំពី​ការលុបបំបាត់​អាវុធ​នុយក្លេអ៊ែរ និង ការបង្កើត​សន្តិភាព​អចិន្ត្រៃយ៍​

1192
ចែករម្លែក

​មេដឹកនាំ​កូរ៉េខាងជើង​លោក​គីម ជុង​អ៊ុន និង ប្រធានាធិបតី​កូរ៉េខាងត្បូង លោក មូ​ន ចែ​អ៊ី​ន បាន​ជួប​ពិភាក្សាគ្នា “​ដោយស្មោះ​ត្រង់ និង ម៉ឺងម៉ាត់​” ១០០ នាទី​ស្តីពី​ការលុបបំបាត់​អាវុធ​នុយក្លេអ៊ែរ​និង​ការបង្កើត​សន្តិភាព​អចិន្ត្រៃយ៍​នៅ​ឧបទ្វីប​កូរ៉េ ក្នុង​កិច្ចប្រជុំ​កំពូល​លើកដំបូង​របស់ខ្លួន​នៅ​ថ្ងៃ​សុក្រ​ទី ២៧ មេសា​នេះ​។​

​លោក យូ​ន យ៉ុង​ចាន់ មន្ត្រីជាន់ខ្ពស់​កូរ៉េខាងត្បូង​បាន​និយាយថា ភាគី​ទាំង​២​កំពុង​រៀបចំ​ពង្រាង​សេចក្តីថ្លែងការណ៍​រួមមួយ ហើយ​មេដឹកនាំ​ទាំង​២​នឹង​ប្រកាស​រួមគ្នា​នៅក្នុង​ពិធី​មួយ​នៅ​ល្ងាច​ថ្ងៃ​សុក្រ​នេះ​។ លោក​បាន​បន្ថែមថា ភរិយា​របស់លោក​គីម គឺ​លោកស្រី រី សូល​ជូ នឹងចូលរួម​ជាមួយគ្នា​សម្រាប់​អាហារ​ពេល​ល្ងាច​។​

​លោក​គីម​បាន​វិលត្រឡប់​ទៅ​កូរ៉េខាងជើង​វិញ​សម្រាប់​អាហារ​ថ្ងៃត្រង់ និង​វិលត្រឡប់​ទៅ​កូរ៉េខាងត្បូង​វិញ នៅ​ប្រហែល​ម៉ោង ៤:៣០ រសៀល (​ម៉ោង​ទីក្រុង​សេ​អ៊ូ​ល​) សម្រាប់​ពិធី​ដាំ​ដើមឈើ​មួយ​។​

​មេដឹកនាំ​ទាំង​២​បានជ្រើសរើស​ដើម​ស្រល់​មួយ​ដែល​បាន​ដាំ​ដុះ​នៅ​ឆ្នាំ ១៩៥៣ ដើម្បី​ជា​និមិត្តរូប​ដល់​ឆ្នាំ​ដែល​បទ​ឈប់​បាញ់​ត្រូវបាន​ចុះហត្ថលេខា​។ នៅក្នុង​ព្រឹ​ត្ត​ការណ៍​មួយទៀត​ដែលជា​និមិត្តរូប​មិនអាច​កាត់ថ្លៃ​បាន​នោះ មេដឹកនាំ​ទាំង​២ នឹង​ប្រើប្រាស់​ដី​យក​ពី​តំបន់ភ្នំ​ហាល់​ឡា របស់​កូរ៉េខាងត្បូង និង ដី​នៅ​ភ្នំ​បេ​ក​ឌូ នៅ​កូរ៉េខាងជើង និង ទឹក​ពី​ទន្លេ​ហាន​របស់​កូរ៉េខាងត្បូង​និង​ទន្លេ​ដា​ដុង របស់​កូរ៉េខាងជើង មក​ដាំ​និង​ស្រោច​លើ​ដើម​ស្រល់​នោះ​។​

​មុនពេល​ចាប់ផ្តើម​សម័យប្រជុំ​កាលពី​ព្រឹក​មិញ​នេះ បុរស​ទាំង​២​បាន​ប្តេជ្ញា​ថា​នឹង “​សរសេរ​ទំព័រ​ថ្មី​” ក្នុង​ទំនាក់ទំនង ខណៈ​មេដឹកនាំ​ទាំង​២​បានចាប់ផ្តើម​កិច្ចពិភាក្សា​ជា​ប្រវត្តិសាស្ត្រ​នៅ​ព្រឹក​ថ្ងៃ​សុក្រ​ទី ២៧ មេសា ចំពេល​មាន​ក្តីសង្ឃឹម​អំពី​ការធ្វើសមាហរណកម្ម​នៅ​ឧបទ្វីប​ដែល​បែង​ចែកគ្នា​នេះ​។​

