ដោយៈ​ប​.​ខុន​/​ភ្នំពេញៈ​លោក​ឃួ​ង​ស្រេង​ដែល​ត្រូវបាន​រាជរដ្ឋាភិបាល​ផ្តល់​ទំនុកចិត្ត​ឱ្យធ្វើជា​អភិបាល​រាជធានី​ភ្នំពេញ​បន្ត​មួយ​អាណត្តិ​ទៀត​។​អាច​និយាយបានថា​លោក​ជា​ពលរដ្ឋ​នៃ​ខេត្តកំពង់ធំ​ទី​ពីរ​ហើយ​ដែល​បានទទួល​តំណែង​ជា​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​ចំនួន​ពី​អាណត្តិ​ជាប់ៗ​គ្នា​បន្ទាប់ពី​លោក ប៉ា សុជាតិ​វង្ស (​បច្ចុប្បន្ន​ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​)​។​

សម្តេចតេជោហ៊ុនសែន និងលោកឃួង ស្រេង នាពេលកន្លងទៅ(រូបឯសារ)

​លោក ឃួ​ង​ស្រេង​ដែលមាន​ឋានន្តរស័ក្តិ​ឧ​ត្ត​ម​មន្ត្រី​ថ្នាក់ លេខ​១ បាន​កាន់តំណែង​ជា​អភិបាលរង​រាជធានី​ភ្នំពេញ​តាំងពី​ខែ ឧសភា​ឆ្នាំ​២០១៥​មក​នោះ​ត្រូវបាន​ព្រះរាជក្រឹត្យ​ចុះ​ថ្ងៃទី​១៦​ខែមិថុនា​ឆ្នាំ​២០១៧​ត្រាស់បង្គាប់​ឲ្យ​ធ្វើជា​អភិបាល​នៃ​គណៈ​អភិបាល​រាជ ធានី​ភ្នំពេញ​។​

លោក​ឃួ​ង ស្រេង (KHUONG SRENG ) កើត​នៅ​ថ្ងៃទី​២ ខែវិច្ឆិកា​ឆ្នាំ​១៩៦៦​សញ្ជាតិ​ខ្មែរ​នៅ​ភូមិ​រំលង​(​ភូមិ​រំចេក​សព្វថ្ងៃ​) ឃុំ​ទ្រៀល​ស្រុក​បារាយណ៍​ខេត្តកំពង់ធំ ។​

តាម​ប្រវត្តិ​សង្ខេប​របស់លោក​បានបង្ហាញ​ថា​អភិបាល​រាជធានី​ភ្នំពេញ​ដែលមាន​វ័យ​ជាង​៥០​ឆ្នាំ​បន្តិច​នេះ​បាន​ធំ​ដឹងក្តី​ឡើង​ក្នុងអំឡុងពេល​ប្រទេសជាតិ​មាន​សង្គ្រាម​ហើយ​បាន​រត់​ភៀស​សឹក​ជា​បន្តបន្ទាប់​ចាកចោល​ស្រុកកំណើត​និង​បាន​ចូលរៀន​ថ្ងៃ​ដំបូង​នៅ​សាលាបឋមសិក្សា​សន្ធរម៉ុក​នាទី​ក្រុងភ្នំពេញ​នៅ​ថ្ងៃ​១០​ខែ កញ្ញា​ឆ្នាំ​១៩៧៣​ហើយ​បាន​ផ្អាក​មួយរយៈ​វិញ​ពេល​បែក​ទីក្រុង​ភ្នំពេញ​ឆ្នាំ​១៩៧៥ និង បាន​សិក្សា​បន្ត​ក្នុង​សាលា​ដដែល​នេះ​នៅ​ឆ្នាំ​១៩៨១ រហូតដល់​ចប់​នៅ​ថ្ងៃទី​១៧​ខែមិថុនា​ឆ្នាំ​១៩៨៧​។​

លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ(រូបឯកសារ)

