ស្រាវជ្រាវប្រែសម្រួលៈ មេសា/ភ្នំពេញៈ រដ្ឋាភិបាល និង ប្រជាពលរដ្ឋ ហ្គ្រើណាដ ប្រារព្ធទិវាឯករាជ្យជាតិរបស់ពួកគេ នៅថ្ងៃទី ៧ ខែ កុម្ភៈ ដើម្បី រំឭកដល់ថ្ងៃដែលពួកគេទទួលបានឯករាជ្យពី ចក្រភព អង់គ្លេស កាលពីឆ្នាំ ១៩៧៤ ។ ប៉ុន្តែតពីនោះទៅ ប្រទេស ក៏មិនទាន់សូវបានសុខស្រួលប៉ុន្មានឡើយ រហូតដល់ឆ្នាំ ១៩៨៤ ។
ភូមិសាស្ត្រ-ប្រជាសាស្ត្រ
ហ្គ្រើណាដ គឺជារដ្ឋកោះដ៏តូចច្រឡឹងមួយ ស្ថិតនៅភាគ អាគ្នេយ៍ នៃ សមុទ្ទ ការ៉ាអ៊ីប មានទៅដោយកោះ ហ្ក្រង់ណាដា និង កោះស្រដៀងគ្នានោះចំនួន ៦ ទៀត បង្កើតបានជាផ្ទៃដី សរុប ៣៤៨,៥ គីឡូម៉ែត្រក្រឡា មានព្រំដែនជាប់ប្រទេស ទ្រីនីដា និង តូបាហ្គោ , វេណេហ្ស៊ុយអេឡា ។ ដើមឆ្នាំ ២០២១ មានប្រជាជនជិត ២ សែន នាក់ ភាគច្រើនជាអ្នកកាន់សាសនា គ្រិស្ត រដ្ឋធានីគឺទីក្រុង សាំងហ្ស៊ក ។
ប្រវត្តិសាស្ត្រ
មុនការទៅដល់ទីនោះ នៃ ជនជាតិ អឺរ៉ុប ហ្គ្រើណាដ ត្រូវបានរស់នៅដោយកុលសម្ព័ន្ធ Arawaks ។ អំឡុងទសវត្សរ៍ឆ្នាំ ១៦០០ សង្គ្រាមរវាង បារាំង ជនជាតិ ការីបស៍ ( បច្ចុប្បន្នជនជាតិ នៃ សាធារណរដ្ឋ ដូមីនិក ) ដណ្តើមកោះ ហ្គ្រើណាដ នេះ ។ បារាំង បានកសាងទីក្រុងមួយដាក់ឈ្មោះថា Fort Royal ។
នៅឆ្នាំ ១៦៤៩ បារាំង បានបញ្ជូនបេសកជន ២០៣ នាក់មកពីតំបន់ ម៉ាទីនិក ដឹកនាំដោយលោក ហ្សាក ឌូ ប៉ាកេត៍ បានទៅបោះទីតាំងអចិន្ត្រៃយ៍នៅលើកោះ ហ្គ្រើណាដ ។ ប៉ុន្មានខែក្រោយមក ពួកអ្នកចំណូលថ្មី ក៏មានទំនាស់ជាមួយអ្នកម្ចាស់កោះអូសបន្លាយរហូតដល់ឆ្នាំ ១៦៥៤ ជាពេលដែល បារាំង បានចូលបង្ក្រាប និង ត្រួតត្រាកោះនោះទាំងស្រុង ។ អ្នកស្រុកម្ចាស់កោះដែលនៅសេសសល់ជីវិត អ្នកខ្លះបានរត់ចាកចេញពីទីនោះ អ្នកខ្លះភៀសខ្លួនទៅតំបន់ឆ្ងាយដាច់ស្រយាល នៃ កោះនោះ ហើយបានក្លាយជាជនជាតិភាគតិចរសាត់អណ្តែត ហើយសហគមន៍ចុងក្រោយបានសាបសូន្យទៅនៅអំឡុងទសវត្សរ៍ឆ្នាំ ១៧០០ ។
