​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖ រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អូស្ត្រាលី​លោកស្រី ម៉ា​រី​សេ ផេន បាន​និយាយ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា អាជ្ញាធរ​មី​យ៉ាន់​ម៉ា​គួរតែ​ដោះលែង​លោក ស៊ន ធឺ​នែ​ល​ជា​សេដ្ឋវិទូ​និង​ជា​ទីប្រឹក្សា​​របស់​លោកស្រី​អ៊ុង សាន ស៊ូ​ជី ដែល​គេ​ទម្លាក់​ពី​តំណែង ជាបន្ទាន់ បន្ទាប់ពី​អាជ្ញាធរ​បាន​ចាប់ខ្លួន​រូប​លោក​កាលពី​ចុង​សប្តាហ៍​។​

​លោក​ធឺ​នែ​ល​បាន​និយាយ​កាលពី​ថ្ងៃ​សៅ​រ៍ថា​លោក​កំពុង​ត្រូវបាន​ឃុំខ្លួន ដែល​ជា​ការចាប់ខ្លួន​ជនបរទេស​លើកដំបូង​ចាប់តាំងពី​រដ្ឋប្រហារ​យោធា​ថ្ងៃទី ១ ខែ​កុម្ភៈ​ដែល​បាន​ផ្តួលរំលំ​រដ្ឋាភិបាល​ជាប់ឆ្នោត​​របស់​លោកស្រី​ស៊ូ​ជី​។​

​លោកស្រី​ផេ​ននិយាយថា អូស្ត្រាលី​ដែល​បាន​កោះហៅ​ឯកអគ្គរដ្ឋទូត​មី​យ៉ាន់​ម៉ា​អំពី​ការឃុំខ្លួន​នេះ បាន​ទាក់ទង​ជាមួយ​លោក​ធឺ​នែ​ល​។​

​លោកស្រី​ផេន​បាន​ប្រាប់​អ្នកយកព័ត៌មាន​នៅ​ទីក្រុង​ស៊ីដ​នី​ថា “​យើង​បាន​អំពាវនាវ​ឱ្យមាន​ការដោះលែង​ជា​បន្ទាន់​នូវ​ពលរដ្ឋ​អូស្ត្រាលី​គឺ​សាស្ត្រាចារ្យ​ធឺ​នែ​ល ពី​ការឃុំខ្លួន​នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា​។​ស្ថានទូត​​របស់​យើង​បាន​ផ្តល់​ការគាំទ្រ​យ៉ាងខ្លាំង​ដល់​សាស្ត្រាចារ្យ​ធឺ​នែ​ល​ក្នុង​អំឡុងពេល​ដ៏​លំបាក​នេះ​”​។​

​លោក​ធឺ​នែ​ល​គឺ​ជា​សាស្ត្រាចារ្យ​ផ្នែក​សេដ្ឋកិច្ច​នៅឯ​សាកលវិទ្យាល័យ​ម៉ាក​ក្វា​រី​ក្នុង​ទីក្រុង​ស៊ីដនី​និង​បាន​ផ្តល់​យោបល់​ដល់​លោកស្រី​ស៊ូ​ជី​ស្តីពី​គោលនយោបាយ​សេដ្ឋកិច្ច​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​។​

​លោកស្រី​ផេន​មិន​បាន​បញ្ជាក់​ថា​តើ​លោក​ធឺ​នែ​ល​ត្រូវ​បាន​គេ​ឃុំឃាំង​នៅ​កន្លែង​ណា​នោះ​ទេ ប៉ុន្តែ​លោកស្រី​និយាយថា ជនជាតិ​អូស្ត្រាលី​មិន​បញ្ចេញ​ឈ្មោះ​ម្នាក់​ត្រូវបាន​ឃុំខ្លួន​នៅ​ឯ​ប៉ុស្តិ៍​ប៉ូលិស​។​

​ប៉ូលិស​បាន​បាញ់​ទឹក​ទៅ​លើ​ក្រុមអ្នកតវ៉ា​នៅក្នុង​រដ្ឋធានី​ណៃ​ពិដោ​នៅ​ថ្ងៃ​ចន្ទ​នេះ ខណៈ​ដែល​មនុស្ស​រាប់ពាន់​នាក់​នៅ​ទូទាំង​ប្រទេស​បាន​ចូលរួម​បាតុកម្ម​នៅ​ថ្ងៃទី ៣​ប្រឆាំង​នឹង​កងទ័ព​ដែល​ទម្លាក់​​រដ្ឋាភិបាល​លោកស្រី​ស៊ូ​ជីកា​លពី​មួយ​សប្តាហ៍​មុន​។​

​លោក​ធឺ​នែ​ល​បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌​មា​រ៉​យ​ទ័រ​កាលពី​ថ្ងៃ​សៅរ៍ថា គាត់​រំពឹង​ត្រូវគេ​ចោទប្រកាន់​បន្ទាប់​ពី​ការឃុំខ្លួន​។​

​លោក​និយាយថា “​ខ្ញុំ​គិតថា​អ្នកនឹង​ឮ​អំពី​វា​ឆាប់ៗ ប៉ុន្តែ​ខ្ញុំ​កំពុង​ត្រូវ​គេ​ឃុំខ្លួន​”​។ គាត់​បាន​និយាយ​ដោយ​ស្នាមញញឹម​ថា “​នឹងត្រូវ​គេ​ចោទ​ពី​បទ​អ្វី​មួយ ប៉ុន្តែ​មិនដឹង​ចោទ​ពី​អី​ទេ​។​ខ្ញុំ​សុខ​សប្បាយ​និង​រឹង​​មាំ​ហើយ​មិន​មាន​កំហុស​អ្វី​ទេ​”៕

​លោក ស៊ន ធឺ​នែ​ល ទីប្រឹក្សា​របស់​លោកស្រី​អ៊ុង សាន ស៊ូ​ជី