ដោយៈ គ្រញូង / បាត់ដំបងៈ កាលពីរសៀល ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២១ កម្លាំងការិយាល័យ ប្រឆាំងគ្រឿងញៀនខេត្ត បានបញ្ជូនជនសង្ស័យ ២ នាក់ និងថ្នាំញៀន ម៉ាទឹកកក ១១ ថង់ ទៅតុលាការ ក្រោយពេលកម្លាំងនគរបាលស្រុកថ្មគោល ចាប់ខ្លួនបាន នៅចំណុចភូមិឆ្កែកូន ឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង។
លោកវរសេនីយ៍ឯក ផង់ សុភាព អធិការនគរបាល ស្រុកថ្មគោល បានឲ្យដឹងថាៈ ជនសង្ស័យឈ្មោះ សេន សម្បត្តិ អាយុ ៤៦ ឆ្នាំ និងឈ្មោះ នុន សាម៉ុន អាយុ ៣៣ ឆ្នាំ ។ បុរសទាំងពីរនាក់នេះ មានលំនៅ នៅភូមិឆ្កែកូន ឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង ។ វត្ថុតាងដែលចាប់យកបាន រួមមានៈ -ម្សៅក្រាមពណ៌សថ្លា ច្រកក្នុងថង់ប្លាស្ទិក ចំនួន ១១ ថង់ ទម្ងន់ ៤,៩៥ ក្រាម (ទាំងសំបក) សង្ស័យថា មានសារធាតុញៀន ប្រភេទមេតំហ្វេតាមីន ម៉ាទឹកកក ICE -អំពូលទែម៉ូម៉ែត្រ សម្រាប់ជក់គ្រឿងញៀន ចំនួន២ -ដែកកេះចំនួន២ ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន ១ -ទូរស័ព្ទចំនួន ៤ គ្រឿង និងដប សម្រាប់ច្នៃជក់គ្រឿងញៀន ចំនួន១។ បន្ទាប់ពីបានស្រាវជ្រាវ រួចមកសមត្ថកិច្ចនគរបាល បានបញ្ជូនជនសង្ស័យ និងវត្ថុតាងមក កាន់ការិយាល័យជំនាញ នៅស្នងការដ្ឋាន ដើម្បីចាត់ការបន្ត តាមផ្លូវច្បាប់៕/V