ចាប់ពី​ឆ្នាំ​១៩៨៨ ដល់​ឆ្នាំ​១៩៩២​លោក​បាន​បន្ត​ការសិក្សា នៅ សាកលវិទ្យាល័យ​សហភាព​សូ​វៀត​ដោយ​ទទួលបាន សញ្ញាប័ត្រ​វិស្វកម្ម​ម៉ាស៊ីនកប៉ាល់​។​ពីថ្ងៃ​៨​ខែសីហា​ឆ្នាំ​១៩៩២​ដល់​ថ្ងៃទី​៨​ខែសីហា​ឆ្នាំ​១៩៩៧​លោក​បាន​បន្ត​ការសិក្សា​នៅ​មហាវិទ្យាល័យ​នីតិសាស្ត្រ​និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​ទទួលបាន​បរិ​ញ្ញា​ប័ត្រ​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​។​ក្នុង​រយៈពេល​៥​ឆ្នាំ​នៃ​ការសិក្សា​នៅ​មហាវិទ្យាល័យ​នេះ និស្សិត​តែង​បោះឆ្នោត​គាំទ្រ​លោក​ឃួ​ង ស្រេង ធ្វើជា​ប្រធាន​សមាគម នៅក្នុង​មហាវិទ្យាល័យ​រាល់​ឆ្នាំ​។​

ពីថ្ងៃ​ទី​២៦​ខែតុលា​ឆ្នាំ​២០០២​ដល់​ថ្ងៃទី​២៦​ខែតុលា​ឆ្នាំ​២០០៤​លោក​បាន​សិក្សា​បន្ថែម​នៅ​សាកលវិទ្យាល័យ​ចំរើន​ពហុ​បច្ចេកវិទ្យា​ដោយ​ទទួលបាន​បរិញ្ញាប័ត្រ​ជាន់ខ្ពស់​វិទ្យាសាស្ត្រ​នយោបាយ​និង ពីថ្ងៃ​ទី​១៧​ខែធ្នូ​ឆ្នាំ​២០០៤​ដល់​ថ្ងៃទី​១៧​ខែធ្នូ​ឆ្នាំ​២០០៧​ដោយបាន​បន្ត ការសិក្សា​នៅ​សាកលវិទ្យាល័យ​ដដែល​នេះ​ដោយ​ទទួលបាន​សញ្ញាប័ត្រ​បណ្ឌិត​វិទ្យាសាស្ត្រ​នយោបាយ​។​

ក្រៅពី​សិក្សា​នៅតាម​មហា​វិទ្យា​ល​យ័ សាកល​វិទ្យា​ល​យ័​នៅក្នុង​ស្រុក និង បរទេស លោក​ឃួ​ង ស្រេង ក៏​ទទួលបាន​ការបណ្តុះ បណ្តាល​និង វគ្គ​សិក្សា​រយៈពេល​ខ្លីៗ កម្រិត​វិ​ញ្ញាប​នប​ត្រ័​ពី​វិទ្យាស្ថាន​កម្ពុជា​ដើម្បី​សិទ្ធិមនុស្ស​,​វគ្គ​បណ្តុះបណ្តាល​រដ្ឋបាល​,​វគ្គ​អភិបាល កិច្ច ល្អ​និង​វគ្គ​បណ្តុះបណ្តាល​រដ្ឋបាល​ពី​សាលា​រាជធានី​ភ្នំពេញ​ផងដែរ​។​

លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនិងភរិយា(រូបឯកសារ)

