ដោយៈបញ្ញាសាស្ត្រ/ភ្នំពេញៈធនាគារជាតិនៃកម្ពុជា បានរៀបចំពិធីសំណេះសំណាលជាមួយសិក្ខាកាមកម្មវិធីបណ្តុះបណ្តាល NBC-FSI Connect ដែលបានបញ្ចប់វគ្គសិក្សាកម្រិតខ្ពស់ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោក ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជាកាលពីព្រឹកថ្ងៃទី៩ខែកុម្ភៈនេះ។
វគ្គសិក្សា NBC-FSI Connectជាវគ្គបណ្តុះបណ្តាលតាមប្រព័ន្ធអនឡាញរបស់វិទ្យាស្ថានស្ថិរភាពហិរញ្ញវត្ថុអន្តរជាតិនៃធនាគារសម្រាប់ ការទូទាត់អន្តរជាតិ (BIS) ក្នុងកម្មវិធីអភិវឌ្ឍន៍សមត្ថភាពធនធានមនុស្ស ផ្នែកត្រួតពិនិត្យធនាគារ។ ក្រោមការផ្តួចផ្តើមរបស់លោក ទេសាភិបាលធនាគារជាតិនៃកម្ពុជា។
វគ្គបណ្តុះបណ្តាលនេះត្រូវបានរៀបចំឡើងសម្រាប់មន្ត្រី-បុគ្គលិកធនាគារជាតិនៃកម្ពុជាចាប់ពីឆ្នាំ២០១៥មកក្នុងគោលបំណងធ្វើ ឯកទេសកម្មផ្នែកត្រួតពិនិត្យធនាគារ ដើម្បីឆ្លើយតបទៅតាមការប្រែប្រួលនៃនិម្មាបនកម្មហិរញ្ញវត្ថុនិងនិយាមអន្តរជាតិ និងសម័យកាលរីកចម្រើននៃប្រព័ន្ធធនាគារនាពេលបច្ចុប្បន្ន។ រហូតដល់បច្ចុប្បន្ន មន្ត្រី-បុគ្គលិកធនាគារជាតិនៃកម្ពុជាសរុបចំនួន ៣០៣រូប បានចូលរួមវគ្គសិក្សា NBC-FSI Connect ដែលក្នុងនោះសិក្ខាកាម ១១៦រូបបានបញ្ចប់ការសិក្សាកម្រិតបឋម, ៤១រូបបានបញ្ចប់កម្រិតមធ្យម និង៣៦រូបបានបញ្ចប់កម្រិតខ្ពស់។
ថ្លែងទៅកាន់សិក្ខាកាមលោកជាចាន់តូទេសាភិបាលធនាគារជាតិនៃកម្ពុជាបានអបអរសាទរនិងវាយតម្លៃខ្ពស់ចំពោះមន្ត្រី-បុគ្គលិកដែលបញ្ចប់កម្រិតខ្ពស់នៃកម្មវិធីបណ្តុះបណ្តាល NBC-FSI Connect ដែលបន្តខិតខំប្រឹងប្រែងក្នុងការអភិវឌ្ឍសមត្ថភាពផ្ទាល់ខ្លួន និងសម្រេចបានលទ្ធផលដ៏ល្អប្រសើរនេះ។លោកទេសាភិបាលបានលើកឡើងថាការរៀនសូត្រទ្រឹស្តីគឺជាត្រីវិស័យមួយសម្រាប់ការអនុវត្តការងារជាក់ស្តែង ហើយទ្រឹស្តីនិងការអនុវត្តជាក់ស្តែងត្រូវដើរទន្ទឹមគ្នា ដើម្បីអាចសម្រេចបានការងារប្រកបដោយប្រសិទ្ធភាព។ ឯកឧត្តម ទេសាភិបាល ក៏មានមតិផ្តាំផ្ញើសិក្ខាកាមទាំងអស់ឱ្យបន្តខិតខំរៀតសូត្រ អភិវឌ្ឍន៍ជំនាញ តាមរយៈការស្វ័យសិក្សាស្រាវជ្រាវ ដកស្រង់និងផ្លាស់ប្តូរបទពិសោធន៍ជាមួយរៀមច្បងឬតាមរយៈកម្មវិធីបណ្តុះបណ្តាលផ្សេងៗព្រមទាំងប្រើប្រាស់ជំនាញនេះឱ្យចំទិសដៅនិងមានប្រសិទ្ធភាព ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ។
គួរបញ្ជាក់ថា នេះគឺជាលើកទី១ ដែលធនាគារជាតិនៃកម្ពុជាបានរៀបចំពិធីសំណេះសំណាលជាមួយសិក្ខាកាមកម្មវិធីបណ្តុះបណ្តាល NBC-FSI Connect ដែលបានបញ្ចប់កម្រិតខ្ពស់ចំនួន៣៦រូប ក្នុងនោះស្នាក់ការកណ្តាលមាន ២៩រូប និងសាខារាជធានី-ខេត្ត ៧រូប។ ធនាគារជាតិនៃកម្ពុជាតែងតែយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍធនធានមនុស្សជាប្រចាំ ដើម្បីពង្រឹងប្រសិទ្ធភាពការងាររបស់មន្ត្រី-បុគ្គលិក។ ទន្ទឹមនេះ ធនាគារជាតិនៃកម្ពុជា គ្រោងរៀបចំការប្រឡងទទួលងារជាអធិការ តាមរយៈការវាយតម្លៃពីជំនាញការបរទេស ដើម្បីធានាបាននូវគុណភាព ប្រសិទ្ធភាព និងតម្លាភាព៕សរន