Watford ចុះ​កិច្ចព្រមព្រៀង​ផ្ទេរ​ខ្សែបម្រើ ណា​ថា​នី​ល ចា​ឡូ​បា របស់​ឆេ​ល​ស៊ី​

1023
ចែករម្លែក

ក្លិប Watford បាន​ចុះ​កិច្ចព្រមព្រៀង​ផ្ទេរ​ខ្សែបម្រើ ណា​ថា​នី​ល ចា​ឡូ​បា (Nathaniel Chalobah) របស់​ឆេ​ល​ស៊ី​ក្នុងតម្លៃ​៦​លាន​ផោន​។​
​ ​
​ឆេ​ល​ស៊ី​បានផ្តល់​កិច្ចសន្យា​ថ្មី​ដល់​កីឡាករ​វយ​២២​ឆ្នាំ​រូបនេះ ប៉ុន្តែ ចា​ឡូ​បា ចង់បាន​ឱកាស​លេង​ច្រើនជាង​នេះ ហើយ​សម្រេចចិត្ត​ផ្ទេរ​មកកាន់ Vicarage Road ។​
​ ​
​ចា​ឡូ​បា ដែលជា​គោលដៅ​របស់​ក្លឹប Southampton និង Swansea City ផងដែរ​នោះ បាន​យល់ព្រម ទទួលយក​កិច្ចព្រមព្រៀង​រយៈពេល​៥​ឆ្នាំ​ហើយ​បាន​ពិនិត្យ​សុខភាព​នៅ​ទីលាន​ហ្វឹកហាត់​កាលពី​ថ្ងៃ​ព្រហស្បតិ៍​។​
​ ​
​ចា​ឡូ​បា នឹង​ពាក់​លេខ​១៤ ហើយ​លោក ម៉ា​កូ ស៊ី​ល​វ៉ា (Marco Silva) គ្រូ បង្វឹក Watford ត្រៀម​ដាក់​ឲ្យ កីឡាករ​រូបនេះ​លេង​នៅ​តំណែង​បម្រើ​។​
​ ​
​កីឡាករ​វ័យ​២២​ឆ្នាំ​រូបនេះ​វិលត្រឡប់​មកកាន់​ពហុ​កីឡដ្ឋាន Vicarage Road ទី​ដែល​កីឡាករ​រូបនេះ​បាន ចំណាយ​លេង​ខ្ចី​ជើង​ពេញ​មួយ​រដូវ​កាល​ឆ្នាំ​២០១២/២០១៣​។​
​ ​
​អំឡុងពេល​នៅ​ជាមួយ​ឆេ​ល​ស៊ី ចា​ឡូ​បា បានបង្ហាញ​មុខ​៤២​លើក និង​រកបាន​៥​គ្រាប់​។​
​ ​
​ចា​ឡូ​បា បាន​ដើរតួនាទី​សំខាន់​ក្នុង​ក្រុម​ជម្រើស​យុវជន​ក្រោម​អាយុ​២១​ឆ្នាំ ហើយ​ឈានដល់​វគ្គ ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ European Championship ។​
​ ​
​កាលពី​រដូវ​កាល​មុន ចា​ឡូ​បា បានបង្ហាញ​មុខ​១៥​លើក​សម្រាប់​ក្រុម​លោក អែន​តូ​នី​ញ៉ូ កុន​តេ នៅ​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក​។​
​ ​
​តាម​គេហទំព័រ dailymail.co.uk កាលពី​ថ្ងៃទី​១៤​ខែកក្កដា​ឆ្នាំ​២០១៧​បាន​ឲ្យ​ដឹងថា តែ​ប៉ុន្មាន​ម៉ោង មុនពេល​ក្លឹប Watford ប្រកាស​កិច្ចព្រមព្រៀង​ផ្ទេរ ឆេ​ល​ស៊ី​បាន​បង្ហោះ​រូបភាព​របស់ ចា​ឡូ​បា ដែល​បាន​ចូលរួម​ហ្វឹកហាត់ កាលពី​ថ្ងៃ ព្រហស្បតិ៍​ផងដែរ​៕ ​ប្រែ​សម្រួល​: ពិសិដ្ឋ​

ខ្សែបម្រើ ណា​ថា​នី​ល ចា​ឡូ​បា (Nathaniel Chalobah)

ទីតាំងផ្សាយពាណិជ្ជកម្ម