លោក​ឃួ​ង​ស្រេង​បាន​ចូល​បម្រើ​ការងារ​ក្នុង​ក្របខ័ណ្ឌ​រដ្ឋ​នៅ​ថ្ងៃទី​០១​ខែមេសា​ឆ្នាំ​១៩៩៨​។​ដោយ​ចាប់ពី​ថ្ងៃទី​១​ខែមេសា​ឆ្នាំ​១៩៩៨ ដល់​ថ្ងៃទី​១២​ខែកក្កដា​ឆ្នាំ​១៩៩៩​ជា​មន្ត្រី​សាលាខណ្ឌ​ទួលគោក​និង​ចាប់ពី​ថ្ងៃទី​១៣​ខែកក្កដា​ឆ្នាំ​១៩៩៩​ដល់​ថ្ងៃទី​២៤​ខែកញ្ញា​ឆ្នាំ​២០០៨​ជា អភិបាលរង​ខណ្ឌទួលគោក​។​

ចាប់ពី​ថ្ងៃទី​២៥​ខែកញ្ញា​ឆ្នាំ​២០០៨​ដល់​ថ្ងៃទី​០១​ខែកុម្ភៈ​ឆ្នាំ​២០០៩​លោក​មានមុខ​ដំណែង ជា​អនុរដ្ឋលេខាធិការ ក្រសួង​ពាណិជ្ជ កម្ម​និង​ពីថ្ងៃ​ទី​០២​ខែកុម្ភៈ​ឆ្នាំ​២០០៩​ដល់​៣០​ខែឧសភា​ឆ្នាំ​២០១២​លោក​បាន​វិលត្រឡប់​ទៅកាន់​តំណែង​ជា​អភិបាលខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​វិញ​។​

ចាប់ពី​ថ្ងៃទី​៣១​ខែឧសភា​ឆ្នាំ​២០១៥​ដល់​ថ្ងៃទី​១៦​ខែមិថុនា​ឆ្នាំ ២០១៧​លោ​កក ឃួ​ង ស្រេង មានមុខ​ដំណែង​ជា​អភិបាលរង​រាជ ធានី​ភ្នំពេញ​។​លោក​ត្រូវបាន​ព្រះរាជក្រឹត្យ​ចុះ​ថ្ងៃទី​១៦​ខែមិថុនា​ឆ្នាំ​២០១៧​ត្រាស់បង្គាប់​ឲ្យ​ធ្វើជា​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​។

នៅក្នុង​រយៈពេល​បំពេញការងារ​បម្រើ​ជាតិ​មាតុភូមិ​អស់​រយៈពេល​ជិត​២០​ឆ្នាំ​មកនេះ​លោ​កក​ឃួ​ង​ស្រេង​ទទួលបាន​នូវ​ការសរសើរ និង​ជូន​រង្វាន់​ជា​បន្ត​បន្ទាប់ពី​រាជរដ្ឋាភិបាល​នូវ​មេដាយមាស​ចំនួន​បី​និង​គ្រឿង​ឥស្សរិយ​ស​ចំនួន​បី​មានៈ ថ្នាក់​សេនា ថ្នាក់​មហាសេនា និង​ថ្នាក់​ជា​តូប​ការ ដោយសារ​មាន​ស្នាដៃ​ល្អ​ក្នុង​ការកសាង​រាជធានី​។​

ក្នុងពេល​បំពេញការងារ​ជា​អាជ្ញាធរ​ខណ្ឌ ក៏ដូចជា​នៅ​សាលា រាជធានី​អស់​រយៈពេល​ជិត​២០​ឆ្នាំ​មកនេះ​លោក​ឃួ​ង ស្រេង មិន​ត្រឹមតែ​បានរួម​ចំណែក​យ៉ាងសកម្ម​ក្នុងការ​អភិវឌ្ឍ​ទីក្រុង​ប៉ុណ្ណោះ​ទេ​គឺ​ថែមទាំង​បាន​ចូលរួម​ធ្វើការ​ទប់ស្កាត់​នូវ​រាល់​សកម្មភាព​ខុសច្បាប់​ទាំងឡាយ​រាប់ទាំង​ការប៉ុនប៉ង​ផ្តួលរំលំ​រដ្ឋាភិបាល​ពី​កងកម្លាំងប្រដាប់អាវុធ​ខុសច្បាប់​(CFF)​និង​ការបង្ក​ចលាចល​ដោយ​ពួក​ឱកាសនិយម និង​គណបក្សនយោបាយ​នានា​ផង​។​