​លោក​គីម​និយាយ​នៅក្នុង​សុន្ទរកថា​បើក មុនពេល​ពិភាក្សា​ជាមួយ​លោក​ប្រធានាធិបតី​មូ​ន​ថា លោក​មាន​ក្តីរំភើប​ជាខ្លាំង​នៅពេល​លោក​បាន​ឆ្លងកាត់​ខ្សែបន្ទាត់​ព្រំដែន​យោធា ដែល​បែងចែក​កូរ៉េ​ទាំង​២​។​

​លោក​គីម​បាន​និយាយថា ការដើរ​ឆ្លងកាត់​ខឿន​ព្រំដែន​ធ្វើ​ពី​ស៊ីម៉ងត៍​ដែល​សម្គាល់​ព្រំដែន គឺ “​ងាយស្រួល​” ដោយ​កត់សម្គាល់ថា គាត់​ពិតជា​ឆ្ងល់​មែនទែន “​ហេតុអ្វី​បានជា​ត្រូវ​ចំណាយពេល​យូរ​ម្ល៉េះ​ដើម្បី​ធ្វើ​ដូច្នេះ បន្ទាប់ពី​រយៈពេល ១១ ឆ្នាំ​”​។ លោក​និយាយ​នេះ​គឺ​ចង់​សំដៅ​ដល់​កិច្ចប្រជុំ​កំពូល​ចុងក្រោយ​បំផុត​នៅ​ទីក្រុង​ព្យុងយ៉ាង​ក្នុង​ឆ្នាំ ២០០៧​។ កាលណោះ លោក​មូ​ន គឺជា​នាយសេនាធិការ​រ​បស់​លោក​ប្រធានាធិបតី រ៉ូ ម៉ូ យុន និង​ជា​ប្រធាន​គណៈកម្មាធិការ​រៀបចំ​កិច្ចប្រជុំ​កំពូល​។​

​លោក​គីម ជុង​អ៊ុន បាន​ថ្លែង​នៅក្នុង​ការផ្សាយ​ផ្ទាល់​ទៅកាន់​មនុស្ស​រាប់លាន​នាក់​ជុំវិញ​ពិភពលោក​ថា “​នេះ​នឹង​ក្លាយជា​ចំណុច​ចាប់ផ្តើម​ថ្មី​មួយ​សម្រាប់​យើង យើង​នឹង​បង្កើត​ការចាប់ផ្តើម​ថ្មី​មួយ ហើយ​វា​គឺជា​ការប្តេជ្ញាចិត្ត​មោះមុត​មួយ ដែល​នាំ​ខ្ញុំ​មក​ចូលរួម​ក្នុង​កិច្ចប្រជុំ​នេះ​”​។​

​ដោយ​ប្តេជ្ញា​ជ្រើស​យក​វិធានការ​ផ្តោតលើ​អនាគត លោក​គីម​បាន​និយាយថា “​តាមរយៈ​កិច្ចប្រជុំ​នា​ថ្ងៃនេះ ខ្ញុំ​សង្ឃឹមថា យើង​នឹងមិន​ត្រឡប់​ទៅ​កន្លែង​ចាប់ផ្តើម​ម្តងទៀត​នោះទេ ហើយ​ការមិន​អនុវត្ត​នូវ​អ្វីដែល​បាន​ប្តេជ្ញា​រួចហើយនោះ នឹងមិន​កើតឡើង​ម្តងទៀត​នោះទេ​”​។​

​លោក​បាន​បន្ថែមថា លោក​សង្ឃឹមថា​ភាគី​ទាំង​២ “​អាច​ចូលរួម​ក្នុង​កិច្ចពិភាក្សា​ល្អៗ​អំពី​ប្រធានបទ​សំខាន់ៗ​និង​បង្កើតបាន​លទ្ធផល​ល្អ​ខ្លាំង​” ។​

​ចំណែក​លោក​មូ​ន​បាន​និយាយថា ទំនាក់ទំនង​អន្តរ​កូរ៉េ គឺ​កំពុង​ឈាន​មកដល់ “​ចំណុចកំពូល​នៃ​និ​ទាឃ​រដូវ​” ហើយ​ថា​ពិភពលោក​ទាំងមូល​កំពុង​យកចិត្តទុកដាក់​ចំពោះ​ការវិវឌ្ឍ​នៅ​ឧបទ្វីប​កូរ៉េ​៕ ដោយ៖ កញ្ញាដាលីស

លោក មូ​ន ចែ​អ៊ី​ន ទទួល​ស្វាគមន៍​លោក គីម ជុង​អ៊ុន មកកាន់​ភូមិ​ប៉ាន់​មុន​ជុម សម្រាប់​កិច្ចពិភាក្សា​កាលពី​ព្រឹក​មិញ

ទីតាំងផ្សាយពាណិជ្ជកម្ម