សង្គ្រាម ៧ ឆ្នាំ ( រវាង បារាំង និង អេស្ប៉ាញ និង រដ្ឋបរិវារ ប្រឆាំង នឹង ចក្រភពអង់គ្លេស និង រដ្ឋបរិវារ ពីឆ្នាំ ១៧៥៦ ដល់ឆ្នាំ ១៧៦៣ ) កោះ ហ្ក្រង់ណាដា បានធ្លាក់ទៅក្នុងកណ្តាប់ ចក្រភព អង់គ្លេស ជាផ្លូវការតាមរយៈសន្ធិសញ្ញាទីក្រុង ប៉ារីស នាថ្ងៃទី ១០ ខែ កុម្ភៈ ឆ្នាំ ១៧៦៣ ។
ដោយមានការជួយគាំទ្រ ពី បារាំង ដែលជាសត្រូវសួរពូជរបស់ អង់គ្លេស ផង ដែនដីក្រោមអាណានិគម អង់គ្លេស នៅទ្វីប អាមេរិក បានក្រោកឡើងប្រឆាំងអាណានិគម អង់គ្លេសបញ្ឆេះជាសង្គ្រាមយ៉ាងសន្ធោសន្ធៅចាប់ពីឆ្នាំ ១៧៧៥ ដល់ឆ្នាំ ១៧៨៣ ទើបបញ្ចប់ទៅដោយដែនដីទាំងនោះប្រកាសបង្កើតជា សហរដ្ឋ អាមេរិក សព្វថ្ងៃនេះ ។ ដោយសារ អង់គ្លេស កំពុងជាប់ដៃនឹងសង្គ្រាម ទើបដែនកោះ ហ្គ្រើណាដ ត្រូវបាន បារាំង ដណ្តើមយវិញនៅនៅក្នុងខែ កក្កដា ឆ្នាំ ១៧៧៩ ។ ទោះយ៉ាងណាតាមរយៈសន្ធិសញ្ញាទីក្រុង វែកសៃ នាឆ្នាំ ១៧៨៣ ហ្គ្រើណាដ ត្រូវបានប្រគល់ទៅឱ្យ ចក្រភព អង់គ្លេស ។ ប៉ុន្តែក៏មានបដិវត្តន៍ប្រឆាំងអង់គ្លេស ពីចន្លោះឆ្នាំ ១៧៩៥ ដល់ឆ្នាំ ១៧៩៦ ដែលធ្វើឱ្យ អង់គ្លេស ស្ទើរតែមិនអាចគ្រប់គ្រងបាន ។
លុះដល់ឆ្នាំ ១៨៧៧ ដែនកោះ ហ្គ្រើណាដ ត្រូវបានដាក់បញ្ចូលជា រាជាណានិគមអង់គ្លេស ។ លោក Theophilus A. Marryshow បានបង្កើតសមាគមរដ្ឋាភិបាលតំណាង (RGA) នាឆ្នាំ ១៩១៧ ក៏ញ៉ាំងឱ្យមានការតាក់តែងរដ្ឋធម្មនុញ្ញសម្រាប់ប្រជាពលរដ្ឋនៅ ហ្គ្រើណាដ ។ តាមរយៈការមានច្បាប់រដ្ឋធម្មនុញ្ញនេះ លុះដល់ឆ្នាំ ១៩២១-១៩២២ ហ្គ្រើណាដ គឺមានលក្ខណៈអត្តសញ្ញាណជារដ្ឋាភិបាលរាជាណានិគម ។ តាមរយៈការកែប្រែនេះ បានផ្តល់សិទ្ធិដល់ជននៅលើកោះ ហ្គ្រើណាដ បោះឆ្នោតជ្រើសរើសសមាជិក ៥ រូប ក្នុងចំណោមសមាជិកទាំង ១៥ រូប នៃ ក្រុមប្រឹក្សាធម្មនុញ្ញ ។
ឯករាជ្យភាព ហ្គ្រើណាដ