​លោក​ឃួ​ង​ស្រេង​បាន​ប្រាប់​រស្មី​កម្ពុជា​អំពី​ដំណើរ ជីវិត​តាំងពី​កុមារភាព​មក​ថា ក្រោយ​ថ្ងៃ​រដ្ឋប្រហារ​១៨​មីនាឆ្នាំ​១៩៧០​បានតែ​ប៉ុន្មាន​ថ្ងៃ ទាហាន​អាម៉េរិក​បានចាប់ផ្តើម​ទម្លាក់​គ្រប់​បែក​ទៅលើ​ភូមិឋាន​ជាច្រើន​នៅក្នុង​ខេត្តកំពង់ធំ ធ្វើ​ឲ្យ​គ្រួសារ​របស់លោក​ក៏ដូចជា​ប្រជាជន ដទៃទៀត​បាន​រត់​ភៀសខ្លួន​ចោល​ភូមិឋាន​ទៅ​ស្នាក់ នៅ​វត្ត​គុក​ព្រះ​ធាតុ​(​ហៅ​វត្ត​គុក​) នៅក្នុង​ឃុំ​ស្រឡៅ ស្រុក​បារាយណ៍ ខេត្ត កំពង់ធំ ក្រោយពី​ទាហាន​អាម៉េរិក​បាន​ទម្លាក់​គ្រាប់បែក ទម្លាក់​ធុងសាំង ពី​យន្តហោះ​បេ​៥២​ធ្វើ​ឲ្យ​ឆេះ​ផ្ទះ​របស់លោក​អស់​និង​ឆេះ ភូមិ ទាំងមូល​ហើយ​សង្គ្រាម​បាន​រាលដាល​កាន់តែ​ធំ ។ លោកឪពុក​របស់លោក​បាន​នាំ​គ្រួសារ​ទាំងមូល​រត់​ភៀស​សឹក​បន្ត​មក​ភ្នំពេញ នៅផ្ទះ​ជួល​ជាន់​លើ​មួយកន្លែង​ក្រោយ​រោងកុន​សូរិយា​នៅ​ឆ្នាំ​១៩៧២​ដោយ​ប្រក​បរបរ​ចិញ្ចឹមជីវិត​លក់​ទឹកអំពៅ​។​ពេល​មាន​លំនឹង​ក្នុង​ជីវភាព​ប្រចាំថ្ងៃ​ហើយ​លោក​ក៏បាន​ចូលរៀន​សាលា​សន្ធរម៉ុក​នៅ​ឆ្នាំ​១៩៧៣​។​

លោក​បាន​និយាយ​ដោយ​ឈឺចាប់​និង​មាន​អារម្មណ៍​មិន សប្បាយ​ក្នុង​ចិត្ត​ថា​” ខ្ញុំ​មិន​ចូលចិត្ត​សង្គ្រាម ដោយសារ​សង្គ្រាម បាន​ដុតបំផ្លាញ​ផ្ទះ​របស់ខ្ញុំ​រហូតមកដល់​ពេលនេះ​ខ្ញុំ​នៅតែ​ឈឺចាប់​។​ពេល​បែក​ភ្នំពេញ​នៅ​ឆ្នាំ​១៩៧៥​ឪពុក​របស់ខ្ញុំ​បាន​នាំ​គ្រួសារ​ចាក​ចេញពី​ភ្នំពេញ​តាមផ្លូវ​ស្ទឹង​មាន​ជ​យ័​ដោយ​រសាត់អណ្តែត​តាមផ្លូវ​ជាតិ​លេខ​៣​យប់​ខ្លះ​ដេក​នៅ​ជាមួយ​សាកសព​ដែល​សល់​ពី​សង្គ្រាម​ទើប​បញ្ចប់​។​ធ្វើដំណើរ​អស់​ជាច្រើន​ថ្ងៃ​គ្រួសារ​របស់ខ្ញុំ​ក៏បាន​ទៅដល់​ភូមិ​ព្រែ​កតា ឌួង​ស្រុក​កោះធំ ដែលជា​ភូមិ​របស់​អ៊ំ​ខ្ញុំ​”​។​

លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ(រូបឯកសារ)

ពេលនោះ​គ្រួសារ​របស់លោក​នៅ​ភូមិ​ព្រែ​កតា​ឌួង​បាន​ប្រហែល​៦​ខែ ក៏​ត្រូវបាន​បន្តដំណើរ​តាម​រថយន្ត​ទៅដល់​ភូមិ​កំពង់​ចំបក់ ឃុំ​ព្រែ​កតា​នួ​ង ស្រុក​កោះសូទិន​ខេត្តកំពង់ចាម ដែលជា​ស្រុកកំណើត​ខាង ឪពុក​របស់លោក​។​ប្រហែលជា​៦​ខែក្រោយ​មកទៀត គេ​ក៏​បញ្ជូន​គ្រួសារ​របស់លោក​ដែល​គេ​ហៅថា​អ្នកថ្មី​(​អ្នក​១៧​មេសា​)​បន្តទៅ​ពាមជីកង​រង់ចាំ​ឡើង​ឡាន​ទាហាន​ដើម្បី​ដឹកជញ្ជូន​ឲ្យ​ទៅ​នៅ​ភូមិភាគ​ឧ​ត្ត​រ​គឺ​ភូមិ​ស្វាយ​ឃុំ​បារាយណ៍​ស្រុក​បារាយណ៍​ខេត្តកំពង់ធំ​ដែលមាន​ចម្ងាយ​ប្រមាណ​ជា​ពីរ​បី​គីឡូម៉ែត្រ​ពី​ភូមិកំណើត​របស់លោក ។​

នៅក្នុង​របប​ប៉ុព​ត​នោះ​លោក​រស់នៅក្នុង​កងកុមា​រ​ជំទង់​ដោយ​ធ្វើការ​នៅ​ទំនប់​១​មករា​និង​ពេលខ្លះ​គេ​ប្រើ​ឲ្យ​ចូល​ព្រៃ​បោច​រពាក់​មក​ធ្វើ​បង្គីរ​ជាមួយ​ចាស់ៗ​។​

ក្រោយ​ថ្ងៃ​រំដោះ​៧​មករា​ឆ្នាំ​១៩៧៩​គ្រួសារ​របស់លោក​បាន​ត្រឡប់​ទៅ រស់នៅ​ភូមិ​កំពង់​ចំបក់ ឃុំ​ព្រែ​កតា​នួ​ង​ស្រុក​កោះសូទិន​ខេត្ត កំពង់ចាម​ដែលជា​ស្រុក​ខាង​ឪពុក​រហូតដល់​ឆ្នាំ​១៩៨១​ក៏បាន​បន្តដំណើរ​មក​រស់នៅ​ភូមិ​៣​សង្កាត់​ទឹកល្អក់​(​គីឡូម៉ែត្រ​លេខ​៤)​ក្រុងភ្នំពេញ​និង​បាន​ចូលរៀន​បន្ត​ថ្នាក់​ទី​៥​នៅ​សា​លាស​ន្ទ​រ​ម៉ុក​វិញ​។​

