ដោយៈ ជា សីហៈ​/​ភ្នំពេញៈ នៅ​ទូទាំង​សកលលោក ការផ្ដល់​អាហារ​នៅតាម​សាលា រៀន​ប្រមាណ​ជាង ៣៩ ប៊ី​លាន​ដង ត្រូវបាន​អាក់ខាន ចាប់តាំងពី​មានការ​ឆ្លង​រាល ដាល​ជាស​កល​នៃ​ជំងឺ​កូ​វីដ​១៩ ព្រោះ​សាលារៀន​ត្រូវ​បិទទ្វារ នេះ​បើតាម​របាយការណ៍ ថ្មី​មួយ​ដែល​ចេញផ្សាយ​ដោយ ការិយាល័យ​ស្រាវជ្រាវ Innocenti របស់​យូ​នី​សេ​ហ្វ និង​កម្មវិធី​ស្បៀងអាហារ​ពិភពលោក​។ របាយការណ៍​ក្រោម​ចំណងជើង​ថា​កូ​វីដ​១៩ : ការខកខាន​លើសពី​ការមិន​បាន​រៀន​ក្នុង​ថ្នាក់ ក៏បាន​កត់សម្គាល់​ផងដែរ​ថា កុមារ ៣៧០ លាន​នាក់​នៅលើ​សកលលោក ដែល​ភាគច្រើន​ពឹង​អាស្រ័យ​លើ​អាហារ​ផ្ដល់នៅ តាម​សាលារៀន​សម្រាប់​ជា​ប្រភព​អាហារូបត្ថម្ភ​ដ៏​សំខាន់​ប្រចាំថ្ងៃ​របស់​ពួកគេ គិត​ជា​មធ្យម បាន​ខកខាន ពុំបាន​ទទួល​អាហារ ៤០% នៃ​ចំនួន​អាហារ​ដែល​ផ្ដល់ឱ្យ​ពួកគេ​នៅ​សាលារៀន ដោយសារតែ​កត្តា​រារាំង​បង្កដោយ​ជំងឺ​កូ​វីដ​១៩ ដែលនាំឱ្យ​មានការ​បិទ​សាលារៀន​។​

​នៅ​កម្ពុជា កុមារ​ប្រមាណ ២៨​ម៉ឺន​នាក់ ដែល​រៀន​នៅ​សាលា​ចំនួន ១.១១៣ កន្លែង នៅក្នុង​ខេត្ត​ចំនួន ១០ ខកខាន ពុំបាន​ទទួល​អាហារ​ប្រកបដោយ​អាហារូបត្ថម្ភ​ដែល​ផ្ដល់ ដោយ​មិន​គិតថ្លៃ​ឱ្យ​ពួកគេ​នៅ​សាលារៀន​ក្នុងអំឡុងពេល​មានការ​បិទ​សាលា​នៅ​ទូទាំង ប្រទេស ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩​។ ទិន្នន័យ​បាន​ពី​ការវាយតម្លៃ​រួមគ្នា លើ​តម្រូវ​ការអប់រំ ក្នុងអំឡុងពេល​មាន​កូ​វីដ ១៩ នៅ​កម្ពុជា​ក្នុង​ឆ្នាំ​២០២០ ដែល​រៀបចំ​ដោយ ក្រសួង​អប់រំ​យុវជន និង​កីឡា និង​ក្រុមការងារ​វិស័យ​អប់រំ បាន​បង្ហាញថា បច្ចុប្បន្ននេះ កុមារ ៤០% ញុំ​ា​អាហារ​ប្រចាំថ្ងៃ​ក្នុង​បរិមាណ​តិចជាង​មុន បើ​ធៀប​នឹង​មុនពេល​មានការ​ឆ្លង រាលដាល​នៃ​ជំងឺ​នេះ​។ ក្នុងចំណោម​កុមារ​ទាំងនេះ មាន​ជាង ៥០%​មកពី​គ្រួសារ​មាន ជីវភាព​ក្រីក្រ និង​ជា​អ្នក​ពឹង​ផ្អែកលើ​ប្រព័ន្ធ​គាំពារ​សង្គម​។​

