​ដោយ​:​សុខុម​/​ស្ទឹងត្រែង​:សមត្ថកិច្ច​បាន​ឃាត់​រថយន្ត​ប្រភេទ​កូរ៉េ​មួយគ្រឿង ដែល​ដឹក​សត្វ​មាន់​រស់​នាំចូល​ពី​ប្រទេស​ថៃ​។ ការចុះ​បង្ក្រាប​នោះបាន​ធ្វើឡើង​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​9 ត្រង់​ក្បែរ​ផ្លូវបំបែក​គីឡូ​លេខ​4 ភូមិ​រាជា​នុ​កូ​ល សង្កាត់​ស្ទឹងត្រែង ក្រុង​ស្ទឹងត្រែង កាលពី​វេលា​ម៉ោងជាង 7​យប់​ថ្ងៃទី​8 ខែកុម្ភៈ​ឆ្នាំ​2021​។​
លោក ស៊ុន សំណាង តំណាង​ចែកចាយ​ផ្នែក​លក់​ឲ្យ​ក្រុមហ៊ុន​ដឹកជញ្ជូន​មាន់​លក់​ពី​ប្រទេស​ថៃ​មក​កម្ពុជា​បាន​ប្រាប់ឱ្យដឹង​នៅ​ព្រឹក​ថ្ងៃទី​9 ខែកុម្ភៈ​ថា​ក្រុមហ៊ុន​របស់លោក​មាន​អាជ្ញាប័ណ្ណ​ត្រឹមត្រូវ​នាំចូល​មាន់​រស់​ពី​ប្រទេស​ថៃ​តាម​ច្រក​ខេត្តបន្ទាយមានជ័យ​មក​ចែកចាយ​តាម​បណ្ដា​ខេត្ត​ក្នុងប្រទេស​កម្ពុជា​និង​មានការ​ត្រួតពិនិត្យ ដោយ​ជំនាញ​បសុពេទ្យ​។​

ជាមួយ​នោះ​មាន​ឈ្មួញ​រកស៊ី​ដឹក​មាន់​លក់​ឈ្មោះ​សឿន​បាន​លួច​បន្លំ​ដឹក​មាន់​នាំចូល​ពី​ថៃ​តាម​ខេត្តបន្ទាយមាន​ជ័យ​​ដូចគ្នា​មក​ចែកចាយ​លក់​បន្ត​។​

លោក​សំណាង​បាន​ប្រាប់​ឲ្យ​ដឹង​ទៀតថា​ឈ្មួញ​ដែល​លួច​នាំចូល​ពី​ប្រទេស​ថៃ​បាន​យក​មាន់​លក់​ចែកចាយ​ឲ្យ​ម៉ូយ​តាម​បណ្ដា​ខេត្ត​មិនមាន​ការត្រួតពិនិត្យ​ត្រឹមត្រូវ​ពី​ផ្នែក​បសុពេទ្យ​ទេ​។​មិនតែប៉ុណ្ណោះ​ថែមទាំង​លក់​ក្នុងតម្លៃ​ទាប​ជាង​ទីផ្សារ​ក្រុមហ៊ុន​ទៀត​។​

ក្រោយពី​ខាង​ក្រុមហ៊ុន​រកឃើញថា​ឈ្មួញ​ឈ្មោះ​សឿន​បាន​ដណ្ដើម​ទីផ្សារ​និង​លក់​ក្នុង​តម្លៃថោក​ក្នុងការ​នាំចូល​សត្វ​មាន់​រស់​ពី​ប្រទេស​ថៃ​មក​ក៏​ធ្លាប់បាន​បង្ក្រាប​ម្ដង​រួចមកហើយ​នៅលើ​ទឹកដី​ខេត្តកំពង់ចាម​។​
តែ​ក្រោយមក​មិន​រាងចាល​ទេ​ឈ្មួញ​ម្នាក់នេះ​បានគេច​ចេញពី​ខាង​ខេត្តកំពង់ចាម​ហើយ​នាំ​មាន់​ចូល​ពី​ថៃ​មក​ចែកចាយ​ឆ្លងកាត់​ខេត្តព្រះវិហារ​ស្ទឹងត្រែង​អស់​រយៈពេល​យ៉ាងយូរ​។​

ឥឡូវនេះ​ខាង​ក្រុមហ៊ុន​រកឃើញថា​ឈ្មួញ​ឈ្មោះ​សឿន​បាន​រកស៊ី​ជា​យូរ​មកហើយ​តាម​ខេត្តព្រះវិហារ​ស្ទឹងត្រែង​ទើបតែ​បង្ក្រាបបាន​បញ្ជូនទៅ​ក្នុង​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង​រង់ចាំ​ប្រគល់​ទៅអោយ​ជំនាញ​បសុពេទ្យ​តាម​នីតិវិធី​ជា​បន្ត​៕​