លោក ឃួ​ង ស្រេង មាន​ឪពុក​ង្កើ​ត ឈ្មោះ ឃួ​ង អ៊​ន់ និង ម្តាយ បង្កើត​ឈ្មោះ គា​ម តាំង​ណ​យ​។​។ អ្នក​ទាំងពីរ​បានទទួល​មរណកាល បាត់អស់​ទៅហើយ ។ លោក​ឃួ​ង​ស្រេង​ជា​កូនពៅ នៅក្នុង​ចំ ណោម បង ប្អូន ប្រុស​បង្កើត​បីនាក់ ។ គ្រួសារ​របស់លោក​នៅមុន​ពេល​សង្គ្រាម​ឆ្នាំ​១៩៧០​ផ្ទុះ​ឡើងជា​គ្រួសារ​អ្នកមាន​ជីវភាព​ធូរធារ​មួយ​មាន​ចម្ការកៅស៊ូ​ជាច្រើន​ហិកតា​។​

លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនិងភរិយា(រូបឯកសារ)

​លោក ឃួ​ង ស្រេង មាន​ភរិយា​ឈ្មោះ​ជា ស៊ីណា កើត​ថ្ងៃទី​២៣​ខែ មិថុនា ឆ្នាំ​១៩៨៥​។​មុខរបរ​បច្ចុប្បន្ន អនុប្រធាន​សមាគមនារី ដើម្បី​សន្តិ ភាព​និង​អភិវឌ្ឍន៍​រាជធានី​ភ្នំពេញ ។ មានកូន​ស្រី​បីនាក់ និង កូនប្រុស ម្នាក់ ។​

លោក​ឃួ​ង​ស្រេង​ដែលមាន​រហស្សនាម​ក្រៅ​ហៅថា​ប៉េ​(P7)​ធ្វើការ​បាន​ឡើង​ឋានៈ​ជា​លំដាប់​ដោយសារ​គាត់​ជាម​ន្ត្រី​ម្នាក់​មានចិត្ត​ក្លាហាន​និង​ស្មោះត្រង់​ខ្ពស់​ចំពោះ​ថ្នាក់ដឹកនាំ​គ្រប់​ជាន់ថ្នាក់​ហើយ​និង​ធ្វើ​ការបម្រើ​ប្រជាពលរដ្ឋ​មិនដែល​គិតពី​ពេលវេលា​។​

រហស្សនាម​ប៉េ​៧​របស់លោក​ឃួ​ង ស្រេង បាន​បង្កើតឡើង​អំឡុង​ឆ្នាំ​១៩៩៦ សម្រាប់​ការហៅ​គ្នា​តាម​វិទ្យុទាក់ទង​(​អាយកូម​)​នៅ ក្នុង​ក្រុម​២២​ដោយសារ​កាលនោះ​មិនមាន​ប្រព័ន្ធ​ទូរ​សព្ទ័​ច្រើន​ដូច​ពេលនេះ ។ ក្រុម​២២ គឺជា​ក្រុមនិស្សិត​មាន​គ្នា​២២ ជា​ប្រធាន​និង អនុប្រធាន​សមាគមនិស្សិត​មកពី​សាកល​វិទ្យា​ល​យ័​និង​មហា​វិទ្យា​ល​យ័​នានា ។ និស្សិត​ទាំង​២២​នាក់ ដែល​តំណាង​ឲ្យ​និស្សិត នៅតាម​សាកល​វិទ្យា​ល​យ័​និង​មហា​វិទ្យា​ល​យ័​សុទ្ធតែ​ត្រូវ​បានដាក់​រហស្សនាម​ឲ្យ​ថា​ប៉េ គឺ​ចាប់ពី​ប៉េ​១​ឡើង​។​រហស្សនាម​ក្រុម​ប៉េ​នេះ ត្រូវបាន​ក្រុមនិស្សិត​ជំនាន់​មុន​ឆ្នាំ​២០០០​ស្គាល់​យ៉ាងច្បាស់​តែ​សព្វថ្ងៃ​មានតែ​អ្នកធ្វើការ​ខាង​កងកម្លាំង​ទេ​ដែល​នៅ​ស្គាល់​និង​ប្រើប្រាស់​រហស្សនាម​នេះ​៕សរន

 

លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនិងភរិយា(រូបឯកសារ)លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនិងភរិយា(រូបឯកសារ)