​ការសិក្សា​វាយតម្លៃ​លើ​ផលប៉ះពាល់​ផ្នែក​សង្គម​សេដ្ឋកិច្ច​បង្កឡើង​ដោយ​ជំងឺ​កូ​វីដ​១៩ នៅ​កម្ពុជា របស់​អង្គការសហប្រជាជាតិ ក៏បាន​បង្ហាញ​ផងដែរ​ថា បើទោះជា​ភាព​អាចមាន ឬ​រកបាន​ស្បៀង​ពុំបាន​ទទួលរង​ផលប៉ះពាល់​ធំដុំ​ក៏ដោយ ប្រជាពលរដ្ឋ​ជាច្រើន​នាក់ ត្រូវបាន​កាលៈទេសៈ​សេដ្ឋកិច្ច​បង្ខំ​ឱ្យប្រើ​ប្រាស់​យុទ្ធ​ស្រា​ស្ត្រ​ទប់ទល់​ផ្សេងៗ ដូចជា​ខ្ចី អាហារ​ពី​អ្នកដទៃ កាត់បន្ថយ​បរិមាណ​អាហារ​បរិភោគ និង​ពឹង​អាស្រ័យ​ខ្លាំង​ជាង​មុន​លើ ជម្រើស​អាហារ​មានតម្លៃ​ថោក និង​មិនសូវមាន​អាហារូបត្ថម្ភ​។ ជា​ភ័ព្វសំណាង​កម្មវិធី​ផ្ដល់ អាហារ​តាម​សាលារៀន បានចាប់ផ្ដើម​ដំណើរការ​ឡើងវិញ​ទន្ទឹម​ពេលដែល​សាលា រៀន​នៅ​កម្ពុជា​បាន​បើក​ដំណើរការ​ជាថ្មី កាលពី​ដើមខែ​នេះ​ដោយ​កម្មវិធី​នេះ​នឹងត្រូវ ចាប់ផ្ដើម​ជា​ដំណាក់កាលៗ នៅ​គ្រប់​សាលារៀន​ទាំងអស់ ដែល​កំពុង​អនុវត្ត​កម្មវិធី​ផ្ដល់ អាហារ ក្រោម​ការគាំទ្រ​ពី​រាជ​រដ្ឋា​បាល និង​កម្មវិធី​ស្បៀងអាហារ​ពិភពលោក​នៅត្រឹម​ខែមីនា ឆ្នាំ​២០២១ ។​

​យូ​នី​សេ​ហ្វ និង​កម្មវិធី​ស្បៀងអាហារ​ពិភពលោក ស្វាគមន៍​ចំពោះ​ការចាប់ផ្ដើម​ដំណើរ ការ​កម្មវិធី​ផ្ដល់​អាហារ​សាលារៀន​ជាថ្មី ស្របពេល​នឹង​ការបើក​ដំណើរការ​សាលារៀន ឡើងវិញ ។​

​លោកស្រី ក្លែ​រ ខូ​ណាន់ តំណាង និង​ជា​នាយិកា​អង្គការ​ស្បៀងអាហារ​ពិភពលោក ប្រចាំ​កម្ពុជា បាន​កត់សម្គាល់ថា​“​កម្មវិធី​សុខភាព និង​អាហារូបត្ថម្ភ ដែល​អនុវត្ត​នៅតាម សាលារៀន បាន​កាត់បន្ថយ​ភាពអត់ឃ្លាន និង​ជាការ​លើកទឹកចិត្ត​ដ៏​មាន​ឥទ្ធិពល ដើម្បីឱ្យ កុមារ​វិល​ត្រឡប់មក​សាលារៀន​វិញ​។ កម្មវិធី​នេះ​កាន់​តែមាន​លក្ខណៈពិសេស ទៅទៀត សម្រាប់​កុមារ​ងាយ​រងគ្រោះ ដែល​ភាគច្រើន​ពឹង​អាស្រ័យ​លើ​អាហារ​ដែល​ផ្ដល់នៅ តាម​សាលារៀន និង​មាន​ជម្រើស​សិក្សា​នៅផ្ទះ​តិចតួច ” ។​