ឆ្នាំ ១៩៥០ លោក អេរីក ហ្គេរី បានបង្កើតគណបក្សនយោបាយមួយឈ្មោះថា គណបក្សពលកម្មហ្ក្រង់ណាដារួបរួម ( Grenada United Labour Party ) ដែលពីដំបូងឡើយវាគ្រាន់តែជាសជីពពាណិជ្ជកម្ម ដឹកនាំធ្វើបាតុកម្មជាច្រើននៅក្នុងឆ្នាំ ១៩៥១ ដើម្បី ទាមទារលក្ខន្តិកៈការងារឱ្យបានប្រសើរជាងមុនប៉ុណ្ណោះ ។
ប៉ុន្តែបាតុកម្មទាំងនោះបានផ្ទុះរាលដាលទៅជាភាពអនាធិបតេយ្យយ៉ាងមហិមា ដែលនាំឱ្យអាគារជាច្រើនត្រូវបានដុតកម្ទេច ហើយអាជ្ញាធរ អង់គ្លេស បង្ខំចិត្តត្រូវប្រើកងទ័ពដើម្បីគ្រប់គ្រងស្ថានភាពឡើងវិញ ។
នៅថ្ងៃទី ១០ ខែ តុលា ឆ្នាំ ១៩៥១ ហ្គ្រើណាដ បានរៀបចំការបោះឆ្នោតលើកដំបូងរបស់ខ្លួន ដោយលោក អេរីក ហ្គេរី ឈ្នះបាន ៦ អាសនៈក្នុងចំណោមអាសនៈសរុប ៨ ។
នៅថ្ងៃទី ៣ ខែ មករា ឆ្នាំ ១៩៥៨ កោះនានានៅតំបន់សមុទ្ទ ការ៉ាអ៊ីប ក្រោមអាណានិគម អង់គ្លេស ដែលក្នុងនោះក៏មាន ហ្គ្រើណាដ ផងនោះ បានប្រមូលផ្តុំគ្នាបង្កើតជា សហព័ន្ធ ឥណ្ឌា ខាងលិច ។ ប៉ុន្តែ សហព័ន្ធ នេះ ត្រូវបានសាបរលាបទៅរៀងខ្លួនវិញនៅត្រឹមថ្ងៃទី ៣១ ខែ ឧសភា ឆ្នាំ ១៩៦២ ។
នៅថ្ងៃទី ៣ ខែ មីនា ឆ្នាំ ១៩៦៧ ហ្គ្រើណាដ ត្រូវបានផ្តល់ឱ្យនូវស្វ័យភាពយ៉ាងពេញលេញសម្រាប់កិច្ចការផ្ទៃក្នុង ក្នុងឋានៈជារដ្ឋរួបរួម ។ លោក Herbert Blaize បានកាន់តំណែងជានាយករដ្ឋមន្ត្រី នៃ រដ្ឋរួបរួម ហ្គ្រើណាដ ពីខែ មីនា ដល់ខែ សីហា ឆ្នាំ ១៩៦៧ ។ បន្ទាប់មកគឺលោក អេរីក ហ្គេរី បានឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីបន្ត រហូតដល់ខែ កុម្ភៈ ឆ្នាំ ១៩៧៤ ។ ក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី អេរីក ហ្គេរី ហ្ក្រង់ណាដា ត្រូវបានអង់គ្លេស ប្រគល់ឯករាជភាពយ៉ាងពេញលេញនៅថ្ងៃទី ៧ ខែ កុម្ភៈ ឆ្នាំ ១៩៧៤ ។
