ដោយៈសុផល/ភ្នំពេញៈរាជបណ្ឌិត្យសភានាព្រឹកមិញនេះបានរៀបចំកិច្ចពិភាក្សាតុមូលមួយស្តីពី”តើអ្វីទៅដែលពិភពលោកនឹងទទួលបានពីនយោបាយថ្មីរបស់សហរដ្ឋអាមេរិកក្រោមការដឹកនាំរបស់លោក ចូ បៃឌិន”។
រូបថតៈវាគ្មិនខាងវិភាគនយោបាយអន្តរជាតិ៥រូបចូលរួមវេទិកាតុមូលស្តីពី”តើអ្វីទៅដែលពិភពលោកនឹងទទួលបានពីនយោបាយថ្មីរបស់សហរដ្ឋអាម៉េរិកក្រោមការដឹកនាំរបស់លោក ចូ បៃឌិន”
វាគ្មិនសំខាន់ៗទាំង៥រូបដែលបានជួបពិភាក្សាក្នុងវេទិកាតុមូលនេះមាន បណ្ឌិតសភាចារ្យ សុខ ទូចប្រធានរាជបណ្ឌិត្យសភាកម្ពុជា, លោក ហ្សង់ ហ្វ្រង់ស័រតាន់ អគ្គនាយកគ្រប់គ្រងវិទ្យុបារាំងអន្តរជាតិផ្នែកខេមរភាសានិងជាអ្នកជំនាញភូមិសាស្ត្រអន្តរជាតិ, លោក ពុយ គា អ្នកឆ្លើយឆ្លងព័ត៌មានរបស់ទីភ្នាក់ងារព័ត៌មានជប៉ុនក្យូដូ ប្រចាំប្រទេសកម្ពុជា, លោក ប៉ែន បូណាប្រធានក្លិបអ្នកកាសែតកម្ពុជា និងជានិពន្ធនាយកទូរទស្សន៍ PNN និងលោក មាស នី អ្នកវិភាគនិងតាមដានការអភិវឌ្ឍសង្គម។
វេទិកាតុមូលនេះជាមូលដ្ឋានចំណេះដឹងដ៏សំខាន់ជួយបំភ្លឺផ្លូវតម្រែតម្រង់ទិសឱ្យយើងទាំងអស់គ្នាយល់ច្បាស់ពីសភាពការណ៍ពិភពលោក ពីភូមិសាស្ត្រនយោបាយ និងយុទ្ធសាស្ត្ររបស់ពួកមហាអំណាច ថាពួកគេកំពុងគិតអ្វី គេទៅណា គេធ្វើអ្វី គេចង់បានអ្វី គេប្រើយុទ្ធសាស្ត្រនិងយុទ្ធវិធីអ្វី? ហើយប្រទេសតូចៗគួររៀបចំខ្លួនបែបណា? ។
គួររម្លឹកថាលោក ចូ បៃដិន ដែលបានផ្តួលលោក ដូណាល់ ត្រាំ នោះបានស្បថចូលកាន់តំណែងជាប្រធានាធិបតីទី៤៦របស់សហរដ្ឋ អាម៉េរិក កាលពីថ្ងៃទី២០ខែមករាឆ្នាំ២០២១កន្លងទៅ។គ្រប់គ្នាទន្ទឹងរង់ចាំមើលថាតើពិភពលោកនឹងទទួលបានអ្វីពីនយោបាយថ្មីរបស់ ចូ បៃដិន?។
បណ្ឌិតសភាចារ្យ សុខ ទូច
ក្នុងកិច្ចពិភាក្សានេះផ្តោតទៅលើ៖តើសណ្ដាប់ធ្នាប់ពិភពលោកនឹងប្រែប្រួលបែបណា? រដ្ឋបាលថ្មីរបស់ ចូបៃដិននឹងមាន នយោបាយបែបណាទាក់ទងទៅនឹងប្រជាធិបតេយ្យនិងសិទ្ធិមនុស្សនៅក្នុងពិភពលោក? តើអាស៊ាននៅចន្លោះ ចូ បៃដិន និង ស៊ី ជិនពីង នឹងមានអ្វីកើតឡើង? តើសមុទ្រចិនខាងត្បូងនឹងឡើងកម្ដៅឬយ៉ាងណា? តើកម្ពុជាក្នុងឋានៈជារដ្ឋដ៏តូចមួយ ត្រូវរាំក្រោមចង្វាក់ភ្លេងរបស់មហាយក្សចិននិងសហរដ្ឋអាម៉េរិកបែបណា? ព្រមទាំងបញ្ហាជាច្រើនទៀត៕សរន
រូបថតៈពីឆ្វេងមកស្តាំៈលោក មាស នី លោក ហ្សង់ ហ្រ្វង់ស័រតាន់ លោក ពុយ គា បណ្ឌិតសភាចារ្យ សុខទូច លោកប៉ែន បូណា