​លោកស្រី ហ្វ័​រូ​ហ្គ ហ្វ​យូ​ហ្សិថ នាយិកា​យូ​នី​សេ​ហ្វ​ប្រចាំ​កម្ពុជា បាន​មានប្រសាសន៍ថា “​បច្ចុប្បន្ន សាលារៀន​បើក​ដំណើរការ​ជាថ្មី ដូច្នេះ​វា​ជាការ​សំខាន់​ណាស់​ដែល​កម្មវិធី​គាំទ្រ អាហារូបត្ថម្ភ​នៅតាម​សាលារៀន ត្រូវបាន​ដំណើរការ​ឡើងវិញ​ផងដែរ​។ ខណៈដែល​ការ អនុវត្ត​វិធានការ​កាត់បន្ថយ​ហានិភ័យ​ជំងឺ​កូ​វីដ​១៩ គួរតែ នៅ​បន្តធ្វើ សាលារៀន​ជា​កន្លែង ផ្ដល់នូវ​ឱកាស​ប្រសើរ​បំផុត​សម្រាប់​ជួយ​ដល់​កុមារ ជាពិសេស​កុមារ​តូចៗ ដើម្បីឱ្យ​ពួកគេ មាន​ទម្លាប់​ញ៉ាំ​អាហារ ដែល​ជួយ​ទ្រទ្រង់​សុខភាព​ឱ្យបាន​មាំមួន ដែល​ទម្លាប់​បែបនេះ អាច​នៅ​ជាមួយ​ពួកគេ​ពេញ​មួយជីវិត​។ ការអប់រំ​អំពី​អាហារូបត្ថម្ភ និង​ការផ្ដល់​អាហារ នៅតាម​សាលារៀន គឺជា​ឧបករណ៍​ដ៏​មាន​ប្រសិទ្ធភាព ដើម្បី​ជួយ​ឱ្យ​កុមារ​មាន​សុខភាព មាំមួន និង​រៀនសូត្រ​កាន់តែ​ពូកែ​” ។​

​កម្មវិធី​ស្បៀងអាហារ​ពិភពលោក បាន​នឹង​កំពុង​គាំទ្រ​ដល់​រដ្ឋាភិបាល​នៅ​ទូទាំង សកលលោក ក្នុង​ការកែ​សម្រួលការ អនុវត្ត​កម្មវិធី​ផ្ដល់​អាហារ​តាម​សាល​រៀន​ក្នុងអំឡុង ពេលដែល​សាលារៀន​ត្រូវ​បិទទ្វារ​បង្កដោយ​ការឆ្លង​រាតត្បាត​ជា​សកល​នេះ​។ នៅ​កម្ពុជា កម្មវិធី​ស្បៀងអាហារ​ពិភពលោក​បាន​សហការ​ជា​ដៃគូ​ជាមួយនឹង​ក្រសួង​អប់រំ យុវជន និង​កីឡា ដើម្បី​បន្ត​ផ្ដល់​ការឧបត្ថម្ភ​ដល់​សិស្សានុសិស្ស​មកពី​គ្រួសារ​មាន​ជីវភាព​ក្រីក្រ​ជាង គេ​ចំនួន ៩​ម៉ឺន​គ្រួសារ តាមរយៈ​ការផ្ដល់​របប​អាហារ​សម្រាប់​ឱ្យ​ពួកគេ​យកទៅ​ផ្ទះ ក្នុងអំឡុង​ពេលដែល​សាលារៀន​បិទទ្វារ ។ យូ​នី​សេ​ហ្វ និង​កម្មវិធី​ស្បៀងអាហារ ពិភពលោក ក៏បាន​សហការ​ជាមួយ​ក្រសួង ក្នុង​ការបើក​ដំណើរការ​សាលារៀន​ឡើងវិញ ប្រកបដោយ​សុវត្ថិភាព តាមរយៈ​ការផ្សព្វផ្សាយ​សារ​អប់រំ​អាហារូបត្ថម្ភ ដល់​លោកគ្រូ អ្នកគ្រូ មាតាបិតា និង​សិស្សានុសិស្ស ។​

​យូ​នី​សេ​ហ្វ និង​កម្មវិធី​ស្បៀងអាហារ​ពិភពលោក កំពុង​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ទូទាំង​សកល លោក​បើក​ដំណើរការ និង​បន្ត​បើក​សាលារៀន ដោយមាន​ការអនុវត្ត​វិធានការ​ការពារ ពី​ជំងឺ​កូ​វីដ​១៩​ឱ្យបាន​សមស្រប ដើម្បី​ទប់ទល់​នឹង​ជំងឺ​រាតត្បាត​នេះហើយ​ក្នុងពេល​ជាមួយ គ្នា​ធានាឱ្យមាន​ការឆ្លើយតប​ចំពោះ​តម្រូវការ​សុខភាព តម្រូវការ​អាហារ និង​តម្រូវការ អាហារូបត្ថម្ភ​របស់​កុមារ តាមរយៈ​ការអនុវត្ត​កម្មវិធី​អាហារូបត្ថម្ភ​នៅក្នុង​សាលារៀន ដែលមាន​លក្ខណៈ​គ្រប់​ជ្រុងជ្រោយ និង​ប្រកបដោយ​គុណភាព​៕​/PC