រដ្ឋាភិបាល និង ប្រជាពលរដ្ឋ ហ្គ្រើណាដ ប្រារព្ធទិវាឯករាជ្យជាតិ របស់ពួកគេ ដើម្បី រំលឹកដល់ថ្ងៃនោះឯង ។ ប៉ុន្តែបន្ទាប់ពីទទួលបានឯករាជភាពមក ក៏មានទំនាស់ផ្ទុះឡើងរវាងរដ្ឋាភិបាលរបស់លោក អេរីក ហ្គេរី និង គណបក្សនយោបាយជាគូប្រជែងនានា រួមទាំងគណបក្ស New Jewel Movement (NJM) ដែលជាបក្សកុម្មុយនិស្តរបស់លោក Maurice BishopCivil ផង ។ ការបោះឆ្នោតឆ្នាំ ១៩៧៦ គណបក្សរបស់លោក ហ្គេរី បានឈ្នះ ប៉ុន្តែបក្សប្រឆាំងមិនទទួលយកឡើយដោយពួកគេបានចោទថា លទ្ធផល នៃ ការបោះឆ្នោតនោះ គឺជាការគៃបន្លំ ។
ខែ មីនា ឆ្នាំ ១៩៧៩ គណបក្ស New Jewel Movement បានធ្វើរដ្ឋប្រហារទម្លាក់លោក ហ្គេរី , ផ្អាកសុពលភាពរដ្ឋធម្មនុញ្ញ និង បង្កើតរដ្ឋាភិបាលបដិវត្តន៍ប្រជាជន (PRG) ដោយមានលោក Maurice Bishop តែងតាំងខ្លួនឯងថាជានាយករដ្ឋមន្ត្រី ។ រដ្ឋាភិបាលនេះ បង្កើតទំនាក់ទំនងជិតស្និទ្ធជាមួយ គុយបា , នីការ៉ាហ្គ័រ និង បណ្តារដ្ឋកុម្មុយនិស្តដទៃ ។ រាល់គណបក្សនយោបាយទាំងអស់ ត្រូវបានហាមឃាត់ លើកលែងតែគណបក្ស New Jewel Movement ហើយក៏គ្មានការបោះឆ្នោតដែរ ។
ថ្ងៃទី ១៩ ខែ តុលា ឆ្នាំ ១៩៨៣ ឧបនាយករដ្ឋមន្ត្រី Bernard Coard និង ភរិយារបស់គាត់ ដោយមានការគាំទ្រដោយកងទ័ពអាល្លីម៉ឺង់ បានធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលលោក Maurice Bishop ហើយឃុំឃាំងគាត់នៅក្នុងផ្ទះ ។ បាតុកម្មឱ្យដោះលែងលោក Bishop ក៏បានកើតឡើងពាសពេញកោះ ហើយទីបំផុតគាត់ក៏ត្រូវបានដោះលែង ។ ប៉ុន្តែនៅពេលដែលគាត់ប៉ុងប៉ងដណ្តើមអំណាចឡើងវិញនោះ គាត់ត្រូវបានបានកងទ័ពចាប់ខ្លួន និង កាត់ទោសប្រហារជីវិតជាមួយនឹងសហការី ៦ នាក់ផ្សេងទៀត ។ បន្ទាប់មកប្រទេសនេះ ត្រូវបានដាក់ក្រោមច្បាប់អាជ្ញាសឹក ។
ថ្ងៃទី ២៥ ខែ តុលា ឆ្នាំ ១៩៨៣ កងទ័ព អាមេរិក បានចូលឈ្លានពានរដ្ឋកោះ ហ្គ្រើណាដ ។ ខែ ធ្នូ ឆ្នាំ ១៩៨៤ ការបោះឆ្នោតបែបប្រជាធិបតេយ្យត្រូវបានប្រារព្ធឡើង ហើយសុខសន្តិភាពក៏កើតមានឡើងវិញរហូតមក ៕